សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោកនឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់ទីក្រុងមូស្គូ ក្នុងកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃអាទិត្យ លោក គីម បានពិភាក្សាអំពីស្ថានភាពនយោបាយអន្តរជាតិ និងបានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងសមរភូមិនៅតំបន់ Kursk ប្រទេសរុស្ស៊ី។ តំបន់នេះគឺជាទីតាំងដែលកងកម្លាំងអ៊ុយក្រែនបានវាយលុកចូលកាលពីឆ្នាំ២០២៤។ តាមប្រភពពីមន្ត្រីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ ១៤,០០០នាក់ ទៅជួយរុស្ស៊ី ក្រោយប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ ក្នុងចំណោមនោះ បើតាមរបាយការណ៍ដដែល មានទាហានកូរ៉េខាងជើងជាង ៦,០០០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នា។

ក្រៅពីកិច្ចពិភាក្សាផ្នែកយោធា លោក គីម ក៏បានជួបជាមួយលោក Vyacheslav Volodin ប្រធានសភារុស្ស៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅស្របតាម «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានផ្ញើសារលិខិតអបអរសាទរចំពោះចំណងមិត្តភាពនេះផងដែរ ដោយសង្កត់ធ្ងន់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រទេសទាំងពីរនឹងបន្តពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែរឹងមាំថែមទៀត។

មេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានឆ្លៀតឱកាសលើកតម្កើងវីរភាពកងទ័ពរបស់លោក ដែលបានប្រយុទ្ធនៅតំបន់ Kursk ឱ្យទៅជានិមិត្តរូបនៃភាពស្មោះត្រង់ និងការលះបង់ដ៏ខ្ពង់ខ្ពស់។ ក្នុងសារលិខិតសរសេរដោយដៃ លោក គីម បានរៀបរាប់ថា៖ «វិញ្ញាណក្ខន្ធរបស់អ្នកដែលបានដួលរលំ នឹងស្ថិតនៅជាអមតៈជាមួយនឹងកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងការការពារជាតិ»។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters