[ទីក្រុងប្រាស៊ីលីយ៉ា]៖ លោក Dario Durigan អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល បានលើកឡើងកាលពីថ្ងៃសុក្រថា ច្បាប់គ្រប់គ្រងរ៉ែសំខាន់ៗដែលកំពុងរៀបចំឡើង នឹងមិនមានការផ្តល់ការបន្ធូរបន្ថយពន្ធថ្មីនោះទេ។ លោកបញ្ជាក់ថា គោលដៅចម្បងគឺដើម្បីធានា អធិបតេយ្យភាពជាតិ និង ការបង្កើនតម្លៃបន្ថែម តាមរយៈការកែច្នៃរ៉ែនៅក្នុងស្រុក។ លោក Durigan ដែលទើបទទួលបន្ទុកការងារកាលពីខែមុន បានប្រាប់ភ្នាក់ងាររ៉យទ័រថា វិស័យរ៉ែសំខាន់ៗនឹងក្លាយជាអាទិភាពក្នុងការដេញថ្លៃនាខែឧសភា ឬមិថុនាខាងមុខ ក្រោមកម្មវិធី Eco Invest ដែលជាកម្មវិធីផ្តល់ហិរញ្ញប្បទានចម្រុះដើម្បីទាក់ទាញវិនិយោគិនបរទេស។

ទោះបីជាបច្ចុប្បន្ន ប្រេស៊ីលជាអ្នកផលិតក្នុងបរិមាណតិចតួច ប៉ុន្តែប្រទេសនេះមានសក្តានុពលខ្ពស់ដោយសារមាន ទុនបម្រុងរ៉ែសំខាន់ៗយ៉ាងច្រើន ដែលជាវត្ថុធាតុដើមគន្លឹះសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងព្យាយាមបញ្ចូលក្រុមហ៊ុនរុករករ៉ែរបស់ប្រេស៊ីលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីកាត់បន្ថយឥទ្ធិពលគ្រប់គ្រងរបស់ចិនលើវិស័យនេះ។

លោក Durigan បានសង្កត់ធ្ងន់ថា ការលើកទឹកចិត្តផ្នែកពន្ធខ្នាតធំគឺមិនចាំបាច់ឡើយសម្រាប់វិស័យនេះ ដោយសារ បណ្តាប្រទេសសេដ្ឋកិច្ចធំៗកំពុងស្វែងរកភាពជាដៃគូជាមួយប្រេស៊ីលរួចជាស្រេច។ គម្រោងជាច្រើនកំពុងទាក់ទាញការវិនិយោគដោយមិនចាំបាច់មានការបន្ធូរបន្ថយពន្ធពីរដ្ឋាភិបាល។ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រតាមរយៈកម្មវិធី Eco Invest ក្នុងទម្រង់ជាការឧបត្ថម្ភធនដែលមានដែនកំណត់ និងជាយុទ្ធសាស្ត្របំផុត។

ដោយឡែក លោក Marcio Rosa រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលមិនមានគម្រោងបង្កើតក្រុមហ៊ុនរដ្ឋដើម្បីគ្រប់គ្រងរ៉ែសំខាន់ៗនោះទេ ប៉ុន្តែនឹងជំរុញឱ្យសភាអនុម័តបទប្បញ្ញត្តិត្រួតពិនិត្យវិស័យនេះឱ្យបានឆាប់រហ័ស។ នៅក្នុងកិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន លោក Durigan បានលើកឡើងថា ប្រេស៊ីលកំពុងដើរតួយ៉ាងសកម្មក្នុងការជួយស្តារទំនាក់ទំនងរបស់ វេណេស៊ុយអេឡា ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

លោកជឿជាក់ថា ការបើកផ្លូវឱ្យវេណេស៊ុយអេឡាទទួលបានហិរញ្ញប្បទានឡើងវិញ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ គឺជាផលប្រយោជន៍រួមទាំងសម្រាប់តំបន់ និងវិនិយោគិនអាស៊ី។ លោកបន្ថែមថា នៅពេលវេណេស៊ុយអេឡាមានឱកាសវិនិយោគថ្មីៗ ក្រុមហ៊ុនប្រេស៊ីលក៏នឹងចូលរួមចំណែកផងដែរ។ ជាចុងក្រោយ លោក Durigan បានឱ្យដឹងថា រដ្ឋាភិបាលនឹងប្រកាសវិធានការថ្មីដើម្បីគ្រប់គ្រង ទីផ្សារព្យាករណ៍ដែលកំពុងរីកដុះដាលខ្លាំង ប៉ុន្តែនៅស្ថិតក្នុង "តំបន់ប្រផេះ" (ខ្វះច្បាប់ច្បាស់លាស់) នៅឡើយ។ រដ្ឋាភិបាលត្រូវការបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិមួយដែលច្បាស់លាស់ ដោយបែងចែកឱ្យដាច់រវាងច្បាប់ល្បែងស៊ីសងតាមអនឡាញ និងច្បាប់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយតម្លាភាព។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters