[ណៃរ៉ូប៊ី]៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបើកហួសផ្លូវរត់ និងជ្រុលទៅបុកគុម្ពោតព្រៃ នៅឯអាកាសយានដ្ឋានដាច់ស្រយាលមួយ នាភាគឦសាននៃប្រទេសកេនយ៉ា កាលពីម្សិលមិញ។ ជាភ័ព្វសំណាង មនុស្សទាំង ៣៦ នាក់នៅលើយន្តហោះ មិនបានរងរបួសនោះទេ។ យន្តហោះប្រភេទ Embraer របស់ក្រុមហ៊ុនអាកាសចរណ៍ EBB Air បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta ក្នុងទីក្រុងណៃរ៉ូប៊ី កាលពីម៉ោង ៦:៥៦ នាទីព្រឹក ដោយដឹកអ្នកដំណើរ ៣២ នាក់ និងនាវិក ៤ នាក់។

តាមប្រភពពីមន្ត្រីអាកាសចរណ៍បានឱ្យដឹងថា នៅពេលចុះចតដល់អាកាសយានដ្ឋាន Mandera នាវេលាម៉ោងប្រហែល ៨:៣០ នាទីព្រឹក យន្តហោះបានរអិលជ្រុលចេញពីផ្លូវរត់ ចូលទៅក្នុងព្រៃយ៉ាងជ្រៅ។ រូបភាពដែលចែកចាយលើបណ្តាញសង្គមបង្ហាញថា តួខ្លួនយន្តហោះស្ទើរតែទាំងមូលបានកប់នៅក្នុងគុម្ពោតព្រៃ ដោយនៅសល់តែផ្នែកកន្ទុយប៉ុណ្ណោះដែលមើលឃើញ។ ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់បានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរូបភាពទាំងនោះនៅឡើយទេ។

ប្រភពដដែលបានបញ្ជាក់ថា មនុស្សគ្រប់គ្នាត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយយើងកំពុងរង់ចាំអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះ។ ដោយឡែក សារព័ត៌មានក្នុងស្រុក Daily Nation ក៏បានស្រង់សម្តីមេបញ្ជាការប៉ូលីសខោនធី Mandera ដោយបញ្ជាក់ដែរថា អ្នកដំណើរទាំងអស់ពិតជាមានសុវត្ថិភាព។

សូមបញ្ជាក់ថា អាកាសយានដ្ឋាន Mandera ដែលស្ថិតនៅក្បែរព្រំដែនប្រទេសសូម៉ាលី និងអេត្យូពី ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ជើងហោះហើរមនុស្សធម៌ ដើម្បីដឹកជញ្ជូនជំនួយទៅកាន់ជំរំជនភៀសខ្លួនសូម៉ាលី ក៏ដូចជាសម្រាប់ជើងហោះហើរជួល របស់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញ។ ក្រុមហ៊ុន EBB Air គឺជាប្រតិបត្តិករហោះហើរក្នុងស្រុក ដែលផ្តោតសំខាន់លើផ្លូវហោះហើររវាងទីក្រុង Nairobi និងខោនធី Mandera នេះតែម្តង៕

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters