ប្រទេស Norway បានប្រកាសនៅថ្ងៃសុក្រថា នឹងដាក់សេចក្តីព្រាងច្បាប់ចូលរដ្ឋសភាមុនចុងឆ្នាំនេះ ដើម្បីហាមឃាត់កុមារក្រោមអាយុ ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម និងកំណត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់។

វិធានការនេះកើតឡើង ខណៈប្រទេសអឺរ៉ុបជាច្រើនកំពុងព្យាយាមគ្រប់គ្រងការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ បន្ទាប់ពី Australia បានអនុវត្តការហាមឃាត់សម្រាប់អ្នកក្រោមអាយុ ១៦ ឆ្នាំ ជាលើកដំបូងក្នុងពិភពលោក កាលពីខែធ្នូឆ្នាំមុន។
នាយករដ្ឋមន្ត្រី Jonas Gahr Støre បានមានប្រសាសន៍ថា ការដាក់ច្បាប់នេះមានគោលបំណងរក្សាវ័យកុមារភាពឱ្យកុមាររស់នៅយ៉ាងធម្មតា ដោយមិនឱ្យអាល់ហ្គរីធម៍ និងអេក្រង់ គ្រប់គ្រងលើការលេង ការបង្កើតមិត្តភាព និងជីវិតប្រចាំថ្ងៃ។ លោកបន្ថែមថា វាជាវិធានការសំខាន់មួយក្នុងការពារជីវិតឌីជីថលរបស់កុមារ។ រដ្ឋាភិបាលមិនទាន់បញ្ជាក់ថា កម្មវិធីណាខ្លះនឹងត្រូវគោលដៅនោះទេ ប៉ុន្តែគំរូពី Australia រួមមានកម្មវិធីដូចជា Instagram, Facebook, TikTok, Snapchat, YouTube និង X។
រដ្ឋាភិបាលគណបក្សការងារប្រទេសន័រវែសបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនរដ្ឋសភាមុនចុងឆ្នាំ ២០២៦។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters