[ណៃរ៉ូប៊ី]៖ គណៈកម្មការស៊ើបអង្កេតដែលតែងតាំងដោយរដ្ឋាភិបាល បានប្រកាសកាលពីម្សិលមិញថាមនុស្សយ៉ាងហោចណាស់ ៥១៨ នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដែលបានផ្ទុះឡើង កាលពីអំឡុងការបោះឆ្នោតនៅប្រទេសតង់ហ្សានី កាលពីខែតុលាឆ្នាំមុន។ នេះគឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូងបង្អស់ អំពីទំហំនៃភាពចលាចលដ៏សាហាវមួយនេះ។
ទោះជាយ៉ាងណា របាយការណ៍របស់គណៈកម្មការនេះបានធ្វើឱ្យក្រុមអ្នកប្រឆាំងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែការសន្និដ្ឋានបានទម្លាក់កំហុសទាំងស្រុងទៅលើក្រុមអ្នកតវ៉ា។ កាលពីឆ្នាំមុន ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា មនុស្សរាប់រយនាក់បានបាត់បង់ជីវិត ដោយសារជម្លោះដែលបង្កឡើងដោយការរារាំងបេក្ខភាពនាំមុខរបស់គណបក្សប្រឆាំង មិនឱ្យចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងសភា។ ដោយឡែក គណបក្សប្រឆាំងដ៏សំខាន់បានអះអាងថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនឡើងដល់រាប់ពាន់នាក់។

កន្លងមក អាជ្ញាធរតង់ហ្សានីតែងតែបដិសេធមិនធ្វើអត្ថាធិប្បាយលើតួលេខអ្នកស្លាប់ ដោយរង់ចាំរបាយការណ៍ពីគណៈកម្មការដែលបង្កើតឡើងដោយលោកស្រីប្រធានាធិបតី Samia Suluhu Hassan កាលពីខែវិច្ឆិកា។ ក្នុងពិធីប្រគល់របាយការណ៍ លោក Mohamed Chande Othman ប្រធានគណៈកម្មការ បានលើកឡើងថា តួលេខនេះអាចនៅមានកម្រិតទាបជាងការពិត ដោយសារការលំបាកក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ លោកមិនបានដាក់កំហុសលើកងកម្លាំងអនុវត្តច្បាប់នោះទេ ប៉ុន្តែបានផ្តល់អនុសាសន៍ឱ្យបង្កើត គណៈកម្មការស៊ើបអង្កេតព្រហ្មទណ្ឌ ដើម្បីពិនិត្យលើករណីជាក់លាក់នានា។ លោកអះអាងថាមាន ភស្តុតាងដែលមិនអាចប្រកែកបាន ថាអំពើហិង្សានេះត្រូវបានរៀបចំទុកជាមុន និងមានការឧបត្ថម្ភថវិកាដោយ "អ្នកជំនាញ" តាមរយៈការប្រើប្រាស់យុវជនដែលអស់សង្ឃឹមឱ្យបង្កចលាចល។
លោកស្រីប្រធានាធិបតី Hassan ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រជិត ៩៨% បានចោទប្រកាន់ថា ការតវ៉ានេះគឺជា "ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល" ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីបរទេស ទោះបីជាលោកស្រីមិនបានបង្ហាញភស្តុតាងជាក់ស្តែងក៏ដោយ។ លោកស្រីបានបញ្ជាក់ថា របាយការណ៍នេះគឺជា ទ្រព្យសម្បត្តិរបស់ប្រធានាធិបតី ហើយមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈភ្លាមៗនោះទេ។

ចំណែកគណបក្សប្រឆាំងដ៏សំខាន់ CHADEMA បានទាត់ចោលលទ្ធផលនេះភ្លាមៗ ដោយលើកឡើងថា រដ្ឋាភិបាលដែលរងការចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើហិង្សា មិនអាចស៊ើបអង្កេតកំហុសរបស់ខ្លួនឯងបានឡើយ។ ទោះបីជាគណៈកម្មការមិនបានទម្លាក់កំហុសលើសមត្ថកិច្ច ប៉ុន្តែលោក Chande បានទទួលស្គាល់ថាមានរបាយការណ៍ស្តីពីការបាញ់សម្លាប់មនុស្សនៅក្នុងផ្ទះ និងហាងទំនិញ។ នេះស្របទៅនឹងការស៊ើបអង្កេតរបស់ភ្នាក់ងារព័ត៌មាន Reuters ដែលបានរកឃើញថា ប៉ូលីសបានបាញ់សម្លាប់យុវជនគ្មានអាវុធជាងដប់នាក់នៅឯហាងកាហ្វេមួយក្នុងទីក្រុង Mwanza ដែលជាទីតាំងនៅឆ្ងាយពីកន្លែងតវ៉ា។ រដ្ឋាភិបាលតង់ហ្សានីបានការពារខ្លួនដោយនិយាយថា ការចោទប្រកាន់អំពីការប្រើប្រាស់កម្លាំងហួសហេតុរបស់សមត្ថកិច្ច គឺជាព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ និងគ្មានមូលដ្ឋានច្បាស់លាស់។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters