[ទីក្រុងអង់ការ៉ា]៖ កាលពីថ្ងៃទី២២ មេសា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រាប់អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte ក្នុងជំនួបនៅទីក្រុងអង់ការ៉ាថា តួកគីកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្តារកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនឡើងវិញ ក្នុងគោលបំណងនាំមេដឹកនាំនៃភាគីជម្លោះទាំងពីរមកអង្គុយតុចរចាជាមួយគ្នា។
កាលពីថ្ងៃពុធកន្លងទៅ ទីក្រុងកៀវបានបញ្ជាក់ថា ខ្លួនបានស្នើសុំឱ្យតួកគី ដែលជាសមាជិកដ៏សំខាន់មួយរបស់ NATO ជួយរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី។ គួររំលឹកថា ទីក្រុងអង់ការ៉ាបានរក្សាទំនាក់ទំនងល្អជាមួយទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ ចាប់តាំងពីសង្គ្រាមឈ្លានពានទ្រង់ទ្រាយធំបានចាប់ផ្តើមក្នុងឆ្នាំ ២០២២។
នៅក្នុងកិច្ចប្រជុំនោះ លោក Erdogan បានសង្កត់ធ្ងន់ថា តួកគីបានចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកសម្រុះសម្រួលដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនតាមផ្លូវសន្តិភាព និងជំរុញឱ្យមានការចរចានៅកម្រិតមេដឹកនាំ។ លោកបានប្រាប់លោក Rutte ថា ការរក្សាទំនាក់ទំនងអន្តរអាត្លង់ទិកគឺជារឿង មិនអាចខ្វះបាន ប៉ុន្តែលោកក៏រំពឹងថា សម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប គួរតែទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខរួមក្នុងតំបន់។

បន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Erdogan ក៏បានបន្តការពិភាក្សាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ផងដែរ។ លោកបានលើកឡើងនូវចំណុចសំខាន់ៗថា លោកបានព្រមានថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងចាប់ផ្តើមធ្វើឱ្យអឺរ៉ុបចុះខ្សោយ។ ប្រសិនបើមហាអំណាចពិភពលោកមិនមានអន្តរាគមន៍តាមរយៈ វិធីសាស្ត្រតម្រង់ទិសសន្តិភាពទេនោះ ការខូចខាតពីជម្លោះនេះនឹងកាន់តែរីករាលដាលខ្លាំង។ លោក Erdogan បានបញ្ជាក់ថា តួកគីកំពុងស្វែងរកសន្តិភាពយូរអង្វែងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាព្យាយាមសម្រុះសម្រួលក្នុងបញ្ហាអ៊ីរ៉ង់ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Erdogan បានរំលឹកថា តួកគីដែលមានព្រំដែនជាប់ជាមួយអ៊ីរ៉ង់ បានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ចប់សង្គ្រាម។ កាលពីចុងសប្តាហ៍មុន តួកគីក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាការទូតមួយដោយមានការចូលរួមពីគណៈប្រតិភូគ្រប់ភាគី និងកំពុងបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ្នកសម្រុះសម្រួលប៉ាគីស្ថានដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters