ក្រុមប្រឹក្សាសាលារៀននៅទីក្រុង Los Angeles បានអនុម័តវិធានការថ្មីមួយ ដើម្បីគ្រប់គ្រងពេលវេលាប្រើscreen timeរបស់សិស្សក្នុងអំឡុងម៉ោងសិក្សា បន្ទាប់ពីមានការព្រួយបារម្ភកើនឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាច្រើនពេកអាចប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្ត។

វិធានការនេះត្រូវបានអនុម័តដោយសាលា Los Angeles Unified School District ដែលជាសាលាធំទីពីរនៅសហរដ្ឋអាមេរិក ដោយលទ្ធផលបោះឆ្នោត 6 សំឡេងគាំទ្រ និងមិនមានអ្នកប្រឆាំង (មានម្នាក់មិនចូលរួមបោះឆ្នោត)។ វាបានធ្វើឲ្យសាលានេះក្លាយជាមួយក្នុងចំណោមស្ថាប័នដំបូងៗដែលរៀបចំគោលការណ៍កំណត់ពេលប្រើអេក្រង់តាមកម្រិតថ្នាក់ជាលក្ខណៈទូទាំងប្រព័ន្ធ។  សមាជិកក្រុមប្រឹក្សា លោក Nick Melvoin បានឲ្យដឹងថា វិធានការនេះបន្ថែមលើគោលនយោបាយហាមប្រើទូរស័ព្ទដែលបានអនុវត្តនៅឆ្នាំ 2024 ហើយមានគោលបំណងធ្វើឲ្យ Los Angeles ក្លាយជាគំរូជាតិនៅវិស័យគ្រប់គ្រងការប្រើបច្ចេកវិទ្យាក្នុងសាលារៀន។

អ្នកគាំទ្រនិយាយថា គោលនយោបាយនេះត្រូវបានរៀបចំឡើងដើម្បីរកតុល្យភាពរវាងតម្រូវការបង្រៀនបែបឌីជីថល និងការពារសិស្សពីផលប៉ះពាល់អវិជ្ជមាន ដូចជា ការខ្វះការផ្តោតអារម្មណ៍ និងការអភិវឌ្ឍសង្គម។  ចាប់តាំងពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងឆ្នាំ 2020 សាលានេះដែលមានសិស្សប្រមាណកន្លះលាននាក់ បានពឹងផ្អែកយ៉ាងខ្លាំងលើកុំព្យូទ័រ និងថេប្លេតក្នុងការបង្រៀន។

យោងតាម American Academy of Pediatrics ការប្រើ screen time លើសកំណត់អាចបណ្តាលឲ្យមានបញ្ហាច្រើនដូចជា បញ្ហាចក្ខុវិស័យ ការថប់បារម្ភ និងធ្លាក់ទឹកចិត្ត អាកប្បកិរិយាញៀន ការផ្តោតអារម្មណ៍ទាប ការគ្រប់គ្រងអារម្មណ៍លំបាក លទ្ធផលសិក្សាថយចុះ និងសមត្ថភាពគិតវិភាគខ្សោយ។

ការស្រាវជ្រាវក៏បង្ហាញថា កុមារអាយុចន្លោះ 8 ដល់ 11 ឆ្នាំ ដែលប្រើ screen time លើសពីការណែនាំ មានហានិភ័យខ្ពស់ក្នុងការធាត់ និងទទួលបានពិន្ទុទាបក្នុងការវាស់វែងសមត្ថភាពគិត។  ទោះយ៉ាងណា វិធានការនេះមិនទាន់ហាមឃាត់ឧបករណ៍ឌីជីថលភ្លាមៗ ឬកំណត់ពេលជាក់លាក់ទេ ប៉ុន្តែបានណែនាំឲ្យបុគ្គលិកសាលារៀបចំគោលការណ៍សមស្របតាមអាយុ ដោយមានការចូលរួមពីគ្រូបង្រៀន អាណាព្យាបាល និងអ្នកជំនាញសុខភាពសាធារណៈ។  ជាមួយគ្នានេះ មានអ្នកមួយចំនួនព្រមានថា ការកំណត់ពេលប្រើ screen time ត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីមិនប៉ះពាល់ដល់សិស្សដែលមានពិការភាព ដែលត្រូវពឹងផ្អែកលើបច្ចេកវិទ្យាសម្រាប់ការសិក្សា។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters