[ទីក្រុងឡុងដ៍]៖ ក្រុមអ្នករៀបចំផែនការយោធាមកពីជាង ៣០ ប្រទេស ចាប់ផ្តើមបើកកិច្ចពិភាក្សារយៈពេល ២ ថ្ងៃនៅទីក្រុងឡុងដ៍ ចាប់ពីថ្ងៃពុធនេះ ដើម្បីរៀបចំផែនការលម្អិតសម្រាប់បេសកកម្មបើកច្រកសមុទ្រ Hormuz ឡើងវិញ។

រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា កាលពីសប្តាហ៍មុន មានប្រទេសជាង ១០ បានបង្ហាញឆន្ទៈចូលរួមក្នុងបេសកកម្មអន្តរជាតិថ្មីមួយ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ក្នុងគោលបំណងការពារសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz នៅពេលដែលស្ថានភាពអំណោយផល។ ការប្តេជ្ញាចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមវីដេអូដែលមានការចូលរួមពីប្រទេសចំនួន ៥០ មកពីតំបន់អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា ដើម្បីផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថាលោកមិនត្រូវការជំនួយពីសម្ព័ន្ធមិត្តឡើយ។

ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំនាថ្ងៃពុធនេះ នឹងបន្តពង្រឹងលទ្ធផលដែលសម្រេចបានកាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បងក្នុងរយៈពេល ២ ថ្ងៃនេះ គឺការបំប្លែងការយល់ស្របផ្នែកការទូត ឱ្យទៅជាផែនការសកម្មភាពរួម ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងគាំទ្រដល់បទឈប់បាញ់រយៈពេលវែង។

លោកបានបន្ថែមថា លោកជឿជាក់លើវឌ្ឍនភាពពិតប្រាកដនៃកិច្ចពិភាក្សានេះ ដែលនឹងឈានទៅរកការដាក់ពង្រាយកម្លាំងយោធា ដើម្បីបើកច្រកសមុទ្រឡើងវិញភ្លាមៗ ក្រោយពេលមានបទឈប់បាញ់ប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ អ្នកចូលរួមរំពឹងថានឹងជជែកដេញដោលលើបញ្ហាបច្ចេកទេស រួមមានសមត្ថភាពយោធា រចនាសម្ព័ន្ធបញ្ជាការ និងយុទ្ធសាស្ត្រដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់គោលដៅ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters