[តូក្យូ]៖ អាជ្ញាធរជប៉ុនបានសម្រេចបន្ថយកម្រិតប្រកាសអាសន្នពីរលកយក្សស៊ូណាមិ មកត្រឹមជាការប្រុងប្រយ័ត្នវិញ កាលពីយប់ថ្ងៃចន្ទ ទី២០ ខែមេសា ក្រោយពីគ្រោះរញ្ជួយដីកម្លាំង ៧.៧ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគឦសាន។ រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងគ្រោះ ឬការខូចខាតធ្ងន់ធ្ងរភ្លាមៗនៅឡើយទេ។

ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤:៥៣ នាទីល្ងាច (ម៉ោងក្នុងតំបន់) ដែលដំបូងឡើយគេបារម្ភថាអាចបង្កជាមានរលកយក្សកម្ពស់ដល់ ៣ ម៉ែត្រ។ ទោះជាយ៉ាងណា ពីរម៉ោងក្រោយមក គេសង្កេតឃើញរលកមានកម្ពស់ខ្ពស់បំផុតត្រឹម ៨០ សង់ទីម៉ែត្រប៉ុណ្ណោះ។ លោក Minoru Kihara អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពទូទៅនៅតែស្ថិតក្រោមការគ្រប់គ្រង។

ទូរទស្សន៍ NHK បានរាយការណ៍ថា ទីក្រុងជាប់មាត់សមុទ្រមួយចំនួនដូចជា Otsuchi និង Kamaishi (ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរកាលពីឆ្នាំ២០១១) បានបង្គាប់ឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសខ្លួនជាបណ្ដោះអាសន្ន។ ខណៈពេលជាមួយគ្នា សេវាកម្មរថភ្លើងល្បឿនលឿន (Shinkansen) និងផ្លូវល្បឿនលឿនមួយចំនួនត្រូវបានផ្អាកដំណើរការដើម្បីត្រួតពិនិត្យសុវត្ថិភាព។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានថា ហានិភ័យនៃការកើតមានរញ្ជួយដីកម្រិតធំ (ចាប់ពី ៨ រ៉ិចទ័រឡើងទៅ) នៅតាមបណ្ដោយបាតសមុទ្រ Japan Trench និង Kuril Trench អាចនឹងកើនឡើងដល់ ១% ក្នុងអំឡុងសប្តាហ៍នេះ (កើនពីកម្រិតធម្មតា ០.១%)។ មន្ត្រីរដ្ឋាភិបាលបានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈការពារជីវិតដោយខ្លួនឯង។

ការរញ្ជួយដីនេះស្ថិតក្នុងកម្រិត ៥ នៃមាត្រដ្ឋានជប៉ុន ដែលអាចធ្វើឱ្យមនុស្សពិបាកដើរ និងបង្កឱ្យសំណង់ជញ្ជាំងមិនរឹងមាំអាចដួលរលំបាន។ ក្រុមហ៊ុនថាមពលអគ្គិសនី Hokkaido និង Tohoku បានរាយការណ៍ថា មិនមានភាពមិនប្រក្រតីណាមួយកើតឡើងចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់រងផលប៉ះពាល់នោះទេ។

ជប៉ុនស្ថិតនៅក្នុងតំបន់ "ខ្សែក្រវាត់ភ្លើង" ដែលជាតំបន់សម្បូរទៅដោយភ្នំភ្លើងនិងការរញ្ជួយដីខ្លាំងជាងគេលើពិភពលោក។ ប្រទេសនេះបានស្រូបយកប្រហែល ២០% នៃរញ្ជួយដីកម្លាំងលើសពី ៦.០ រ៉ិចទ័រ ដែលកើតឡើងលើសកលលោកទាំងមូល។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters