[ទីក្រុងណៃរ៉ូប៊ី]៖ កាលពីថ្ងៃទី២០ ខែមេសា គណបក្សនយោបាយដ៏មានឥទ្ធិពលបំផុតនៅតំបន់ Tigray បានប្រកាសគ្រងអំណាចក្នុងរដ្ឋាភិបាលក្នុងតំបន់ឡើងវិញ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលសហព័ន្ធអេត្យូពី ដែលធ្លាប់បានបញ្ចប់សង្គ្រាមស៊ីវិលដ៏សាហាវបំផុតមួយក្នុងសតវត្សរ៍នេះ។

រណសិរ្សរំដោះប្រជាជន Tigray (TPLF) បានបញ្ចេញសេចក្តីថ្លែងការណ៍តាម Facebook កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធថាបានរំលោភលើ "កិច្ចព្រមព្រៀង Pretoria" (កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរយៈពេល ២ ឆ្នាំ)។ TPLF បានអះអាងថា រដ្ឋាភិបាលកណ្តាលបាន បង្កជម្លោះប្រដាប់អាវុធឡើងវិញ និងកាត់ផ្តាច់ប្រាក់បៀវត្សរ៍មន្ត្រីរាជការក្នុងតំបន់ និងពង្រីកអាណត្តិប្រធានរដ្ឋបាលបណ្តោះអាសន្នដោយឯកតោភាគី។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហព័ន្ធកំពុងរុញច្រានឱ្យមានសង្គ្រាមបង្ហូរឈាមម្តងទៀត។

ជាការឆ្លើយតប លោក Getachew Reda ប្រធានរដ្ឋបាលបណ្តោះអាសន្នតំបន់ Tigray (ដែលត្រូវបាន TPLF ដកចេញពីបក្សកាលពីឆ្នាំមុន) បានបង្ហោះលើបណ្តាញសង្គម X ថា សេចក្តីថ្លែងការណ៍របស់ TPLF គឺជា ការបដិសេធយ៉ាងច្បាស់ក្រឡែត លើរចនាសម្ព័ន្ធសន្តិភាពក្រោយសង្គ្រាម។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់មហន្តរាយនៃជម្លោះថ្មី។

សង្គ្រាមស៊ីវិល (២០២០-២០២២) បានបន្សល់ទុកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សរាប់សែននាក់ ទាំងដោយសារការវាយប្រហារផ្ទាល់ ការដួលរលំប្រព័ន្ធសុខាភិបាល និងគ្រោះទុរ្ភិក្ស។ យោងតាមកិច្ចព្រមព្រៀង Pretoria រដ្ឋបាលបណ្តោះអាសន្នត្រូវបង្កើតឡើងតាមរយៈការចរចាដើម្បីជំនួសស្ថាប័នចាស់ រហូតដល់មានការបោះឆ្នោត។ ទោះជាយ៉ាងណា ចាប់តាំងពីខែមករាមក ការប៉ះទង្គិចគ្នារវាងកងកម្លាំង TPLF និងកងទ័ពសហព័ន្ធបានផ្ទុះឡើងជាបន្តបន្ទាប់។ ដើម្បីតបតនឹងអ្វីដែលខ្លួនហៅថាជាការរំលោភបំពាន TPLF ប្រកាសនឹង ស្តារអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ របស់ខ្លួនឡើងវិញដើម្បីជំនួសរដ្ឋបាលបណ្តោះអាសន្ន និងពង្រឹងទំនាក់ទំនង ជាមួយតំបន់ជិតខាង និងបណ្តាប្រទេសជិតខាងអេត្យូពី។

ដោយឡែក រដ្ឋាភិបាលសហព័ន្ធក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Abiy Ahmed នៅតែអះអាងពីការប្តេជ្ញាចិត្តចំពោះសន្តិភាព ប៉ុន្តែក៏បានចោទប្រកាន់ TPLF ថាមានផែនការសម្ងាត់ប្រឆាំងនឹងអំណាចកណ្តាល។ បច្ចុប្បន្ន អ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពី និងសហភាពអាហ្វ្រិក មិនទាន់ផ្តល់អត្ថាធិប្បាយលម្អិតនៅឡើយទេ ខណៈពិភពលោកកំពុងបារម្ភពីការផ្ទុះសង្គ្រាមស៊ីវិលជុំទីពីរ៕

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters