ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។ 

ជាមួយគ្នានេះដែរ នេះគឺជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ 

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោលនិងត្រៀមរួចជាស្រេច ក្នុងការចូលរួមសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះ ដោយមានការសហការពីវិស័យឯកជន។  សូមបញ្ជាក់ជូនថា កម្ពុជា មានសម្បទា និង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ។

 

 

 

 

 

ប្រភព៖ ក្រសួងទេសចរណ៍