កីឡាករ Cristiano Ronaldo បានវិលត្រឡប់មកកាន់ទីលានវិញយ៉ាងអស្ចារ្យក្រោយសម្រាកព្យាបាលរបួសអស់រយៈពេលមួយខែ ដោយរកបាន ២ គ្រាប់ម្នាក់ឯង ជួយឱ្យក្លឹប Al Nassr យកឈ្នះលើក្រុមបាតតារាង Al Najma ក្នុងលទ្ធផល ៥-២ នៃពានរង្វាន់ Saudi Pro League កាលពីថ្ងៃសុក្រម្សិលមិញ។

ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានខកខានការប្រកួតលីគចំនួន ២ លើក រួមទាំងការប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិព័រទុយហ្គាល់កាលពីខែមុនផងដែរ ដោយសារបញ្ហារបួសតាំងពីខែកុម្ភៈ។

Saudi Pro League - Al Nassr v Al Najmah
ទោះបីជា Al Najma ជាក្រុមបាតតារាង ប៉ុន្តែពួកគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយនាំមុខមុននៅនាទីចុងក្រោយនៃតង់ទីមួយ តាមរយៈកីឡាករ Rakan Al Tulayhi។ ទោះជាយ៉ាងណាក៏ដោយ Al Nassr បានឆ្លើយតបវិញយ៉ាងរហ័ស ដោយរកបាន ២ គ្រាប់ត្រឡប់មកវិញភ្លាមៗនៅម៉ោងបន្ថែមតង់ទីមួយ តាមរយៈ Abdullah Al Hamdan និង Sadio Mane។

ចូលដល់តង់ទីពីរ ក្រុមភ្ញៀវ Al Najma បានតាមស្មើ ២-២ នៅនាទីទី ៤៧ ដោយកីឡាករ Felipe Cardozo។ ប៉ុន្តែភាពខ្លាំងរបស់ Al Nassr បានចាប់ផ្តើមឡើងវិញ នៅពេលដែល Ronaldo ស៊ុតបាល់ពិន័យប៉េណាល់ទីបានសម្រេចនៅនាទីទី ៥៦ និងបន្ថែមគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៧៣។ ចុងបញ្ចប់នៃល្បែង Sadio Mane បានបន្ថែមគ្រាប់បាល់ចុងក្រោយនៅនាទីបន្ថែម ដើម្បីបញ្ចប់ជ័យជម្នះយ៉ាងលេចធ្លោ ៥-២។

នេះគឺជាជ័យជម្នះលើកទី ១៣ ជាប់ៗគ្នាដែលបានរុញច្រាន Al Nassr ឱ្យបន្តឈរនៅកំពូលតារាងដោយមាន ៧០ ពិន្ទុ នាំមុខក្រុមលេខពីរ Al Hilal ចំនួន ៦ ពិន្ទុ ខណៈដែល Al Hilal ត្រូវមានភារកិច្ចប្រកួតជាមួយ Al Taawoun នៅថ្ងៃសៅរ៍នេះ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters