ខេត្តកណ្ដាល៖ ក្នុងអំឡុងពេលដែលអាកាសធាតុកំពុងឡើងកម្ដៅខ្លាំង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានឡើងគ្រប់ពេលវេលា និងបង្កជាមហន្តរាយដល់ទ្រព្យសម្បត្តិនិងអាយុជីវិតគ្រួសារ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អង្គម្រេញ ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ «ក្នុងរដូវក្ដៅនេះ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់រាល់ការប្រើប្រាស់ភ្លើង។ មិនត្រូវដុតកម្ទេចកម្ទីទុកចោលឡើយហើយមុននឹងចាកចេញពីផ្ទះ ត្រូវពិនិត្យនិងបិទប្រព័ន្ធចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីបង្ការគ្រោះអគ្គិភ័យជាយថាហេតុ»។

ទន្ទឹមនឹងបញ្ហាអគ្គិភ័យ ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បញ្ហាសុខភាពផងដែរ ដោយសារអាកាសធាតុក្តៅងាយនឹងបង្កជាជំងឺដង្កាត់ផ្សេងៗ។ លោកបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនរក្សាអនាម័យខ្លួនប្រាណនិងសម្អាតបរិស្ថានជុំវិញផ្ទះដើម្បីធានាសុខុមាលភាពឱ្យបានល្អប្រសើរ។

ក្រៅពីបញ្ហាសុខសុវត្ថិភាពទូទៅ ឯកឧត្ដម គួច ចំរើន ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួលនិងកងកម្លាំងនគរបាលស្រុកដែលបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ធាក់យកម៉ូតូយ៉ាងមានប្រសិទ្ធភាពដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្ដមបានជំរុញ និងណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបន្តខិតខំស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាដែលនៅសេសសល់ឱ្យដល់ឫសគល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតសំដៅពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន