យោងតាមក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រៅពីការបង្ហាញវឌ្ឍនភាពការងារជាបន្តបន្ទាប់ បទបង្ហាញចុងក្រោយមួយបានរំលេចនូវសមិទ្ធផលជាក់ស្តែងនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការលើកកម្ពស់គុណភាពសេវាអប់រំនៅកម្រិតបឋមសិក្សា។

តាមបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ការកែទម្រង់នេះបានជួយជំរុញវិស័យអប់រំតាមរយៈកត្តាសំខាន់ៗចំនួន ៧ រួមមាន៖
1. ពង្រឹងអភិបាលកិច្ចសាលារៀន៖ បង្កើនប្រសិទ្ធភាពគ្រប់គ្រងឱ្យកាន់តែល្អប្រសើរ។
2. ការជ្រើសរើសគ្រូបង្រៀនតាមប្រព័ន្ធគុណាធិបតេយ្យ៖ ធានាភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមរយៈការប្រឡងជ្រើសរើសគ្រូដែលមានគុណវុឌ្ឍិខ្ពស់ ផ្អែកលើកិច្ចព្រមព្រៀងការងារស្របតាមតម្រូវការជាក់ស្តែង។
3. ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ៖ បង្កើនតួនាទីភារកិច្ចនៅកម្រិតសាលារៀន និងការចូលរួមពីសហគមន៍។
4. កំណត់និយាមការ និងស្តង់ដា៖ រៀបចំស្តង់ដាគ្រប់គ្រងគ្រឹះស្ថានសិក្សា និងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្រិតបឋមសិក្សាឱ្យដល់កម្រិតបរិញ្ញាបត្រឡើងទៅ។
5. គ្រប់គ្រងទិន្នន័យច្បាស់លាស់៖ ដើម្បីដោះស្រាយបញ្ហាគ្រូបង្រៀនថ្នាក់ពីរវេន និងថ្នាក់គួបឱ្យមានប្រសិទ្ធភាព។
6. ការរៀបចំប្រព័ន្ធលើកទឹកចិត្ត៖ កែលម្អការពង្រាយគ្រូបង្រៀន និងអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មការងារ (Performance-based incentive)។
7. ធ្វើជំរឿនមន្ត្រី និងរចនាសម្ព័ន្ធ៖ ដើម្បីដឹងពីស្ថានភាពជាក់ស្តែងនៃសាលាដែលលើស ឬខ្វះគ្រូបង្រៀន ដែលជាមូលដ្ឋានគ្រឹះក្នុងការចាត់ចែងបុគ្គលិកឱ្យចំគោលដៅ។
"ការកែទម្រង់នេះ មិនត្រឹមតែជួយបង្កើនគណនេយ្យភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវគុណភាព និងសមធម៌ក្នុងការផ្តល់សេវាអប់រំដល់កុមារគ្រប់រូបផងដែរ។"
សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការអនុវត្តការងារក្នុង "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" ដែលជាការស៊ីសង្វាក់គ្នារវាងវិធានការគន្លឹះនៃកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់វិស័យអប់រំ។ គោលបំណងចុងក្រោយ គឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតបឋមសិក្សា សំដៅកសាងសង្គមពុទ្ធិ និងវិបុលភាពយូរអង្វែងសម្រាប់កម្ពុជា។

ប្រភព៖ ក្រសួងមុខងារសាធារណៈ