ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ៗ រួមមាន សេចក្ដីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា និង សេចក្តីព្រាងអនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំ បានបញ្ជាក់ថាអង្គប្រជុំបានពិនិត្យនិងពិភាក្សា យ៉ាងយកចិត្តទុកដាក់និងផុសផុល លើសេចក្តីព្រាង "គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា”។

សេចក្តីព្រាងគោលនយោបាយនេះ មានគោលបំណង៖ (១) ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, (២) ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាព ទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, (៣) រៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៤) ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញតាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។

ប្រភពដដែល បានបន្តថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចជាយុទ្ធសាស្ត្រសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែមានភាពពេញលេញនិងគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ។

គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេសក្រោយពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់៕

 

 

 

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន