រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” (វ.ប.ន.) ដែលជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ចវិស័យ វ.ប.ន. ។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃការគាំទ្រយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់អាទិភាពលើបច្ចេកវិទ្យា ជាក្បាលម៉ាស៊ីន សម្រាប់សម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ សមាគមធុរកិច្ច និងវិស័យឯកជន ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនឹងបម្រើការជាត្រីវិស័យសម្រាប់ការអភិវឌ្ឍជាតិ។

ឯកឧត្តម បានលើកឡើងថា៖ “ក្នុងបរិបទសកលលោកទំនើប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងភាពប្រកួតប្រជែងនៃអាជីវកម្ម និងអភិបាលកិច្ច។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នឹងផ្តល់ឱកាសថ្មីៗសម្រាប់កម្ពុជា ជាពិសេសក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចពង្រឹងសមត្ថភាពប្រកួតប្រជែង និងកសាងមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសកល។”

ក្របខ័ណ្ឌដែលបានបង្កើតឡើងថ្មីនេះ ដោះស្រាយបញ្ហាប្រឈមយូរអង្វែងនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា រួមមានការអនុវត្តការវាយតម្លៃដែលនៅរាយប៉ាយ និងគម្លាតឌីជីថលរវាងតំបន់ទីក្រុង និងជនបទ។ តាមរយៈការផ្តល់នូវឧបករណ៍ស្តង់ដាដែលផ្អែកលើទិន្នន័យក្រសួងមានគោលបំណងគាំទ្រស្ថាប័នសាធារណៈ និងឯកជនក្នុងការរៀបចំក្របខ័ណ្ឌវាយតម្លៃរៀងៗខ្លួនសម្រាប់សកម្មភាព វ.ប.ន.។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើក ឡើងពីការប្រែក្លាយពីកិច្ចខិតខំប្រឹងប្រែងដែលនៅរាយប៉ាយ មកជាបេសកកម្មជាតិរួមតែមួយ។ ឯកឧត្តមបានកត់ សម្គាល់ ថា៖ “មុនឆ្នាំ២០២១ ការងារ វ.ប.ន. ត្រូវបានអនុវត្តដោយរាយប៉ាយ និងមិនទាន់មានអាណត្តិ ស្ថាប័នជាក់លាក់នៅឡើយ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. នេះត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់នូវឧបករណ៍សំខាន់ៗ សម្រាប់ការវាស់វែងនិងវាយតម្លៃលទ្ធផលការងារគាំទ្រដល់ការកែលម្អ តាមរយៈការយល់ដឹងផ្អែកលើទិន្នន័យដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍ ដល់សង្គម។”

សិក្ខាសាលាបញ្ចូលករណីសិក្សាសាកល្បងដែលសិក្ខាកាមបានអនុវត្ត លក្ខខណ្ឌវិនិច្ឆ័យទាំងនេះនៅក្នុងវិស័យ ផ្សេងៗ រួមមានការអប់រំកម្រិតឧត្តមសិក្សាការស្រាវជ្រាវការធ្វើតេស្តលើបច្ចេកវិទ្យាជាន់ខ្ពស់ ការកែច្នៃកសិ-អាហារ និងយានយន្ត។ វិធីសាស្ត្រអនុវត្តជាក់ស្តែងនេះមានគោលបំណងធានាថា ស្ថាប័នទទួលបន្ទុក វ.ប.ន. នាពេល អនាគតអាចពង្រីកវិសាលភាព មានសមធម៌ និងស្របតាមតថភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន