ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់បងប្អូនប្រជាពលរដ្ឋជាសម្បទានិកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា កសិករទាំងអស់ត្រូវតែយកចិត្តទុកដាក់ ទៅលើការដាំដំណាំបន្លែដែលមានសុវត្ថិភាព ពោលគឺ បន្ថែដែលគ្មានជាតិគីមី ដើម្បីលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ បន្លែដែលគ្មានជាតិគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផលដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អតាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខមាភាព អ្នកបរិភោគ។ ម្យ៉ាងវិញទៀតយើងរៀបចំទីផ្សារឱ្យមានបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព គឺដើម្បីផ្តល់ឱកាសឱ្យមានការជួបជុំគ្នារវាងផលិតករ កសិករ ដៃគូអភិវឌ្ឍន៍អ្នកពាក់ព័ន្ធនិងមន្ត្រីជំនាញក្នុងការផ្លាស់ប្តូរបទពិសោធន៍ មតិយោបល់នានា ក្នុងគោលដៅរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមានឡើងកន្លងមកសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹង កត្តាប្រឈមនានា។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តទៀតថា បងប្អូនប្រជាកសិករ យកចិត្តទុកដាក់លើ ការដាំបន្លែគ្មានជាតិគីមី ហើយឥឡូវនេះមន្ទីរកសិកម្មខេត្តកំពង់រៀបចំបង្កើតទីផ្សារបន្លែសុវត្ថិភាពឱ្យប្រជាកសិករលក់ដូរ នឹងដាក់តាំង នូវផលិតផលកសិកម្មបន្លែរួមផ្សំគ្រប់ប្រភេទ ដែលគ្មានជាតិគីមីធ្វើឱ្យបងប្អូនអាចរកប្រាក់ចំណូលនិងជួយសម្រួលដល់ជីវភាពនៅតាមសហគមន៍ឱ្យមានជីវភាពធូរធារច្រើនជាងមុន។ បណ្តាលមុខជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីកសិកម្មថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ជាពិសេសត្រូវរៀបចំសហគមន៍អភិវឌ្ឍន៍កសិកម្ម ជាទ្រង់ ទ្រាយធំ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាល និងត្រូវបង្កើនគុណតម្លៃ និងនិរន្តរភាព បរិមាណផលិតផលប្រកបដោយគុណភាពសុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសកាត់បន្ថយ ការនាំចូលផលិតផលពីប្រទេសជិតខាង។
ថ្លែងក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា សុខភាពគឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូបដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ជាពិសេសការបរិភោគបន្លែ គឺគេហូបឆៅ ហើយត្រូវនៅស្រស់ៗខុសពីដំណាំស្រូវ អង្ករ ពោត សណ្ដែក ស្វាយចន្ទី ដែលអាចទុកបានរយៈពេលយូរជាងដំណាំបន្លែ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសមន្ត្រីរាជការ អាជីវករ ចូលរួមគាំទ្រនិងទិញយកទៅទទួលទាន ផលិតផលបន្លែសុវត្ថិភាពដើម្បីសុខភាពយើងទាំងអស់គ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន