តម្លៃទីផ្សារមាសនៅកម្ពុជាបានងើបឡើងភ្លាមៗក្រោយពីអាមេរិក និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ យោងតាមតម្លៃទីផ្សារមាសនៅក្នុងស្រុក បានអោយដឹងថា មាសបានឡើងថ្លៃពី៦៣៩ដុល្លារ កាលពីថ្ងៃទី២៨កុម្ភះដល់៦៦២ដុល្លារក្នុងមួយជីកាលពីថ្ងៃទី១មីនា។ ពោលគឺឡើងថ្លៃចំនួន២៣ដុល្លារ ក្នុងមួយជីក្នុងរយះពេលមួយថ្ងៃ។ 

អ្នកជំនាញទីផ្សារមាសនៅក្នុងស្រុកបានលើកឡើងថា ការផ្ទុះអាវុធនៅតំបន់មជ្ឈិមបូព៌ា គឺជាកត្តាសំខាន់ដែល ជំរុញឱ្យតម្លៃមាសប្រែប្រួលហើយមាសមានទីផ្សារដោយសារតែមាសជាទ្រព្យសុវត្តិភាព។ 

យ៉ាងណាក៏ដោយ លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាសនិងរូបិយបណ្ណអន្តរជាតិបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ហានិភ័យនៃតម្លៃមាសដែលអាចធ្លាក់ចុះវិញភ្លាមៗផងដែរ ប្រសិនបើសញ្ញានៃការចរចាសន្តិភាពលេចរូបរាងឡើង។ 

នៅព្រឹកថ្ងៃទី២មីនានេះ ស្រាប់តែតម្លៃទីផ្សារមាសនៅក្នុងស្រុក បានធ្លាក់ចុះពី៦៦២ដុល្លារក្នុងមួយជីកាល ពីថ្ងៃទី១មីនា មកនៅត្រឹម៦៥៣ដុល្លារ។ ពោលគឺទីផ្សារមាសនៅក្នុងស្រុកបានធ្លាក់ថ្លៃចំនួន៩ដុល្លារ ក្នុងមួយជីវិញ។ 

ការទំលាក់តម្លៃមាសនេះ ហាក់ស្របពេលគ្នានៃការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សំដីចេញពីបទសម្ភាសន៍មួយរបស់ទស្សនាវដ្ដីអាមេរិក Atlantic ជាមួយប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ដែល លោក ដូណាល់ ត្រាំ បានលើកឡើងថាមេដឹកនាំថ្មីរបស់អ៉ីរ៉ង់ចង់ចរចាជាមួយរូបលោក ហើយលោកក៏បានយល់ព្រមដែរ។ 

បន្ថែមពីនេះទៀតលោក ត្រាំ បានព្យាករថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់អាចនឹងចាយពេល ៤សប្ដាហ៍ឬអាចតិចជាងនេះ។ នេះបើយោងតាមខ្លឹមសារនៅក្នុងបទសម្ភាសន៍របស់សារព័ត៌មានអង់គ្លេស Daily Mail ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។ 

សូមរម្លឹកថាតម្លៃមាសធ្លាប់បានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក្នុងតម្លៃប្រមាណជិត ៥ ៦០០ ដុល្លារក្នុងមួយអោនកាលពីចុងខែមករាឆ្នាំ២០២៦ ជុំវិញភាពតានតឹងបញ្ហាកោះហ្រ្គីនឡែន ពន្ធគយអាមេរិក និងភាពរឹងមាំនៃតម្រូវការពីធនាគារកណ្ដាល។ ប៉ុន្តែតម្លៃមាសនោះបានធ្លាក់ចុះមកវិញក្រោម ៥ ០០០ ដុល្លារក្នុងមួយអោន ក្រោយពីភាពតានតឹងបាន ស្រកស្រាន្ត ហើយមាសក៏ស្រាប់ចាប់ងើបឡើងវិញជាបណ្តើរៗ ខណៈមានភាពតានតឹងនៅអ៊ីរ៉ង់និងបន្ទាប់ពី អាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមបើកការវាយប្រហារទៅលើអ៊ីរ៉ង់ជាផ្លូវការភ្លាមៗនៅថ្ងៃសៅរ៍៕

 

 

ប្រភព៖ ក្រសួងព័ត៌មាន