កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំ អាហារសាមគ្គីនិងពិភាក្សាស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយសិល្បករ សិល្បការិនី ក្រុមអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមនៅអគារវឌ្ឍនៈ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នក លោកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន ប្រ៊ូវើរី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមសិល្បៈករ សិល្បការិនី ដែលបានផ្ដល់ឱកាសឱ្យមានការរៀបចំពិធីពិសារ អាហារសាមគ្គីនេះឡើងនិងបានផ្ដល់ជាឱកាសចូលរួមជាចំណែកមួយក្នុងការរៀបចំព្រឹត្តិការណ៍នានា។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ សិល្បករ សិល្បការិនី ដែលចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងលើកតម្កើនពីវប្បធម៌ អរិយាធម៌ខ្មែរតាមរយៈព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បន្ថែមទៀតថា ការរៀបចំនេះឡើងគឺជាឱកាសបង្កើតឱ្យមានភាពស្និតស្នាល ដល់សិល្បករ សិល្បការិនី និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ឱ្យបន្ដចូលរួមសហការផ្ដល់ការគាំទ្រដល់ស.ស.យ.ក. ក្នុងការរៀបចំព្រឹត្តិការណ៍ដែលផ្ដោតការលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរឱ្យកាន់តែផុសផុលបន្ថែម។

សូមជម្រាបថា កម្មវិធីនេះ ក៏មានបទបង្ហាញរបស់ ឯកឧត្តម សុខ សប្បាយណា និង ឯកឧត្តម គង់ សូលីយ៉ា ស្ដីអំពីផែនការសកម្មភាពនិងគម្រោងនានាដែល ស.ស.យ.ក. គ្រោងនឹងរៀបចំឆ្ពោះទៅកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។ ក្នុងនោះក៏បានរំលេចផងដែរថា រាល់ព្រឹត្តិការណ៍ និងការជួបជុំដែលរៀបចំឡើងដោយ ស.ស.យ.ក.តែងតែផ្សារភ្ជាប់ជានិច្ចជាមួយវីរភាពនិងការលះបង់របស់វីរៈកងទ័ពក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាពនិងសន្តិភាពជូនប្រទេសជាតិ។

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន