តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួនដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៃក្រសួងមុខងារសាធារណៈព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។

តាមរយៈរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ១ខែ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំដោយបានលើកឡើងពីការសាទរនូវលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ លើសពីនេះ ក៏មានការលើកឡើងនូវបញ្ហាប្រឈមនិងចូលរួមដោះស្រាយជាមួយគ្នាក្នុងការអនុវត្តការងារប្រចាំថ្ងៃ ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាននិងស្ថានភាពមន្ត្រីរាជការស៊ីវិលមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួងស្ថាប័ន ក្រសួងមុខងារសាធារណៈបានទទួលទិន្ន័យពីក្រសួង ស្ថាប័នបានបង្ហាញឱ្យឃើញថា មន្ត្រីដែលមកបំពេញការងារនៅក្រសួងស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ ក្នុងនោះផងដែរ ឯកឧត្តម សយ រាសី អគ្គាធិការនៃក្រសួងមុខងារសាធារណៈក៏បានបញ្ជាក់ពីភាពសុក្រឹត្យនៃទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នតាមរយៈការរៀបរាប់ពីរបៀបគណនានិងការចុះពិនិត្យជាក់ស្តែងតាមអង្គភាពនីមួយៗ។ ឯកឧត្តមបានបន្ថែមពីសកម្មភាពនិងការវិវត្តជាប្រចាំនៃការងារអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាពិសេសរយៈពេលចុងក្រោយនេះដោយមានប្រព័ន្ធចែករំលែកបទពិសោធរវាងគ្នាស្តីពីការគ្រប់គ្រងវត្តមានជូនគ្នាទៅវិញទៅមក។

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន