ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានលើកឡើងពីសារប្រយោជន៍នៃសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ADB និងក្រសួងអប់រំ យុវជន និងកីឡាថា បានទទួលផលជះវិជ្ជមានដល់សង្គមនិងសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជាដែលសម្រេចបានវឌ្ឍនភាពយ៉ាងល្អ ។

ឯកឧត្តមបន្តថា វឌ្ឍនភាពសម្រេចបានជាអាទិភាពនៃកំណែទម្រង់វិស័យអប់រំនេះកំពុងផ្តោតលើកំណែទម្រង់សាលារៀន ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស ការកាត់បន្ថយអត្រាបោះបង់ កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី (NGS) ដោយផ្តោតលើការលើកកម្ពស់ការអប់រំ STEM ការអនុវត្តគន្លងអប់រំថ្មី និងគម្រោងជាច្រើនទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ ដែលបានបង្កើតផលជះវិជ្ជមានដល់សង្គមនិងសេដ្ឋកិច្ចជាតិ ដោយការបង្កើនមូលធនមនុស្សដែលមានចំណេះដឹងផ្នែក STEM និងជំនាញបច្ចេកទេសខ្ពស់ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចឌីជីថល វឌ្ឍនភាពនៃសាលារៀនជំនាន់ថ្មី (NGS) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនការកាត់បន្ថយគម្លាតរវាងសិស្សនៅទីក្រុង និងជនបទតាមរយៈការចែកចាយធនធានសិក្សានិងអាហារូបករណ៍ដោយយុត្តិធម៌ ជួយយុវជនកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងក្នុងទីផ្សារការងារតំបន់និងទាក់ទាញវិនិយោគទុនបរទេស និងពង្រឹងប្រព័ន្ធគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងធនាគារអភិវឌ្ឍន៍អាស៊ីក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងនេះ បានរួមចំណែកជំរុញកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាចាប់តាំងពីកម្រិតមធ្យមសិក្សា រហូតដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន