(AKP ភ្នំពេញ)៖ បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ចខ្មៅកំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយនឹងបណ្តាញផ្សព្វផ្សាយអន្តរជាតិ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសបែលហ្សិក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ។ ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះ សម្តេចធិបតី បានបញ្ជាក់ថា យើងមិនបានដឹងថាគាត់ជាមេខ្លោងនោះទេ ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗ នៅពេលដឹងថាគាត់ជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករា កន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជាយ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន