ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផងនិងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។

ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ត្ត ឬកោសធ្មេញក៏មាន។ ពិធីនេះជាទំនៀមទម្លាប់តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធីក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។

តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្តដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះតែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៍ ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែងពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ទោះជាពិធីនេះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរពនិងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តីកាយវិការនិងសម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍និងជាតិសាសន៍នានា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្ឃឹមថាការចូលរួមគោរពនិងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារនឹងធ្វើឱ្យវប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿងនិងគង់វង្ស។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន