ភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ 

“កងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន” ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

សម្តេចធិបតី បានបន្ថែមផងដែរថា៖ «យើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយក៏ចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការរួមដែលយើងទាំងពីរយល់ព្រមជាមួយគ្នា»។

សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២០ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។

ជាមួយគ្នានេះ ថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

កងកម្លាំងឈ្លានពានថៃក៏បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន