ចាប់ពីឆ្នាំ២០១០មក នៅរាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសប្រើប្រាស់ដំបូង ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបការកក់ស្ទះចរាចរណ៍នៅតាមច្រកចូលរាជធានីភ្នំពេញ ខណៈមានកំណើនសេដ្ឋកិច្ច និងកំណើនយានជំនិះ។

ស្ពានអាកាសទី១នេះ គឺស្ពានអាកាសក្បាលថ្នល់ដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១។ ២ឆ្នាំបន្ទាប់ពីនោះ រាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសទី២ប្រើប្រាស់គឺស្ពានអាកាស ៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ។ នៅឆ្នាំ២០១៤ ស្ពានអាកាសទី៣ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់មានឈ្មោះថា ស្ពានអាកាសស្ទឹងមានជ័យដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២។

នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានប្រកាសដាក់អោយប្រើប្រាស់ ស្ពានអាកាសទី៤ រួមមានទាំងផ្លូវក្រោមដី ដែលមានឈ្មោះថាស្ពានអាកាស៥មករាឬស្ពានអាកាសតិចណូ ។ នៅឆ្នាំ២០១៨ ស្ពានអាកាសទី៥ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់មានឈ្មោះថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយដើម្បីសម្រួលចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣និងលេខ៤។ នៅឆ្នាំ២០២២ រាជធានីភ្នំពេញបានសម្ភោធអោយប្រើប្រាស់ស្ពានអាកាសទី៦ រួមមានទាំងផ្លូវក្រោមដី ដែលមានឈ្មោះថា ស្ពានអាកាសរង្វង់មូលចោមចៅ ។ 

នៅឆ្នាំ២០២៣ រាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសទី៧ ប្រើប្រាស់ដែលមានឈ្មោះថា ស្ពានអាកាសឫស្សីកែវ ជាស្ពានអាកាសភ្លោះដំបូងគេ ដើម្បីសម្រួលចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥។ 

នៅឆ្នាំ២០២៥ ស្ពានអាកាសទី៨ ត្រូវបានសាងសង់រួចដែលមានឈ្មោះថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រួលទិសចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោឆ្លងកាត់ផ្លូវជាតិលេខ២។ ហើយនិងកាលពីឆ្នាំ២០២៥នោះទៀត ស្ពានអាកាសទី៩ ត្រូវបានសាងសង់រួចដែលមាន ឈ្មោះថាស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសធំជាងគេបំផុត មានកំពស់២ជាន់និងមានផ្លូវស្ពានខ្វាត់ខ្វែងច្រើនជាងគេ ហើយបានចំណាយថវិកាច្រើនជាងគេរហូតជាង ៣៦លានដុល្លារ។ យ៉ាងណាក៏ដោយ ស្ពានអាកាសគង់ សំអុល ត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្សី, មហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងផ្លូវ២០១១ ដែលបាន បើកសម្ភោធកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់បានបើកការដ្ឋានសាងសង់នៅឡើយ។ 

បើយោងតាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានលើកមកបញ្ជាក់ថាគម្រោងសំណង់ស្ពានអាកាសគង់ សំអុល រៀបចំឡើង ដើម្បីដោះស្រាយការកកស្ទះចរាចរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញឲ្យកាន់តែភាពប្រសើរឡើង។ ប៉ុន្តែនៅពេលដែលអាកាសយានដ្ឋានត្រូវបានផ្ទេរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ពេលនោះ ស្ថានភាពចរាចរត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្សី និងមហាវិថី សម្តេចចៅហ្វាវាំង គង់ សំអុល និងផ្លូវ ២០១១ ក៏នឹងត្រូវកាត់បន្ថយមួយកម្រិតធំជាហេតុធ្វើឲ្យមិនទាន់មានតម្រូវការចាំបាច់ ក្នុងអាទិភាពសម្រាប់ការសាងសង់ស្ពានអាកាសនេះ។ ប៉ុន្ដែដើម្បីធានានូវលំហូរចរាចរជាប្រក្រតីនៅតំបន់នោះ អ្នកបច្ចេកទេសបានតម្រូវឲ្យ ពង្រីកបន្ថែមតួមហាវិថីសហព័ន្ធរុស្សីពី ៣ ម៉ែត្រ ទៅ ៥ ម៉ែត្រ នឹងពង្រីកតួផ្លូវពាក់ព័ន្ធបន្ថែមទៀតជាការជំនួសសំណង់ស្ពានអាកាសនៅទីនោះ។ ការបង្កើតសមិទ្ធផលស្ពានអាកាសជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់ វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីករវាងរាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចនានា។

 

 

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន