
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងធ្វើយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ហើយការធ្វើយុទ្ធនាការនេះក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវជាងមុន ដើម្បីកាត់បន្ថយភាពរងគ្រោះដោយការឆបោក អូសទាញតាមអនឡាញដោយផ្តោតលើកុមារ និងមនុស្សវ័យក្មេង។
ពិធីនេះនឹងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានតំណាងក្រសួង ស្ថាប័ន គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សិស្ស និស្សិត សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមកាយរឹទ្ធិ និងកាកបាទក្រហមកម្ពុជាចូលរួមប្រមាណជា២.៥០០នាក់។
យុទ្ធនាការនេះធ្វើឡើងក្រោមការចូលរួមសហការពីក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការដៃគូ និងក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថល៕
ប្រភព៖ ក្រសួងព័ត៌មាន