ក្រសួងទេសចរណ៍ចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ “ផ្សាររ៉ម៉ាឌនកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១២:០០ នាទីអធ្រាត្រ នៅបរិវេណវិមានអាហារ (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីចូលរួមអបអរសាទរការមកដល់នៃខែបួសរ៉ម៉ាឌន ដែលជាខែដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមទូទាំងពិភពលោកនាពេលខាងមុខ។ ពិព័រណ៍ "ផ្សាររ៉ម៉ាឌន" នឹងរួមចំណែកបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាគោលដៅដែលផ្តល់បដិសណ្ឋារកិច្ច និងភាពកក់ក្តៅជូនចំពោះគ្រប់ភ្ញៀវទេសចរទាំងអស់ រួមទាំងទេសចរមូស្លីមផងដែរ។

ព្រឹត្តិការណ៍​នេះរៀបចំឡេីងសមស្របជាមួយការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុដុមនីយកម្មជាតិសាសន៍ ពិពិធកម្មសេដ្ឋកិច្ច រួមទាំងស្របជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញទេសចរមូស្លីមឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការរៀបចំព្រឹត្តិការណ៍នេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម ជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្បូរបែបដែលមានផលិតផល និងសេវាកម្មឆ្លើយតបតាមតម្រូវការរបស់ទេសចរមូស្លីម។ តាមរយៈព្រឹត្តិការណ៍ខាងលើ កម្ពុជានឹងពង្រីកការផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសឥស្លាមផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវមកទស្សនាកម្សាន្ត ក៏ដូចជាជំរុញការវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

 

 

 

ប្រភព៖ ក្រសួងទេសចរណ៍