លោកបណ្ឌិត វិល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងអប់រំ ក្នុងការជំរុញការអប់រំផ្នែកឌីជីថល និងការអប់រំទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដែលជួយពង្រឹងភាពធន់ និងពង្រីកលទ្ធភាពទទួលបានការសិក្សាបែបទំនើបប្រកបដោយសមធម៌ ហើយថាការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងអាកាសធាតុ យន្តការសម្របសម្រួលកម្មវិធី និងកម្មវិធីសិក្សា បានពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំក្នុងការឆ្លើយតបចំពោះបញ្ហាបរិស្ថានដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។

លោកបណ្ឌិត វិល ផាកស៍ ដែលត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាក្នុងការបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ រយៈពេល៣ថ្ងៃ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ៖ "គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ជាការពិត ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងអាកាសធាតុ យន្តការសម្របសម្រួលកម្មវិធី និងកម្មវិធីសិក្សា បានពង្រឹងភាពធន់របស់ប្រព័ន្ធអប់រំក្នុងការឆ្លើយតបចំពោះបញ្ហាបរិស្ថានដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយក្នុងពេលដំណាលគ្នា ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល កម្មវិធីសិក្សាឌីជីថល និងសមត្ថភាពឌីជីថលរបស់គ្រូបង្រៀន កំពុងពង្រីកលទ្ធភាពទទួលបានការសិក្សាដែលមានបច្ចេកវិទ្យាគាំទ្រប្រកបដោយសមធម៌ ជួយលើកកម្ពស់នវានុវត្តន៍ក្នុងថ្នាក់រៀន និងជួយគាំទ្រសិស្សឱ្យត្រៀមខ្លួនសម្រាប់អនាគតដែលមានលក្ខណៈឌីជីថលកាន់តែសម្បូរបែប។
លោកបានបន្តថា ការប្តេជ្ញាចិត្តចំពោះការពង្រឹងសមធម៌ និងបរិយាបន្ន ក៏ត្រូវបានបង្ហាញផងដែរតាមរយៈវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងការអប់រំបរិយាបន្ន ដោយពង្រីកឱកាសសម្រាប់កុមារមានពិការភាព និងក្រុមងាយរងគ្រោះផ្សេងៗ ដោយបញ្ចូលការអនុវត្តនៅតាមសាលារៀន។
លោកថាយ៉ាងណាមិញ សមិទ្ធផលទាំងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះកុមារជាច្រើននៅតែប្រឈមឧបសគ្គក្នុងការចូលរួម ហើយត្រូវការកិច្ចខិតខំបន្ត ដើម្បីលុបបំបាត់គម្លាតដែលនៅតែមាន ខណៈដែលសមភាពយេនឌ័រ និងបំណិនជីវិតនឹងបន្តជាចំណុចស្នូលមួយនៃកំណែទម្រង់អប់រំ ការធានាឱកាសស្មើគ្នាសម្រាប់កុមារី និងកុមារា រួមជាមួយបំណិនដូចជា ការគិតវិភាគ ការសិក្សាផ្នែកអារម្មណ៍សង្គម និងឌីជីថល ជាចំណុចសំខាន់ក្នុងការគាំទ្រយុវជនឱ្យត្រៀមខ្លួនទទួលបានជោគជ័យក្នុងសាលារៀន ការងារ និងសង្គម ដោយការបញ្ចូលអាទិភាពទាំងនេះក្នុងប្រព័ន្ធអប់រំ ទាំងក្នុង និងក្រៅប្រព័ន្ធ នឹងពង្រឹងបរិយាបន្ន ភាពធន់ និងការអភិវឌ្ឍធនធានមនុស្សរយៈពេលវែងរបស់កម្ពុជា ហើយភាពធន់ពិតប្រាកដនៃវិស័យអប់រំ ត្រូវបានសាកល្បងខ្លាំងបំផុតនៅពេលមានវិបត្តិ៕
ប្រភព៖ ក្រសួងព័ត៌មាន