ការគេងមិនមែន ជាការសម្រាកដែលខ្ជះខ្ជាយពេលវេលានោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់ខួរក្បាល និងរាងកាយ។ នៅពេលអ្នកកាត់បន្ថយម៉ោងគេងដើម្បីធ្វើការ នោះអ្នកកំពុងតែធ្វើឱ្យ ផលិតភាពការងារធ្លាក់ចុះដោយមិនដឹងខ្លួន។ ការធ្លាក់ចុះនៃមុខងារខួរក្បាល និងការចងចាំ គឺខួរក្បាលត្រូវការការគេងដើម្បី "សម្អាត" ជាតិពុល និងរៀបចំទិន្នន័យដែលបានរៀនក្នុងថ្ងៃនោះ។ នៅពេលអត់ងងុយ ខួរក្បាលមិនអាចផ្ដោតលើកិច្ចការតែមួយបានយូរឡើយ ដែលនាំឱ្យងាយនឹងមានការរំខាន ហើយការគេងស្កប់ស្កល់ជួយផ្ទេរព័ត៌មានពីការចងចាំរយៈពេលខ្លី ទៅកាន់ការចងចាំរយៈពេលវែង។ បើគ្មានវាទេ អ្នកនឹងភ្លេចការងារសំខាន់ៗ ឬចំណុចសំខាន់នៃកិច្ចប្រជុំ។

ការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលដល់ផ្នែក Prefrontal Cortex នៃខួរក្បាលដែលទទួលបន្ទុកខាងការគ្រប់គ្រងការសម្រេចចិត្ត អ្នកនឹងប្រឈមនឹងការសម្រេចចិត្តបែបប្រថុយប្រថានខ្លាំងពេក ឬមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យកិច្ចការងាយៗក្លាយជាពិបាក។ ចំពោះសុខភាពផ្លូវចិត្ត និងការងារដើរទន្ទឹមគ្នា កង្វះការគេងធ្វើឱ្យអ្នកងាយខឹងនិងឆាប់មានប្រតិកម្មអវិជ្ជមានជាមួយសហការី ឬអតិថិជន។ ចំណែកឯ ខួរក្បាលដែលហត់នឿយមិនអាចបង្កើតគំនិតថ្មីៗ ឬដំណោះស្រាយច្នៃប្រឌិតបានឡើយ។

យោងតាមការសិក្សា មនុស្សដែលគេងមិនលក់មានល្បឿនប្រតិកម្មយឺតយ៉ាវ ប្រហាក់ប្រហែលនឹងមនុស្សដែលស្រវឹងស្រាដែរ។ អ្នកនឹងចំណាយពេលយូរជាងមុនដើម្បីបញ្ចប់ការងារដដែល ហើយកំហុសអក្ខរាវិរុទ្ធ កំហុសលេខ ឬការផ្ញើរអ៊ីមែលខុសនឹងកើតមាមឡើងជាញឹកញាប់ផងដែរ។

 

 

 

 

អត្ថបទដោយ៖ សុធា