(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការអន្តរក្រសួង តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងអភិបាលនៃគណអភិបាលខេត្តតាមប្រព័ន្ធវីដេអូផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។


ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិនេះ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទី និងបានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរនៃការអនុវត្តគោលនយោបាយជាតិក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ។
លើសពីនេះ កិច្ចប្រជុំគណៈកម្មការនេះ បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមលើវិស័យនេះ និងបានពិនិត្យស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិនេះ និងជំរុញអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។


ប្រភព៖ ក្រសួងពាណិជ្ជកម្ម