ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ រយៈពេល៣ថ្ងៃ នាខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើ នារសៀលថ្ងៃទី១៤ ខែមករានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណែកមួយរបស់សាធារណជនទូទៅ ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរយើង និងជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី និងកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយបានស្គាល់ យល់ដឹង និងចូលរួមថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ តម្លៃវប្បធម៌អរូបី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។

លោក លី សារី បញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ ក៏នឹងផ្សព្វផ្សាយដល់ភ្ញៀវទេសចរបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលផងដែរ។ ក្នុងន័យនេះ សូមស្នើដល់មន្ទីរអង្គភាពក្នុងខេត្ត សហការជាមួយអ្នកពាក់ព័ន្ធឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ មានសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យល្អ ដំណើរការបានទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ។

សូមជម្រាបថា ពិធីបុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦នេះ ក្រៅពីមានការប្រកួតបង្ហោះខ្លែង ក៏មានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៌បង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ

កែសម្រួល៖ លោក អ៊ុន ណារាជ្យ