ក្នុងបរិបទនៃសង្គមសម័យទំនើប ពាក្យថា "ស្អាតស្អំ" មិនមែនសំដៅត្រឹមតែអនាម័យរាងកាយខាងក្រៅប៉ុណ្ណោះទេប៉ុន្តែវាមានអត្ថន័យទូលំទូលាយគ្របដណ្តប់លើ សីលធម៌ សុចរិតភាពនិងការរស់នៅប្រកបដោយគុណធម៌។ ការរក្សាខ្លួនឱ្យស្អាតស្អំប្រៀបបាននឹងការសាបព្រួសគ្រាប់ពូជដ៏ល្អសម្រាប់វាសនាមនុស្សម្នាក់ៗ និងជាថ្នាំបង្ការមេរោគសង្គម។ ការរក្សាខ្លួនឱ្យស្អាតស្អំ ផ្តល់នូវផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងមហិមាសម្រាប់អនាគតគឺ នៅពេលបុគ្គលម្នាក់រស់នៅដោយសុចរិតមិនពាក់ព័ន្ធនឹងអំពើអបាយមុខ ឬអំពើពុករលួយគេនឹងទទួលបានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួន ហើយកិត្តិយសគឺជា "ទ្រព្យជាប់ខ្លួន" ដែលមិនអាចទិញបានដោយប្រាក់កាស។

នៅក្នុងស្ថាប័ន ឬក្រុមហ៊ុនធំៗគឺតែងតែផ្តល់តម្លៃខ្ពស់លើភាពស្មោះត្រង់ ចំពោះបុគ្គលដែលមានប្រវត្តិស្អាតស្អំតែងមានឱកាសជោគជ័យខ្ពស់និងមានស្ថិរភាពក្នុងតំណែងការងារវែងឆ្ងាយ។ មួយវិញទៀត ការមិនប្រព្រឹត្តខុស ច្បាប់ និងសីលធម៌ ជួយឱ្យយើងរស់នៅដោយគ្មានការភ័យខ្លាចគ្មានការស្តីបន្ទោសពីសតិសម្បជញ្ញៈ ខ្លួនឯង ដែលជាគ្រឹះនៃសុភមង្គលពិតប្រាកដ។ ចំពោះបុគ្គលដែលស្អាតស្អំម្នាក់ គឺជាកោសិកាដ៏មានសុខភាពល្អនៃសង្គម ហើយការកាត់បន្ថយអំពើពុករលួយ ប្រសិនបើមនុស្សគ្រប់គ្នាប្រកាន់ខ្ជាប់នូវភាពស្អាតស្អំនោះអំពើពុករលួយដែលជាមហារីកសង្គមនឹងត្រូវបានកម្ចាត់។ ធនធានជាតិនឹងត្រូវបានប្រើប្រាស់ចំគោលដៅដើម្បីអភិវឌ្ឍប្រទេស។ ចំណែក អាកប្បកិរិយារបស់មនុស្សចាស់ដែលស្អាតស្អំ គឺជាមេរៀនដែលគ្មានអក្សរសម្រាប់ក្មេងៗ វានឹងបង្កើតជាវប្បធម៌ ភាពអៀនខ្មាសចំពោះអំពើបាបនៅក្នុងសង្គមផងដែរ។ ជាទូទៅ សង្គមមានបុគ្គលស្អាតស្អំច្រើននឹងមានអត្រាឧក្រិដ្ឋកម្មទាបជម្លោះតិចនិងមានសាមគ្គីភាពខ្ពស់គឺអាចទាក់ទាញដល់ការវិនិយោគពីបរទេសទៀតផង។

នៅក្នុងការទំនាក់ទំនងរវាងភាពស្អាតស្អំ និងការអភិវឌ្ឍគឺ យើងមិនអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពឡើយ ប្រសិនបើធនធានមនុស្សខ្វះភាពស្អាតស្អំ ភាពឆ្លាតវៃដែលគ្មានគុណធម៌ អាចបង្កគ្រោះថ្នាក់ដល់សង្គម ប៉ុន្តែភាពស្អាតស្អំរួមផ្សំនឹងចំណេះដឹង គឺជាថាមពលដែលជំរុញជាតិឱ្យរុងរឿង។ ដូច្នេះ ការរក្សាខ្លួនឱ្យស្អាតស្អំមិនមែនជារឿងហួសសម័យ ឬជារឿងខាតបង់នោះទេ វាគឺជាការវិនិយោគដែលមានសុវត្ថិភាពបំផុតសម្រាប់អនាគត។ នៅពេលយើងម្នាក់ៗស្អាតស្អំ គ្រួសារនឹងមានសុភមង្គលហើយសង្គមជាតិនឹងរឹងមាំ។
អត្ថបទ៖ សុធា