
រសៀលថ្ងៃទីបីនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុននៅមណ្ឌលសុខភាពកោះរ៉ុងស្ថិតនៅលើដែនកោះកណ្តាលសមុទ្រក្នុងខេត្តព្រះសីហនុ បានសង្កេតឃើញថាបុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃមណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាតអ្នកជំងឺត្រូវបានទទួលពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ មិនមានការរង់ចាំគុណភាពសេវាត្រូវបានវាយតម្លៃថា គ្រប់គ្រាន់និងមានការរីកចម្រើនបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី បានសង្កេតឃើញថាចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមអោយបានល្អ ដូចជាការទំនាក់ទំនងត្រូវប្រកបដោយទំនុកចិត្តនិងភាពជិតស្និទ្ធ។ គួរត្រូវរំលឹកថាគុណភាពសេវាមិនមែនស្ថិតតែលើចំណេះដឹងប៉ុន្តែស្ថិតលើទឹកចិត្តនិងស្មារតីផងដែរ។ ឯសណ្ដាប់ធ្នាប់និងការរៀបចំឧបករណ៍បរិក្ខាពេទ្យមានភាពល្អទន្ទឹមនឹងនោះការលះបង់និងឆន្ទៈរបស់ប្រធានមណ្ឌលនិងបុគ្គលិកត្រូវបានស្នើឱ្យពង្រឹងបន្ថែមទាំងការបំពេញភារកិច្ចវិន័យខ្ជាប់ខ្ជួននិងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការងារដើម្បីឈានទៅរកភាពប្រសើរឡើង។ ជារួមមណ្ឌលសុខភាពកោះរ៉ុងទទួលបានការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយនិងត្រូវបានលើកទឹកចិត្តឱ្យក្រុមការងារបន្តអនុវត្តកិច្ចការស្របគោលនយោបាយរបស់ក្រសួងសុខាភិបាលដើម្បីអភិវឌ្ឍសមត្ថភាពអោយប្រសើរឡើង។ សារពីឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល៖ «ទោះនៅដែនកោះឆ្ងាយក្តីក៏ប្រជាជនយើងគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាពនិងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរដើម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋអោយក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លានិងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាលយើង»៕
ប្រភព៖ ក្រសួងព័ត៌មាន