តួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពក្នុងវិបត្តិអ៊ីរ៉ង់ បានទាក់ទាញការសាទរយ៉ាងខ្លាំងផ្នែកការទូតពីអន្តរជាតិ ដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួនដល់ទីក្រុងអ៊ីស្លាម៉ាបាដ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅតែចោទជាសំណួរថា តើផលចំណេញទាំងនេះអាចជួយដោះស្រាយវិបត្តិរចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃរបស់ប្រទេសនេះបានកម្រិតណា។

នាយករដ្ឋមន្ត្រី Shehbaz Sharif និងមេបញ្ជាការកងទ័ព លោកនាយឧត្តមសេនីយ៍ Asim Munir បានចូលរួមក្នុងកិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុង Buergenstock ប្រទេសស្វីស កាលពីចុងសប្តាហ៍មុន។ នេះជាចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនខែរបស់ប៉ាគីស្ថាន ក្នុងការចរចាដ៏ស្មុគស្មាញបំផុតមួយនៅលើឆាកអន្តរជាតិ។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានពោលពាក្យសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលទៅកាន់លោក Munir នៅពេលជួបគ្នានៅទីក្រុងរមណីយដ្ឋាននោះ មុនពេលចាប់ដៃនិងឱបមេទ័ពរូបនេះ។

ភាគីទាំងពីរ រួមទាំងមេដឹកនាំពិភពលោកជាច្រើនរូប បានថ្លែងអំណរគុណដល់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានជួយបន្ធូរសីតុណ្ហភាពជម្លោះ ដែលអាចប្រឈមនឹងការបិទច្រកសមុទ្រ Hormuz ជាយូរខែ ដែលនាំឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកធ្លាក់ចុះ និងបំផ្លាញសេដ្ឋកិច្ចសកលលោក។

របកគំហើញការទូតនេះបានលើកមុខមាត់របស់ប៉ាគីស្ថានយ៉ាងខ្លាំង។ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសដែលមានប្រជាជន ២៥០ លាននាក់មួយនេះ មានឱកាសប្រែក្លាយ «សុច្ឆន្ទៈអន្តរជាតិ» ឱ្យទៅជាផលចំណេញសេដ្ឋកិច្ច បន្ទាប់ពីបានឆ្លងកាត់វដ្តសេដ្ឋកិច្ចឡើងចុះ អស់ជាច្រើនទសវត្សរ៍។ ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ណាមួយក៏ដោយ គឺមិនអាចដោះស្រាយបញ្ហារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅបានឡើយ រួមមាន វិសមភាពសង្គម និងសេដ្ឋកិច្ច មូលដ្ឋានប្រមូលពន្ធនៅតូចចង្អៀត និង ការពឹងផ្អែកលើកញ្ចប់ថវិកាសង្គ្រោះដដែលៗពីមូលនិធិរូបិយវត្ថុអន្តរជាតិ។

ប្រទេសប៉ាគីស្ថានកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៤,០% និងអតិផរណា ៨,២% សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ធៀបនឹងកំណើន ៣,៧% ក្នុងឆ្នាំសារពើពន្ធ ២០២៦ (ដែលបញ្ចប់ក្នុងខែមិថុនា) និងអតិផរណាជាមចម្យម ៦,៧% គិតចាប់ពីខែកក្កដា ដល់ខែឧសភា។

លោក Khurram Schehzad ទីប្រឹក្សារដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន បានថ្លែងថា ប្រទេសដែលផ្ដល់ស្ថិរភាពក្នុងស្រុក និងជួយជំរុញស្ថិរភាពនៅបរទេស នឹងក្លាយជាគោលដៅដ៏មានទំនុកចិត្តសម្រាប់ការវិនិយោគ។ របៀបវារៈសេដ្ឋកិច្ចដែលផ្តោតលើកំណើន រួមផ្សំនឹងកេរ្តិ៍ឈ្មោះជាអ្នកកសាងសន្តិភាព ធ្វើឱ្យប៉ាគីស្ថានស្ថិតក្នុងជំហរអំណោយផលមួយក្នុងការទាក់ទាញការវិនិយោគលើធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងវិស័យសក្តានុពលនានា។

អ្នកវិភាគជាច្រើនរំពឹងថានឹងមានការគាំទ្រកើនឡើងពីសហរដ្ឋអាមេរិក ទោះបីជាមិនទាន់មានសញ្ញាច្បាស់លាស់ក៏ដោយ។ លោក Alex Vatanka នាយកកម្មវិធីអ៊ីរ៉ង់នៅវិទ្យាស្ថានមជ្ឈិមបូព៌ាក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ផលចំណេញធំបំផុតសម្រាប់ប៉ាគីស្ថាន គឺសក្តានុពលនៃការបង្កើតភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមបញ្ចូលទាំងវិស័យការពារជាតិផងដែរ។ លោក Miftah Ismail អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានលើកឡើងថា លទ្ធភាពមួយទៀតគឺ ការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ អាចបើកផ្លូវឱ្យមាន ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន កាន់តែខ្លាំង ជាពិសេសតាមរយៈព្រំដែនគោក Balochistan។

ប្រវត្តិសាស្ត្របានបង្ហាញថា បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ និងការឈ្លានពានរបស់សហរដ្ឋអាមេរិកលើអាហ្វហ្គានីស្ថាន ការចូលរួមសហការរបស់ទីក្រុងអ៊ីស្លាម៉ាបាដជាមួយទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានជួយឱ្យប៉ាគីស្ថានទទួលបានការរៀបចំបំណុលឡើងវិញពីម្ចាស់បំណុលទ្វេភាគីជាងដប់ប្រទេស រួមទាំងការគាំទ្រជាថ្មីពី IMF និងជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កាលនោះប៉ាគីស្ថានបានបរាជ័យក្នុងការទាញយកអត្ថប្រយោជន៍រយៈពេលវែង ដោយសារតែភាពទន់ខ្សោយនៃរចនាសម្ព័ន្ធផ្ទៃក្នុង។

លោក Khurram Husain អ្នកអត្ថាធិប្បាយសេដ្ឋកិច្ច និងជាអ្នកកាសែត បានប្រៀបធៀបថា ស្ថានភាពបច្ចុប្បន្នមានភាពស្រដៀងគ្នានឹងក្រោយព្រឹត្តិការណ៍ ប៉ុន្តែមានភាពខុសគ្នាដ៏សំខាន់មួយ៖ កាលពីមុន គឺជារំកិលខ្លួនចូលទៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃដែលប៉ាគីស្ថានត្រូវឈរនៅជួរមុខប៉ុន្តែពេលនេះ ប៉ាគីស្ថានកំពុងដើរតួនាទីជាអ្នកបង្កើតសន្តិភាព។ភាពខុសគ្នានោះមានន័យថា អានុភាពរបស់ប៉ាគីស្ថាននៅពេលនេះ គឺការផ្តល់ផលប្រយោជន៍ដល់ភាគីជាច្រើនក្នុងពេលដំណាលគ្នា ទាំងទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ បណ្តារដ្ឋឈូងសមុទ្រ តួកគី និងចិន។ ទោះជាយ៉ាងណាក៏ដោយ លោក Ismail បានព្រមានថា តួនាទីការទូតនេះគ្រាន់តែជួយបង្កើនកិត្យានុភាពអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ ការនាំចេញខ្សោយ និងបន្ទុកបំណុលបរទេសដែលបង្ខំឱ្យប៉ាគីស្ថានត្រូវតែពឹងផ្អែកលើ IMF នោះឡើយ។

លោក Ismail បញ្ជាក់ ផ្ទះរបស់យើងកំពុងមានភាពច្របូកច្របូល ដែលជនបរទេសមិនអាចជួយយើងបានទេ លុះត្រាតែយើងជួយខ្លួនឯងជាមុនសិន។ គ្មានអ្វីនៅក្នុងសង្គ្រាមនេះ អាចផ្លាស់ប្តូរការពិតដែលថាយើងនៅតែត្រូវបន្តពឹងផ្អែកលើ IMF នោះទេ។ លោក Asim Ijaz Khawaja សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard បានផ្តល់អនុសាសន៍ថា ប៉ាគីស្ថានគួរតែជៀសវាងការទាមទារសម្បទានហិរញ្ញវត្ថុរយៈពេលខ្លីដែលមិនបង្កើតផលិតភាព។ ផ្ទុយទៅវិញ គួរតែស្វែងរក ការផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ ការទទួលបានទីផ្សារអនុគ្រោះសម្រាប់ផលិតផលវាយនភ័ណ្ឌ និងសេវាកម្មព័ត៌មានវិទ្យា និងការផ្ទេរបច្ចេកវិទ្យា និងក្របខ័ណ្ឌវិនិយោគបៃតង។

ស្របពេលជាមួយគ្នានេះ លោក Hamish Falconer រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា និងអ្នកការទូតលោកខាងលិចផ្សេងទៀត បានបង្ហាញការចាប់អារម្មណ៍ក្នុងការរឹតចំណងពាណិជ្ជកម្មជាមួយប៉ាគីស្ថានបន្ថែមទៀត បន្ទាប់ពីឃើញកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។

លោក Atif Mian សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Princeton បានសង្ខេបថា រង្វាន់ពិតប្រាកដសម្រាប់ប៉ាគីស្ថាន គឺ របត់សន្តិភាព ទាំងខាងក្នុងនិងខាងក្រៅ ដែលបង្កើតឡើងនៅលើពាណិជ្ជកម្មក្នុងតំបន់ ការតភ្ជាប់ថាមពលជាមួយអ៊ីរ៉ង់ និងការធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសឈូងសមុទ្រ និងតួកគី។

ជាចុងក្រោយ លោក Adeel Malik សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Oxford បានព្រមានថា ប្រសិនបើគ្មានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ពិតប្រាកដទេ ប្រទេសនេះអាចនឹងប្រឈមមុខនឹងការផ្ទុះការតវ៉ាពីសំណាក់យុវជន និងវណ្ណៈកណ្តាលដែលកំពុងរងគ្រោះ ដោយសារតែប្រព័ន្ធបច្ចុប្បន្នគ្រាន់តែជួយពន្យារដង្ហើមឱ្យក្រុមឥស្សរជនកាន់អំណាច ប៉ុន្តែបានបន្សល់ទុកនូវអសន្តិសុខសង្គម និងសេដ្ឋកិច្ចសម្រាប់ជាតិទាំងមូល។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters