[បាងកក]៖ ប៉ូលិសថៃកំពុងបើកការស៊ើបអង្កេត និងតាមស្វែងរកអ្នកជិះម៉ូតូម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានបុកស្ត្រីអាយុ៧២ឆ្នាំម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវក្នុងតំបន់ Suksawat នៃទីក្រុងបាងកក បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យ មុនពេលអ្នកជិះម៉ូតូបានរត់គេចពីកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងប្រមាណម៉ោង ៦:៣៨នាទីព្រឹក ថ្ងៃទី២៥ ខែសីហា នៅចំណុចផ្លូវថ្មើរជើងខាងមុខមន្ទីរពេទ្យអន្តរជាតិ Bangpakok 1 លើផ្លូវ Suksawat ។

ជនរងគ្រោះឈ្មោះ Wilaiphorn Sutthichujit អាយុ៧២ឆ្នាំ ត្រូវបានរាយការណ៍ថា កំពុងដើរឆ្លងផ្លូវ ហើយនៅពេលនាងឈានដល់ផ្លូវកណ្តាល ស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកពីផ្លូវខាងស្តាំក្នុងល្បឿនលឿន និងមិនបានឈប់ផ្តល់អាទិភាពដល់អ្នកថ្មើរជើង។ ម៉ូតូបានបុកនាងយ៉ាងខ្លាំង បណ្តាលឱ្យនាងរងរបួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិ Bangpakok 1 ដើម្បីសង្គ្រោះ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។

តាមវីដេអូកាមេរ៉ាសុវត្ថិភាព អ្នកជិះម៉ូតូបានដួលជាមួយម៉ូតូក្រោយការបុក ប៉ុន្តែបានក្រោកឡើងវិញ ហើយជួយលើកអ្នកដំណើរម្នាក់ដែលរងរបួសឡើងលើម៉ូតូ រួចជិះគេចចេញពីកន្លែងកើតហេតុ ដោយមិនបានឈប់ពិនិត្យមើលស្ថានភាពជនរងគ្រោះឡើយ។ អ្នកប្រើប្រាស់ Facebook ម្នាក់ឈ្មោះ Suttichujit Bara បានបង្ហោះសារស្នើសុំជំនួយពីសាធារណជន ព្រមទាំងចែករំលែកវីដេអូ CCTV នៃហេតុការណ៍ ដើម្បីស្វែងរកព័ត៌មានដែលអាចជួយកំណត់អត្តសញ្ញាណអ្នកជិះម៉ូតូ និងអ្នកដំណើរ។

តាមការពិនិត្យវីដេអូ CCTV របស់អាជ្ញាធរទីក្រុងបាងកក គេឃើញមនុស្សចំនួន៣នាក់កំពុងជិះលើម៉ូតូ។ អ្នកជិះត្រូវបានពិពណ៌នាថា ជាបុរសរាងកាយធ្ងន់ ពាក់អាវដៃវែង ខណៈអ្នកដំណើរពីរនាក់ទៀត គឺបុរសម្នាក់ និងស្ត្រីម្នាក់។ ម៉ូតូដែលពាក់ព័ន្ធត្រូវបានកំណត់ថា ជាម៉ូតូ Honda PCX ពណ៌ខៀវ មានប្រអប់ដឹកជញ្ជូនអាហារ។ ទោះជាយ៉ាងណា កាមេរ៉ាសុវត្ថិភាពដែលមានស្រាប់ មិនអាចបង្ហាញស្លាកលេខម៉ូតូបានយ៉ាងច្បាស់នៅឡើយទេ ដែលធ្វើឱ្យការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធកាន់តែពិបាក។

ក្រុមគ្រួសាររបស់ជនរងគ្រោះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលអាចបានឃើញហេតុការណ៍ ឬធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុ ចន្លោះម៉ោង ៦:២០នាទី ដល់ ៦:៥០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា សូមផ្តល់វីដេអូពី Dashcam កាមេរ៉ាខាងក្រោយ ទូរស័ព្ទដៃ ឬកាមេរ៉ាសុវត្ថិភាពនៅតំបន់ក្បែរនោះ ដល់សមត្ថកិច្ច។ គ្រួសារបានបញ្ជាក់ថា សូម្បីតែវីដេអូដែលអាចបង្ហាញបានតែផ្នែកមួយនៃស្លាកលេខ ឬដំណើររបស់ម៉ូតូ ក៏អាចក្លាយជាតម្រុយសំខាន់សម្រាប់ជួយសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធបានផងដែរ។

ជាមួយគ្នានេះ សាច់ញាតិរបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោ Jeerasak Homnan អធិការរងផ្នែកស៊ើបអង្កេត នៃអធិការដ្ឋាននគរបាលក្រុងរ៉ាត់ប៊ូរ៉ាណា ដើម្បីស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងចាត់វិធានការតាមផ្លូវច្បាប់។ សមត្ថកិច្ចកំពុងប្រមូលភស្តុតាង និងពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅតំបន់ជុំវិញ ដើម្បីស្វែងរកតម្រុយនាំទៅកាន់អ្នកជិះម៉ូតូ និងអ្នកដំណើរដែលបានចាកចេញពីកន្លែងកើតហេតុ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ khaosod English