[ទីក្រុងប៊ែន]៖ បន្ទាប់ពីឆ្លងកាត់ការរអាក់រអួលក្នុងរយៈពេលខ្លី កិច្ចចរចាអនុវត្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញហើយ។ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅប្រទេសស្វីស ដែលនេះអាចជាដំណាក់កាលសម្រេចចិត្តមួយក្នុងការប្រែក្លាយ អនុស្សរណៈសង្រ្គាមដ៏ផុយស្រួយ ឱ្យទៅជាដំណោះស្រាយនយោបាយដ៏ទូលំទូលាយ និងមានស្ថិរភាព។ ការរុញច្រានផ្នែកការទូតជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានអន្តរាគមន៍បន្ទាន់ពីមន្ត្រីស្វីស និងកាតា ក្រោយពេលភាពមិនច្បាស់លាស់ជុំវិញការចូលរួមរបស់ភាគីអ៊ីរ៉ង់ បានធ្វើឱ្យកាលវិភាគចរចារំខានមួយរយៈពេលខ្លី។ សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស លោក Ignazio Cassis បានបើកកិច្ចពិគ្រោះយោបល់ជាមួយនាយករដ្ឋមន្ត្រីកាតា លោក Muhammad bin Abdulrahman bin Jassim al-Thani នៅទីក្រុង Bürgenstock។ បើតាមប្រភពពី RFE/RL អន្តរការីប៉ាគីស្ថាន រួមទាំងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្រោចស្រង់ដំណើរការចរចានេះផងដែរ។

កាលពីថ្ងៃទី២០ ខែមិថុនា ក្រុមអ្នកជំនាញបច្ចេកទេសបានបន្តកិច្ចប្រជុំត្រៀមរៀបចំនៅរមណីយដ្ឋានមួយក្នុងប្រទេសស្វីស ខណៈទីក្រុងប៊ែនបានបញ្ជាក់ជាសាធារណៈថាកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ រដ្ឋាភិបាលស្វីសបានគូសបញ្ជាក់ថា ខ្លួននៅតែបន្តដើរតួនាទីផ្តល់ទីតាំងប្រកបដោយការសម្ងាត់ និងគួរឱ្យទុកចិត្ត ដើម្បីសម្រួលដល់កិច្ចពិភាក្សានៅ Bürgenstock លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ បន្ទាប់មក ទាំងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ សុទ្ធតែបានបញ្ជាក់ថា អ្នកចរចារបស់ខ្លួនកំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីស។

គណៈប្រតិភូជាន់ខ្ពស់របស់អ៊ីរ៉ង់បានធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ូរិច កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា មុនពេលកិច្ចចរចាផ្លូវការចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា។ ក្រុមការងារអ៊ីរ៉ង់ត្រូវបានដឹកនាំដោយប្រធានសភា លោក Mohammad Baqer Qalibaf រួមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi, អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baqaei ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្នែកធនាគារ និងប្រេងកាត។ សមាសភាពនេះបានបង្ហាញច្បាស់ថា ការបន្ធូរបន្ថយទណ្ឌកម្ម និងការស្តារសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពចម្បងរបស់ទីក្រុងតេអេរ៉ង់។

នៅខាងភាគីអាមេរិក អនុប្រធានាធិបតី លោក JD Vance ត្រូវបានរំពឹងថានឹងចូលរួមជាមួយបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតី Donald Trump ដែលកំពុងដំណើរការពិនិត្យលើព័ត៌មានលម្អិតបច្ចេកទេសរួចជាស្រេចទៅហើយ។ នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចាកចេញពីមូលដ្ឋានទ័ពអាកាស Joint Base Andrews លោក JD Vance បានលើកឡើងពីរបៀបវារៈបន្ទាន់ចំនួនពីរគឺ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការស្តារស្ថិរភាព និងបទឈប់បាញ់នៅក្នុងប្រទេសលីបង់។

លោក JD Vance បានបញ្ជាក់ថា យើងរំពឹងថានឹងសម្រេចបាននូវវឌ្ឍនភាពលើបញ្ហានុយក្លេអ៊ែរ និងបទឈប់បាញ់នៅលីបង់។ ទាំងពីរនេះជារឿងធំដែលយើងត្រូវផ្តោតអារម្មណ៍។ លោកបានបន្ថែមថា កិច្ចចរចានេះនឹងចំណាយពេលពីរថ្ងៃ។ ការលើកឡើងរបស់លោកបានបង្ហាញថា បញ្ហានៅលីបង់ និងការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងក្រុម Hezbollah គឺមានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតជាមួយផ្លូវការទូតរវាងអាមេរិក និងអុីរ៉ង់។

លោក Victor J. Willi នាយកប្រតិបត្តិនៃវិទ្យាស្ថានមជ្ឈិមបូព៌ានៅប្រទេសស្វីស បានវិភាគថា ការដែលភាគីទាំងពីរសុខចិត្តត្រឡប់មកតុចរចាវិញ បានឆ្លុះបញ្ចាំងពីតថភាពយុទ្ធសាស្ត្រមួយគឺ ទាំងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ សុទ្ធតែចង់ចាកចេញពីសង្រ្គាម។ លោក Willi បានប្រាប់ RFE/RL ថា ខ្ញុំគិតថារដ្ឋបាលលោក ត្រាំ ពិតជាមានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់សង្រ្គាមនេះ។វាមិនមែនជាសង្រ្គាមដែលទទួលបានការគាំទ្រពីសាធារណជននោះទេ ហើយវាក៏អាចប៉ះពាល់ដល់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិផងដែរ។ ឯខាងភាគីអ៊ីរ៉ង់វិញ ក៏មានបំណងចង់បញ្ចប់សង្រ្គាមនេះដូចគ្នា។

ទោះជាយ៉ាងណា លោក Willi បានព្រមានថា ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះនៅតែងាយរងគ្រោះ ដោយសារតែ សំណុំរឿងលីបង់។ ចំណុចគន្លឹះដ៏ស្មុគស្មាញគឺបញ្ហានៅលីបង់ និងជំហររបស់អ៊ីស្រាអែល។ តាមទស្សនៈរបស់លោក អ៊ីរ៉ង់កំពុងស្ទាបស្ទង់មើលថាតើអាមេរិកមានឆន្ទៈ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដើម្បីរក្សាស្ថិរភាពនៃសន្តិភាពនេះដែរឬទេ។ ការវាយតម្លៃនេះស្របគ្នានឹងសម្តីរបស់លោក Vance។ នៅពេលគេសួរថាតើការផ្ទុះអាវុធឡើងវិញនៅលីបង់អាចធ្វើឱ្យកិច្ចប្រឹងប្រែងការទូតនេះបរាជ័យដែរឬទេ អនុប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា ស្ថានភាពកំពុងមានភាពធូរស្រាលបន្តិចហើយ ប៉ុន្តែបទឈប់បាញ់ត្រូវការការគ្រប់គ្រងដិតដល់ជាបន្តបន្ទាប់។

លោក Willi បានបន្ថែមថា ប្រទេសលីបង់គឺជាកត្តាសម្រេចថាតើកិច្ចព្រមព្រៀងក្នុងរយៈពេលអនុវត្ត ៦០ថ្ងៃនេះ អាចរស់រានបានដែរឬទេ។ ក្រៅពីនេះ នយោបាយផ្ទៃក្នុងរបស់អ៊ីស្រាអែលក៏ជាឧបសគ្គមួយដែរ ព្រោះប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឃើញរបបដឹកនាំអ៊ីរ៉ង់ដួលរលំ។ នេះបានបង្កើតឱ្យមានការពិតនយោបាយប្រជែងគ្នាខ្លាំងរវាង ទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ និងហ្សេរុយសាឡឹម ដែលមិនងាយនឹងសម្របសម្រួលជាមួយគ្នាឡើយ។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើគោលដៅនានានៅលីបង់ បានសម្លាប់មនុស្សអស់រាប់សិបនាក់រួចទៅហើយ។

កិច្ចពិភាក្សាបច្ចេកទេសនេះ ក៏ផ្តោតលើការស្តារឡើងវិញនូវការចុះត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លើរោងចក្រនុយក្លេអ៊ែរខ្នាតធំរបស់អ៊ីរ៉ង់ រួមមាន រោងចក្រ Fordow, រោងចក្រ Natanz និងមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរ Isfahan។ ការអនុញ្ញាតនេះ នឹងក្លាយជាការវិលត្រឡប់មកវិញលើកដំបូងរបស់អ្នកត្រួតពិនិត្យអន្តរជាតិ ចាប់តាំងពីមានសង្រ្គាមរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥។ ជាការដោះដូរ ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ចំនួនរាប់ពាន់លានដុល្លារដែលរក្សាទុកក្នុងប្រទេសកាតា ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ ដូចជាការទិញស្បៀងអាហារ និងឱសថ។ លោក Willi បានបញ្ជាក់ថា ផ្នែកបច្ចេកទេសនេះហើយដែលជាអ្នកកំណត់ថា តើអនុស្សរណៈនេះអាចក្លាយជាកិច្ចព្រមព្រៀងពិតប្រាកដបានឬអត់។ ខាងកម្មវិធីនុយក្លេអ៊ែរ ត្រូវតែមានរបបត្រួតពិនិត្យ ដ៏តឹងរ៉ឹង និងគួរឱ្យទុកចិត្ត។ 

ការអនុវត្តនឹងមានភាពស្មុគស្មាញខ្លាំង ព្រោះវាមិនអាចធ្វើឡើងត្រឹមតែតាមរយៈក្រឹត្យរបស់ប្រធានាធិបតីអាមេរិកនោះទេ ប៉ុន្តែវាទាមទារឱ្យមានការកែប្រែច្បាប់ និងការយល់ព្រមពីសភា ដើម្បីឱ្យក្រុមហ៊ុនលោកខាងលិចមានទំនុកចិត្តក្នុងការត្រឡប់ទៅវិនិយោគវិញ។ ការរស់ឡើងវិញនៃកិច្ចការទូតនេះ កើតឡើងចំពេលមានភាពតានតឹងជាថ្មីនៅតំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz បន្ទាប់ពីទីក្រុងតេអេរ៉ង់បានរឹតបន្តឹងការធ្វើនាវាចរណ៍ពាណិជ្ជកម្មម្តងទៀត។ លោក Trump បានព្រមានថា អ៊ីរ៉ង់មិនត្រូវដាក់ពន្ធ ឬរំខានដល់នាវាដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រនេះឡើយ ហើយវ៉ាស៊ីនតោនអាចនឹងឆ្លើយតបតាមផ្លូវយោធា ប្រសិនបើគ្មានដំណោះស្រាយ។

សម្រាប់លោក Willi ច្រកសមុទ្រ Hormuz គឺជាសូចនាករវាស់វែងដែលច្បាស់លាស់បំផុតក្នុងការមើលថាតើអ៊ីរ៉ង់ពិតជាមានឆន្ទៈផ្លាស់ប្តូរឥរិយាបថមែនឬអត់។ ប្រសិនបើការវាយប្រហារលើនាវាដឹកជញ្ជូនត្រូវបានបញ្ឈប់ ហើយមានការបង្កើតយន្តការគ្រប់គ្រងផ្លូវសមុទ្រប្រកបដោយទំនុកចិត្ត នោះទើបបញ្ជាក់ថាការទូតកំពុងមានប្រសិទ្ធភាព។ វាក៏នឹងជះឥទ្ធិពលភ្លាមៗដល់ទីផ្សារថាមពលសកលផងដែរ ព្រោះប្រហែល ១ ភាគ ៤ នៃប្រេង និងឧស្ម័នពិភពលោកត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏ចង្អៀតមួយនេះ។ នៅក្នុងកិច្ចចរចាដ៏សំខាន់នេះ ប្រទេសស្វីសដើរតួជាម្ចាស់ផ្ទះផ្តល់ទីតាំង និងការធានាសន្តិសុខ ច្រើនជាងធ្វើជាអ្នកសម្របសម្រួល ខណៈដែលកាតា និងប៉ាគីស្ថាន ជាអ្នករ៉ាប់រងកិច្ចការការទូតភាគច្រើន។ ទោះជាយ៉ាងណា លោក Willi បានសង្កត់ធ្ងន់ថា សង្រ្គាមរយៈពេល ១១០ថ្ងៃកន្លងមកនេះ បានផ្តល់មេរៀនយុទ្ធសាស្ត្រមួយសម្រាប់អឺរ៉ុប គឺ ត្រូវពឹងផ្អែកលើខ្លួនឯង ដោយសារតែការធ្លាក់ចុះនៃទំនុកចិត្តលើការធានាសន្តិសុខរយៈពេលវែងពីសហរដ្ឋអាមេរិក។

នាពេលនេះ សំណួរចម្បងចំពោះមុខក្រុមអ្នកការទូតនៅ Bürgenstock គឺ តើរយៈពេល ៦០ ថ្ងៃខាងមុខ អាចបំប្លែងអនុស្សរណៈសម័យសង្គ្រាមនេះ ទៅជាស្ថាបត្យកម្មសន្តិភាពដ៏រឹងមាំ និងយូរអង្វែងបានដែរឬទេ? ទាំងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ សុទ្ធតែចូលតុចរចាដោយភាពជឿជាក់លើប្រៀបប្រយុទ្ធរៀងៗខ្លួន ប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺការបំប្លែង អានុភាពយោធា ឱ្យទៅជា សន្តិភាពនយោបាយ ជានិរន្តរ៍។

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Eurasia Review