រុក្ខជាតិក្រវាញត្រូវបានគេរកឃើញថាមាន ដើមកំណើតដំបូងនៅក្នុងទឹកដី ឥណ្ឌា សព្វថ្ងៃវាបានជារុក្ខជាតិមួយដែលមានវត្តមាននៅលើទឹកដីនៃ ប្រទេសជាច្រើនទៀត ។ គ្រាប់និងប្រេងរបស់រុក្ខជាតិ ក្រវាញ ឬ Cardamom ជាភាសាអង់គ្លេសត្រូវបាន គេប្រើប្រាស់សម្រាប់ព្យាបាលឬសម្រាប់ថែរក្សាសុខភាពអស់រយៈពេលជាច្រើនសតវត្សន៍ណាស់មកហើយមានតម្លៃនិងល្បីល្បាញទាំងក្នុងវិស័យម្ហូបអាហារនិងឱសថបុរាណ។

I.ដើមកំណើត
ក្រវាញ គឺជាឈ្មោះទូទៅសម្រាប់ប្រភេទរុក្ខជាតិជាច្រើនក្នុងអំបូរ Zingiberaceae (អំបូររំដេង ឬខ្ញី) ដែលមានពីរប្រភេទធំៗ៖
• ក្រវាញបៃតងមានដើមកំណើតនៅប្រទេសឥណ្ឌា និងម៉ាឡេស៊ី ក្រវាញខ្មៅ/ត្នោត មានដើមកំណើតនៅតំបន់ហិម៉ាល័យខាងកើតនិងអាស៊ីអាគ្នេយ៍។
ក្រវាញនៅកម្ពុជា ក្រវាញខ្មែរ (ឬក្រវាញសៀម) ត្រូវបានគេដឹងថាដុះដោយខ្លួនឯងយ៉ាងសម្បូរនៅតំបន់ជួរភ្នំក្រវាញដែលលាតសន្ធឹងលើខេត្តពោធិ៍សាត់ កោះកុង និងបាត់ដំបង។
• ក្រវាញជាប្រភេទរុក្ខជាតិមានដើមធំដុះបែកជាគុម្ពរស់បានយូរឆ្នាំមានលក្ខណៈស្រដៀងនឹងរំដេងឬខ្ញីដែរ។ ផ្នែកដែលគេប្រើប្រាស់សំខាន់គឺ ផ្លែ (ឬគ្រាប់) និង ដើមខ្ចី ឬ បណ្តូល។ ផ្លែមានក្លិនក្រអូបប្រហើរ ឈ្ងុយ ព្រមទាំងមានរសជាតិហឹរបន្តិច។
II. អត្ថប្រយោជន៍ និងសារៈសំខាន់ផ្នែកឱសថ
ក្រវាញត្រូវបានប្រើប្រាស់ជាឱសថបុរាណអស់រយៈពេលរាប់សតវត្សរ៍មកហើយដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុផ្សេងៗទៀត។
• ក្រវាញជួយសម្រួលការដើរខ្យល់ក្នុងពោះវៀនកាត់បន្ថយអាការៈហើមពោះ ចុកសៀត និងជួយរំលាយអាហារបានស្រួល គេប្រើក្រវាញដើម្បីកែរោគខ្យល់ ឬអាហារមិនរលាយ។
• ជួយកាត់បន្ថយស្លេស្ម៍និងសម្រួលចលនាដង្ហើម ពិសេសពេលមានផ្តាសាយតឹងច្រមុះ វាក៏ត្រូវបានគេប្រើដើម្បីទម្លាក់ឈាមអាក្រក់ផងដែរ។
• ការសិក្សាខ្លះបានបង្ហាញថាសារធាតុអង់ទីអុកស៊ីតកម្មក្នុងក្រវាញអាចជួយសម្រួលសម្ពាធឈាមចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺលើសឈាម។
• ក្រវាញត្រូវបានប្រើដើម្បីកាត់បន្ថយក្លិនមាត់និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីមួយចំនួននៅក្នុងមាត់ដែលអាចបង្កឱ្យមានការពុកធ្មេញ។
• សមាសធាតុមួយចំនួននៅក្នុងក្រវាញអាចជួយកាត់បន្ថយការរលាកនៅលើកោសិកាដែលអាចបង្ការជំងឺរ៉ាំរ៉ៃបាន។

III. អត្ថប្រយោជន៍ និងការយកទៅប្រើប្រាស់ក្នុងជីវភាព
ក្រវាញមានការប្រើប្រាស់យ៉ាងទូលំទូលាយទាំងក្នុងមុខម្ហូប និងផលិតផលផ្សេងដូចជា ដើមខ្ចីៗ ឬបណ្ដូលខ្ចីៗរបស់ដើមក្រវាញត្រូវបានគេយកទៅធ្វើជាបន្លែសម្រាប់មុខម្ហូបដូចជា ឆាក្តៅសាច់គោឬ សម្លរម្ជូរសាច់គោ ក្រវាញផ្ដល់រសជាតិឈ្ងុយ ក្រអូបខ្លាំង ជាមុខម្ហូបល្បីមួយដែលប្រើក្រវាញដើម្បីបន្ថែមរសជាតិ ប្រើផ្លែក្រវាញលាយជាមួយគ្រឿងទេសផ្សេងៗ។
• ផ្លែត្រូវបានគេយកទៅធ្វើជាគ្រឿងទេសសំខាន់សម្រាប់លាយក្នុងសម្លរឬម្សៅការីនានាគេប្រើក្រវាញដើម្បីលាយជាមួយតែឬកាហ្វេដើម្បីបង្កើនរសជាតិ និងក្លិនក្រអូបឈ្ងុយ។
• ប្រេងដែលចម្រាញ់ចេញពីក្រវាញត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មទឹកអប់ឱសថនិងសម្រាប់ម៉ាស្សាសម្រួលសាច់ដុំ។ ក្រវាញត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការធ្វើនំផ្អែមនំប៉័ងនិងបង្អែមនៅក្នុងប្រទេសជាច្រើនពិសេសនៅតំបន់មជ្ឈិមបូព៌ានិងប្រទេសស្កង់ឌីណាវ។
សរុបមក ក្រវាញមិនត្រឹមតែជាធនធានធម្មជាតិដ៏សម្បូរបែបដែលផ្តល់អត្ថប្រយោជន៍ដល់ជីវភាព (តម្លៃទីផ្សារ) ប៉ុណ្ណោះទេ ថែមទាំងជាឱសថ និងគ្រឿងផ្សំដ៏សំខាន់សម្រាប់សុខភាពផងដែរ។
អត្ថបទ៖ ជួន សុធា