បាងកក៖ អភិបាលរាជធានីបាងកក លោក Chadchart Sittipunt កាលពីថ្ងៃទី២៥ ខែកញ្ញា បានព្រមានប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍ជាប់ប្រឡាយទឹកនៅភាគខាងកើតទីក្រុង ឱ្យផ្លាស់ទីរបស់របរទៅកាន់ទីទួលខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានធ្វើឱ្យកម្រិតទឹកនៅក្នុងប្រឡាយមួយចំនួនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ។

តំបន់ដែលត្រូវបានតាមដានយ៉ាងដិតដល់ រួមមាន មីនបុរី ឡាត់ក្របាង និងសាយម៉ៃ ដោយសារប្រព័ន្ធសម្ពាធទាបដែលនៅសេសសល់ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងធ្វើឱ្យប្រព័ន្ធប្រឡាយបង្ហូរទឹកនៅតំបន់ទាំងនេះជិតដល់កម្រិតសមត្ថភាព។ រដ្ឋបាលរាជធានីបាងកក (BMA) បានបង្កើនប្រតិបត្តិការបូម និងបង្ហូរទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក និងប្រព័ន្ធបង្ហូរទឹកសំខាន់ៗ ដើម្បីបន្ថយកម្រិតទឹកក្នុងប្រឡាយឱ្យបានលឿនបំផុត។ នៅតំបន់ Phra Nakhon ប្រព័ន្ធបូមទឹកកំពុងដំណើរការពេញសមត្ថភាពរហូតដល់ ១.២០០ ម៉ែត្រគូបក្នុងមួយវិនាទី។

ក្នុងអំឡុងពេលមួយយប់ បរិមាណទឹកភ្លៀងបានកើនដល់ ១៣៣ មីលីម៉ែត្រ ហើយបន្ថែមប្រមាណ ៣០ មីលីម៉ែត្រទៀត ចាប់ពីព្រឹកដល់រសៀល នៅតំបន់ Khlong Sam Wa, Sai Mai, Min Buri និងតំបន់ភាគខាងកើតផ្សេងទៀត រហូតដល់ Lat Krabang។ ទោះបីមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ លោក Chadchart បាននិយាយថា ផ្លូវធំៗនៅក្នុងទីក្រុងមិនទាន់ប្រឈមបញ្ហាធ្ងន់ធ្ងរទេ ដោយទឹកភាគច្រើនត្រូវបានប្រមូលផ្តុំនៅតាមផ្លូវជាប់ប្រឡាយ និងផ្លូវតូចៗតាមចិញ្ចើមផ្លូវ។ ទឹកដែលហូរចេញពីតំបន់ភាគខាងកើត ត្រូវបានបញ្ជូនចូលទៅក្នុង Khlong Saen Saep, Khlong Phra Ong Chao និង Khlong Prawet មុនពេលបន្តហូរទៅកាន់ទ្វារទឹក Phra Khanong ដើម្បីបង្ហូរចេញ។

លោក Chadchart បានសង្កត់ធ្ងន់ថា អាទិភាពបន្ទាន់របស់ BMA គឺកាត់បន្ថយកម្រិតទឹកក្នុងប្រឡាយឱ្យបានឆាប់បំផុត ព្រោះប្រព័ន្ធបង្ហូរទឹកនៅតែស្ថិតក្រោមសម្ពាធ ហើយអាចមានភ្លៀងធ្លាក់បន្ថែមទៀត។ BMA កំពុងប្រើប្រាស់ផ្លូវរូងក្រោមដីបង្ហូរទឹកធំៗ ស្ថានីយ៍បូមទឹក អង្គភាពជំរុញទឹក និងទ្វារទឹក ដើម្បីបញ្ជូនទឹកចេញពីបណ្តាញប្រឡាយទៅកាន់ទន្លេចៅប្រាយ៉ា។

ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺផ្លូវរូងក្រោមដី Bueng Nong Bon ដែលជួយបញ្ជូនទឹកពីតំបន់ Sukhumvit ឆ្ពោះទៅ Bang Na និងស្ថានីយ៍បូមទឹកផ្លូវរូងក្រោមដី Bang Ao។ ស្ថានីយ៍ Bang Ao មានម៉ាស៊ីនបូមទឹកចំនួន៦គ្រឿង ក្នុងនោះ៤គ្រឿងកំពុងដំណើរការ ខណៈលំហូរទឹកចូលបច្ចុប្បន្នមានប្រមាណ ៤០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលនៅក្រោមសមត្ថភាពប្រព័ន្ធ ៦០ ម៉ែត្រគូបក្នុងមួយវិនាទី។ ទឹកត្រូវបានបញ្ជូនពីតំបន់ Bang Na-Sukhumvit 101/1 តាមរយៈ Khlong Nong Bon, Khlong Phet និង Khlong Bang Ao មុនពេលបង្ហូរចូលទន្លេចៅប្រាយ៉ា ក្នុងចម្ងាយប្រមាណ១គីឡូម៉ែត្រ។

លោក Chadchart បានចាត់ទុកភាគខាងកើតទីក្រុងបាងកកថា ជាតំបន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយសារកម្រិតទឹកក្នុងប្រឡាយនៅតែខ្ពស់។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា មិនទាន់មានទឹកជំនន់ផ្លូវរីករាលដាលនៅតំបន់កណ្តាលទីក្រុងទេ ដែលលោកបានភ្ជាប់ទៅនឹងការកែលម្អប្រព័ន្ធលូ និងការសម្អាតបំពង់បង្ហូរទឹក។ លោកបានបន្ថែមថា ប្រព័ន្ធលូរបស់ទីក្រុងគួរតែអាចគ្រប់គ្រងស្ថានការណ៍បាន ប្រសិនបើភ្លៀងធ្លាក់ចុះ និងប្រែទៅជាភ្លៀងធ្លាក់ក្នុងកម្រិតស្រាលជាងមុន។ មន្ត្រីត្រូវបានណែនាំឱ្យធានាថា បំពង់លូ និងផ្លូវបង្ហូរទឹកមិនមានការស្ទះ។

ទោះជាយ៉ាងនេះក្តី ភ្លៀងធ្លាក់បន្ថែមនៅពេលល្ងាចនៅតែអាចបង្កឱ្យមានទឹកជំនន់កាន់តែខ្លាំង ដូច្នេះមន្ត្រីត្រូវបានដាក់ពង្រាយដើម្បីតាមដានតំបន់ដែលងាយរងគ្រោះ ខណៈប្រជាពលរដ្ឋត្រូវបានណែនាំឱ្យពិនិត្យស្ថានភាពផ្លូវ និងការធ្វើដំណើរ មុនពេលចេញដំណើរ។ លោក Chadchart ក៏បានណែនាំគ្រួសារដែលរស់នៅតាមមាត់ប្រឡាយ ឱ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ បើទោះបីលោករំពឹងថាស្ថានភាពនឹងមិនធ្ងន់ធ្ងរខ្លាំងក៏ដោយ។

សម្រាប់តំបន់តាមដងទន្លេចៅប្រាយ៉ា នៅភាគកណ្តាលទីក្រុងបាងកក បច្ចុប្បន្នមិនទាន់ត្រូវបានចាត់ទុកថាជាតំបន់ប្រឈមខ្ពស់នោះទេ ប៉ុន្តែ BMA នឹងបន្តតាមដានស្ថានការណ៍រហូតដល់ថ្ងៃទី២៧ ខែកញ្ញា។

នៅតាមប្រឡាយដែលមានកម្រិតទឹកខ្ពស់ ម៉ាស៊ីនបូមទឹកកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កើនល្បឿនលំហូរទឹក ខណៈទ្វារទឹកត្រូវបានគ្រប់គ្រង ដើម្បីពន្លឿនការបង្ហូរទឹកចេញពីប្រព័ន្ធ។

លោក Chadchart បានពន្យល់ថា BMA មិនអាចបញ្ជូនទឹកពី Khlong Prawet ទៅកាន់តំបន់ Paet Riu ក្នុងខេត្ត Chachoengsao បានទេ ដោយសារប្រព័ន្ធប្រឡាយធារាសាស្ត្រស្ថិតនៅក្នុងទិសដៅនោះ ហើយការផ្លាស់ប្តូរលំហូរទឹកអាចប៉ះពាល់ដល់កសិករ។ ការគ្រប់គ្រងទឹកនៅតំបន់នេះស្ថិតក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានធារាសាស្ត្ររាជវង្ស។ លោកបានបន្ថែមថា BMA កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តជិតខាង រួមមាន Samut Prakan និង Chachoengsao ដែលក៏កំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ 

បើប្រៀបធៀបសមត្ថភាពបង្ហូរទឹកនៅឆ្នាំ២០២៦ ជាមួយឆ្នាំ២០២៥ លោក Chadchart បានលើកឡើងពីការប្រើប្រាស់ផ្លូវរូងក្រោមដីបង្ហូរទឹកដែលមានស្រាប់ ការកែលម្អស្ថានីយ៍បូមទឹកជាច្រើន ការកែលម្អបំពង់បង្ហូរទឹក និងការលើកកម្ពស់កម្រិតផ្លូវ ដែលបានជួយកាត់បន្ថយការលិចទឹកនៅតំបន់មួយចំនួន។

លោកបានលើកយក Ramkhamhaeng Soi 21 និង Soi 24 ជាឧទាហរណ៍ ដោយកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធបង្ហូរទឹកត្រូវបានកែលម្អនៅតំបន់មួយចំនួន ដែលអនុញ្ញាតឱ្យផ្លូវនៅតែអាចប្រើប្រាស់បាន ទោះបីប្រឡាយមានទឹកពេញក៏ដោយ។ ទោះជាយ៉ាងណា ក្នុងចំណោមចំណុចប្រឈមទឹកជំនន់ជាង៧០០កន្លែងដែលត្រូវបានកំណត់អត្តសញ្ញាណ មានជាង២០០កន្លែងនៅតែត្រូវការការកែលម្អបន្ថែម ដែលលោក Chadchart បានប៉ាន់ប្រមាណថា ស្មើប្រមាណ២០ភាគរយនៃចំណុចប្រឈមទាំងនោះ។

ប្រព័ន្ធសម្ពាធទាបនៅតែគ្របដណ្តប់លើទីក្រុងបាងកក ដោយមជ្ឈមណ្ឌលរបស់វាស្ថិតនៅផ្នែកខាងកើតនៃរាជធានី។ ប្រព័ន្ធនេះត្រូវបានរំពឹងថានឹងផ្លាស់ទីបន្តិចម្តងៗទៅទិសខាងលិច ហើយស្ថានភាពអាកាសធាតុអាចចាប់ផ្តើមធូរស្រាលចាប់ពីថ្ងៃទី២៧ ខែកញ្ញា នៅពេលប្រព័ន្ធសម្ពាធទាបផ្លាស់ទីចេញពីតំបន់។

អភិបាលរងរាជធានីបាងកក លោក Wisanu Subsompon បានបញ្ជាក់ថា Khlong Saen Saep និង Khlong Prawet គឺជាប្រឡាយបង្ហូរទឹកសំខាន់ៗរបស់ទីក្រុង។ Khlong Prawet ទទួលទឹកពីតំបន់ Phra Khanong, Suan Luang, Prawet, Saphan Sung និង Lat Krabang ហើយត្រូវការការបង្ហូរទឹកយ៉ាងលឿនទៅកាន់ស្ថានីយ៍បូមទឹក Phra Khanong។ ស្ថានីយ៍ Phra Khanong ក៏ទទួលទឹកពី Khlong Saen Saep ផងដែរ ខណៈបណ្តាញបង្ហូរទឹកត្រូវបានគ្រប់គ្រងស្របគ្នាជាមួយ Khlong Lat Phrao។ លោក Wisanu បានបញ្ជាក់ថា ទឹកបន្ថែមនៅតែបន្តហូរចូលក្នុងប្រព័ន្ធ ដូច្នេះការតាមដាន និងគ្រប់គ្រងកម្រិតទឹកនៅតំបន់ភាគខាងកើតបាងកក នៅតែជាអាទិភាពរហូតដល់ស្ថានភាពអាកាសធាតុធូរស្រាល។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The Straits Times