ឡុងដ៍៖ការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល បន្ទាប់ពីបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ក្រុមហ៊ុន NATS បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ។
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើរចំនួន ៣២៧ជើង នៅថ្ងៃពុធ បន្ថែមលើជើងហោះហើរប្រមាណ១,៧៥០ជើង ដែលត្រូវបានលុបចោលកាលពីថ្ងៃអង្គារ ខណៈបញ្ហាបច្ចេកទេសបានកើតឡើង។
ក្រុមហ៊ុនNATS ដែលជាអ្នកផ្តល់សេវាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ចក្រភពអង់គ្លេស បានចេញសេចក្តីសុំទោសចំពោះការរំខាននេះ ហើយបានបញ្ជាក់នៅរសៀលថ្ងៃពុធថា ប្រតិបត្តិការរបស់ខ្លួនបានវិលត្រឡប់មករកស្ថានភាពមានស្ថិរភាពវិញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានសន្យាថានឹងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃបញ្ហា។
បញ្ហាលើកនេះត្រូវបានចាត់ទុកថាជាករណីខូចខាតបច្ចេកទេសធ្ងន់ធ្ងរលើកទី៣ របស់ NATS ក្នុងរយៈពេលប្រហែល៣ឆ្នាំ។ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ខ្លួននៅតែមានទំនុកចិត្តលើប្រធានក្រុមហ៊ុន NATS លោក Martin Rolfe ទោះបីជារដ្ឋមន្ត្រីការបរទេស Ed Miliband បានពណ៌នាការដាច់ប្រព័ន្ធនេះថា «មិនអាចទទួលយកបាន» ក៏ដោយ។
លោក Rolfe ដែលបានដឹកនាំ NATS អស់រយៈពេល១១ឆ្នាំ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Heidi Alexander នៅព្រឹកថ្ងៃពុធ។ រដ្ឋមន្ត្រីបានបង្ហាញពី «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះផលប៉ះពាល់ដែលកើតឡើងចំពោះអ្នកដំណើរ និងវិស័យអាកាសចរណ៍។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសនៅ Downing Street បានបញ្ជាក់ថា NATS ដែលរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ៤៩% នឹងត្រូវរាយការណ៍លម្អិតអំពីមូលហេតុនៃបញ្ហានេះត្រឡប់ទៅរដ្ឋាភិបាលវិញក្នុងរយៈពេលមួយសប្តាហ៍។
ទោះបីប្រព័ន្ធបានដំណើរការឡើងវិញក៏ដោយ ក៏អាជ្ញាធរបានព្រមានថា ផលប៉ះពាល់អាចបន្តកើតមានរយៈពេលជាច្រើនថ្ងៃ ដោយសារយន្តហោះ និងបុគ្គលិកអាកាសចរណ៍ត្រូវការរៀបចំទីតាំង និងកាលវិភាគឡើងវិញ បន្ទាប់ពីការពន្យារពេល និងការលុបចោលជាច្រើន។
យោងតាមទិន្នន័យពី FlightRadar អាកាសយានដ្ឋានដែលរងផលប៉ះពាល់ខ្លាំងរួមមាន Heathrow, Gatwick, Manchester និង Birmingham។
នេះមិនមែនជាលើកទីមួយដែល NATS ជួបប្រទះបញ្ហាធ្ងន់ធ្ងរនោះទេ។ កាលពីឆ្នាំ ២០២៣ ការដាច់ប្រព័ន្ធកុំព្យូទ័ររបស់ NATS ក្នុងអំឡុងចុងសប្តាហ៍ថ្ងៃឈប់សម្រាកសាធារណៈខែសីហា បានបង្កភាពវឹកវរដល់អ្នកដំណើរប្រមាណ ៧០០,០០០នាក់ និងបណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអាកាសចរណ៍។
កាលពីឆ្នាំ២០២៥ ក៏មានករណីដាច់ប្រព័ន្ធមួយទៀត ប៉ុន្តែមានកម្រិតតូចជាងនេះ ដែលបានបណ្តាលឱ្យលុបចោលជើងហោះហើរប្រមាណ ១៥០ជើង។
NATS គឺជាក្រុមហ៊ុនដែលដំណើរការក្រោមរចនាសម្ព័ន្ធរដ្ឋ និងឯកជន ដោយរដ្ឋាភិបាលអង់គ្លេសកាន់កាប់ភាគហ៊ុន ៤៩% ខណៈភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាននានា រួមមាន British Airways, easyJet, Virgin Atlantic និង Heathrow ព្រមទាំងបុគ្គលិករបស់ NATS។
អាជ្ញាធរអាកាសចរណ៍បានណែនាំឱ្យអ្នកដំណើរបន្តតាមដានព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនជាប្រចាំ ខណៈប្រតិបត្តិការអាកាសចរណ៍នៅចក្រភពអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាលវិលត្រឡប់ទៅរកភាពប្រក្រតី។
ប្រភព៖BCC