យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនលើតំបន់ Tula របស់រុស្ស៊ី ខណៈមនុស្ស ៨នាក់បានរងរបួសនៅទីក្រុងគៀវ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបង្កឱ្យមានអគ្គិភ័យនៅក្នុងអគារអាផាតមិនកម្ពស់ ៩ជាន់ កាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា។ អ៊ុយក្រែន ដែលបានតស៊ូការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ការវាយប្រហាររបស់ខ្លួនជាផ្នែកមួយនៃយុទ្ធនាការដើម្បី «នាំសង្គ្រាមត្រឡប់ទៅផ្ទះ» របស់ប្រជាជនរុស្ស៊ី និងបង្កើនការចំណាយសម្រាប់ទីក្រុងមូស្គូ ក្នុងការបន្តសង្គ្រាម។

នៅទីក្រុងគៀវ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបង្កឱ្យមានភ្លើងឆេះនៅអគារអាផាតមិនមួយកន្លែង។ រូបភាពរបស់ Reuters បានបង្ហាញក្រុមសេវាសង្គ្រោះកំពុងព្យាយាមពន្លត់អគ្គិភ័យ ខណៈបង្អួចមួយចំនួននៅក្នុងអគារត្រូវបានបំផ្លាញ។ ការវាយប្រហារនេះកើតឡើងស្របពេលដែលរុស្ស៊ីបានបន្តការវាយប្រហារតាមអាកាសលើទីក្រុងគៀវស្ទើរតែរាល់ថ្ងៃក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការផ្អាកមួយរយៈខ្លី អំឡុងពេលក្រុមអ្នកចរចារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងគៀវ ដើម្បីស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាម។ នៅប្រទេសរុស្ស៊ី អភិបាលតំបន់ Tula លោក Dmitry Milyayev បាននិយាយតាម Telegram ថា មនុស្ស ២នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារដោយដ្រូនពេញមួយយប់។

ជាមួយគ្នានេះ ដ្រូនរបស់អ៊ុយក្រែនក៏បានវាយប្រហារទីក្រុង Saratov ដែលស្ថិតនៅតាមដងទន្លេ Volga និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួន។ អភិបាលតំបន់ លោក Roman Busargin បាននិយាយថា មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះទេ។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករុស្ស៊ី Ozon បានឱ្យដឹងតាម Telegram ថា ការវាយប្រហារដោយដ្រូនបានបង្កឱ្យមានអគ្គិភ័យនៅមជ្ឈមណ្ឌលភស្តុភាររបស់ខ្លួនក្នុងទីក្រុង Saratov។ ប្រភពដដែលបានបញ្ជាក់ថា ឃ្លាំងជាង ២០កន្លែងរបស់ Ozon និង Wildberries ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំមួយរបស់រុស្ស៊ី ក៏ត្រូវបានវាយប្រហារនាពេលថ្មីៗនេះផងដែរ។ តំបន់ Saratov គឺជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនជាញឹកញាប់។ តំបន់នេះមានរោងចក្រចម្រាញ់ប្រេងដ៏ធំមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនប្រេងរដ្ឋ Rosneft ព្រមទាំងទីតាំងឧស្សាហកម្ម និងយោធាមួយចំនួនទៀត។ នៅទីក្រុង Volgograd ដែលស្ថិតនៅភាគខាងត្បូងនៃ Saratov និងតាមដងទន្លេ Volga ដែរ ការវាយប្រហារដោយមីស៊ីលបានបណ្តាលឱ្យមនុស្ស ២នាក់រងរបួស បន្ទាប់ពីអគារលំនៅដ្ឋានចំនួន ២ត្រូវបានវាយប្រហារ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា កំទេចកំទីពីការវាយប្រហារក៏បានធ្វើឱ្យខូចខាតដល់រោងចក្រឧស្សាហកម្មមួយផងដែរ។

អាជ្ញាធរបានបង្កើតជម្រកបណ្តោះអាសន្ននៅក្នុងសាលារៀនមួយ សម្រាប់ប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគេរងការខូចខាត។ ព័ត៌មានលម្អិតអំពីរោងចក្រឧស្សាហកម្មដែលរងការខូចខាត មិនត្រូវបានបង្ហាញឡើយ។ រោងចក្រចម្រាញ់ប្រេង Volgograd ដែលគ្រប់គ្រងដោយក្រុមហ៊ុន Lukoil និងជាផ្នែកមួយនៃសមត្ថភាពចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី មានទីតាំងនៅជាយក្រុង Volgograd ។ យ៉ាងណាក៏ដោយ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យភ្លាមៗនូវរបាយការណ៍អំពីការវាយប្រហារ និងការខូចខាតទាំងនេះបានទេ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters