[ប្រទេសជប៉ុន]៖ បុគ្គលិកធ្វើការក្នុងផ្សារទំនើបមួយកន្លែងនៅភាគខាងត្បូងប្រទេសជប៉ុន បានរៀបរាប់ពីទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាច ខណៈគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារ និងរញ៉េរញ៉ៃអគារកាលពីថ្ងៃអង្គារ កន្លងទៅ។ គ្រោះធម្មជាតិនេះបានបណ្តាលឱ្យពួកគេដួលផ្ទប់ទៅនឹងឥដ្ឋ និងគ្របដណ្តប់ដោយពពកធូលីយ៉ាងក្រាស់ឃ្មែល។ យ៉ាងណាមិញ ពួកគេនៅតែជាអ្នកដែលមានសំណាង ដោយសារតែត្រឹមតែជាងមួយម៉ោងក្រោយមក គ្រោះមហន្តរាយដ៏សាហាវមួយទៀតបានកើតឡើងបន្ត។
លោក Sonoda បានរៀបរាប់ថា មនុស្សម្នាបានស្រែកអាឡេអាឡូឱ្យគ្នាចាកចេញពីអគារ ស្របពេលដែលស៊ីរ៉ែនប្រកាសអាសន្នបានរោទិ៍ឡើង។ ផ្លូវធ្វើដំណើរនៅក្បែរនោះត្រូវបានបិទខ្ទប់ ហើយបរិយាកាសទាំងមូលគឺពោរពេញដោយភាពភ័យស្លន់ស្លោ។ គួរបញ្ជាក់ថា បន្ទាប់ពីអគារផ្សារទំនើបនេះធ្លាប់រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រ នៅខេត្ត Kumamoto កាលពីខែមេសា ឆ្នាំ២០១៦ ក្រុមហ៊ុនប្រតិបត្តិករបានពង្រឹងពិដានការពាររញ្ជួយដី និងកែលម្អសុវត្ថិភាពទូទៅ ដើម្បីបង្កើនភាពធន់នៃអគារក្នុងការអភិវឌ្ឍឡើងវិញ។

ទោះជាយ៉ាងណា បុគ្គលិកម្នាក់ក្នុងចំណោមហាងទាំង ២០០ នៅក្នុងផ្សារទំនើបនេះ បានប្រាប់កាសែត Yomiuri ថា ការរញ្ជួយកាលពីថ្ងៃអង្គារបានធ្វើឱ្យអគាររញ័រខ្លាំងក្នុងរយៈពេល ១០វិនាទី និងបានធ្វើឱ្យលោកដួលលុតជង្គង់នៅលើឥដ្ឋ។ ចំណែកឯបុគ្គលិកអាយុ ២២ឆ្នាំម្នាក់ទៀត នៅរោងកុននៃផ្សារទំនើបនេះ បានឱ្យដឹងថា ការរញ្ជួយដីដែលបានកើតឡើងនៅម៉ោងប្រហែល ៤:៣០នាទីរសៀល ត្រូវបាំងជិតដោយពពកធូលីដី ដែលរឹតតែបង្កភាពភ័យសញោចបន្ថែមទៀត។
លោក Akio Yoshida ប្រធានក្រុមហ៊ុន Aeon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា បុគ្គលិកបានខិតខំជម្លៀសអ្នកដើរទិញឥវ៉ាន់ប្រមាណ ៣,០០០នាក់ ចេញពីអគារក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីរញ្ជួយដីបានកើតឡើង។ ប៉ុន្តែសំណាងមិនល្អ មនុស្សមួយចំនួនតូចនៅតែស្ថិតនៅក្នុងអគារនៅឡើយ នៅពេលដែលការផ្ទុះមួយបានកើតឡើងនៅ ៥០នាទីក្រោយមក។

លោកបានរៀបរាប់ប្រាប់ទូរទស្សន៍ TBS ថា ពពកផ្សែងដ៏ធំបានហុយឡើង ហើយដោយសារតែកម្លាំងខ្យល់បក់តម្រង់មកហាង វាមើលទៅដូចជាផេះភ្នំភ្លើងកំពុងធ្លាក់ចុះមកលើពួកយើងអញ្ចឹង។ លោក Yoshida បានបន្ថែមថា តាមធម្មតា ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ន និងប្រព័ន្ធសុវត្ថិភាព អាចបិទការផ្គត់ផ្គង់ឧស្ម័នពីចម្ងាយតាមប្រព័ន្ធរ៉េដ្យូក្នុងករណីមានអាសន្ន។ លោកបានគូសបញ្ជាក់ថា លទ្ធភាពដែលការផ្ទុះនេះបណ្តាលមកពីឧស្ម័នគឺ «ខ្ពស់ណាស់» ប៉ុន្តែការស៊ើបអង្កេតស៊ីជម្រៅគឺចាំបាច់បំផុតដើម្បីស្វែងរកមូលហេតុពិតប្រាកដ។
លោកបានមានប្រសាសន៍បន្ថែមថា យើងពិតជាមិនបានរំពឹងទុកទាល់តែសោះថាការផ្ទុះបែបនេះអាចកើតឡើងបាន។ ក្នុងប្រវត្តិប្រតិបត្តិការអាជីវកម្មរបស់ផ្សារទំនើប Aeon ជាច្រើនឆ្នាំមកនេះ យើងមិនដែលជួបប្រទះគ្រោះថ្នាក់បែបនេះពីមុនមកឡើយ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters