ល្បែងបោះអង្គញ់ គឺជាល្បែងប្រជាប្រិយខ្មែរមួយដ៏ចំណាស់និងមានប្រជាប្រិយភាពបំផុតដែលតែងតែឃើញមានលេងកម្សាន្តយ៉ាងផុសផុលជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ល្បែងបោះអង្គញ់មានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងសង្គមខ្មែរហើយបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនតាំងពីបុរាណ។
ល្បែងនេះប្រើគ្រាប់ផ្លែឈើព្រៃមួយប្រភេទហៅថាគ្រាប់អង្គញ់ដែលមានសម្បកខាងក្រៅរឹងមាំនិងមានរាងសំប៉ែតបន្តិច។ដើមអង្គញ់ភាគច្រើនដុះនៅតាមតំបន់ព្រៃភ្នំនៃខេត្តដូចជាស្ទឹងត្រែងនិងក្រចេះ។ដូចទៅនឹងល្បែប្រជាប្រិយផ្សេងទៀតដែរល្បែងបោះអង្គញ់ត្រូវបានគេលេងតាំងពីបុរាណមកម្ល៉េះក្នុងរដូវដែលប្រជាជនទំនេរពីការងារស្រែចម្ការពោលគឺអំឡុងខែមេសាដែលជាពេលវេលានៃពិធីបុណ្យចូលឆ្នាំខ្មែរ។
ក្រៅពីការកម្សាន្តល្បែងនេះក៏ជាមធ្យោបាយមួយសម្រាប់ ក្រុមយុវវ័យ(រុស-ស្រី) អាចប្រាស្រ័យទាក់ទងគ្នានិងលេងល្បែងលក្ខណៈប្រកួតប្រជែងផងដែរ។ល្បែងបោះអង្គញ់ជាធម្មតាត្រូវបែងចែកជាពីរក្រុម(ភាគច្រើនក្រុមប្រុសនិងក្រុមស្រី)ដោយមានការប្រកួតប្រជែងគ្នាដូចតទៅ

- ក្រុមនីមួយៗរៀបគ្រាប់អង្គញ់របស់ខ្លួន(ហៅថាកោយដាំ)ជាជួរឬជារាងពីរ៉ាមីត (ដូចជា ៣ គ្រាប់ ឬ ៥ គ្រាប់) នៅលើដី។
-ក្រុមម្ខាងទៀតឈរឆ្ងាយពីចម្ងាយកំណត់ហើយប្រើគ្រាប់អង្គញ់របស់ខ្លួន (ហៅថា កោយបោះ) បោះសំដៅទៅកោយដាំរបស់គូប្រកួត។
* ក្រុមណាដែលបោះត្រូវកោយដាំរបស់គូប្រកួតច្រើនជាងក្រុមនោះជាអ្នកឈ្នះ។ក្រុមដែលចាញ់ត្រូវទទួលទោសដែលគេហៅថា "ចូស" ឬ "បាយគក់"។ ការចូសគឺក្រុមឈ្នះយកគ្រាប់អង្គញ់ គក់ ឬបោក ទៅលើជង្គង់របស់ក្រុមចាញ់ដើម្បីបង្កើតសំឡេង "តាក់!" យ៉ាងឮ ដែលបង្កជាការសើចសប្បាយ។ប្រសិនបើការគក់មិនឮសម្លេងត្រឹមត្រូវក្រុមចាញ់មានសិទ្ធិគក់តបវិញបាន។

*ល្បែងបោះអង្គញ់តំណាងឱ្យតម្លៃជាច្រើននៅក្នុងសង្គមខ្មែរ៖
• ជាពេលវេលាដែលអ្នកភូមិប្រមូលផ្តុំគ្នាលេងកម្សាន្តសប្បាយបន្ធូរអារម្មណ៍ពីការនឿយហត់ការងារ។វាគឺជាឱកាសដ៏ល្អសម្រាប់ក្មេងប្រុសនិងក្មេងស្រីអាចលេងជាមួយគ្នាដោយបើកចំហរ ដែលជាផ្នែកមួយនៃការចែចូវនិងការបង្កើតចំណងមិត្តភាព។ល្បែងនេះទាមទារនូវ ភាពប៉ិនប្រសប់ ក្នុងការតម្រង់ទិសដៅ និងកម្លាំងដៃ ព្រមទាំងបង្ហាញពីស្មារតីប្រកួតប្រជែងដោយភាពរីករាយ។ការលេងបោះអង្គញ់ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ ថែរក្សាកេរ្តិ៍ដំណែល វប្បធម៌ដូនតាឱ្យនៅគង់វង្ស និងបន្តទៅដល់មនុស្សជំនាន់ក្រោយ។
*ល្បែងបោះអង្គញ់ មិនត្រឹមតែជាការបោះគ្រាប់អង្គញ់ទៅលើគូប្រកួតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពវប្បធម៌ដែលផ្ទុកទៅដោយ ការសើចសប្បាយ មិត្តភាព និងស្មារតីជាតិ ក្នុងឱកាសពិធីបុណ្យប្រពៃណីដ៏សំខាន់របស់ខ្មែរ។
អត្ថបទ៖ ជួន សុធា