- សិល្បៈចម្លាក់មិនមែនជាទម្រង់សិល្បៈដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែវាជាការវិវឌ្ឍន៍បន្តិចម្តងៗនៃការប្រើប្រាស់ដៃ និងការយល់ដឹងអំពីវត្ថុធាតុរបស់មនុស្ស។ ដើមកំណើតរបស់វាអាចតាមដានទៅដល់សម័យមុនប្រវត្តិសាស្ត្រ ដែលជាសម័យកាលមុនមានការកត់ត្រាជាលាយលក្ខណ៍អក្សរ។
- សម្រាប់ប្រទេសកម្ពុជា សិល្បៈចម្លាក់ មានតួនាទីយ៉ាងសំខាន់ និងជាមរតកវប្បធម៌ដ៏អស្ចារ្យបំផុត។
- • សម័យមុនអង្គរ: គេឃើញមានរូបចម្លាក់ព្រះហិណ្ឌូនិងព្រះពុទ្ធសាសនាធ្វើពីថ្មនិងសំរឹទ្ធិ ដែលមានលក្ខណៈសាមញ្ញ តែមានកម្លាំងនិងភាពទាក់ទាញ។
- • សម័យអង្គរ (ស.វ.ទី៩ - ទី១៥): គឺជាយុគសម័យមាសនៃចម្លាក់ខ្មែរ។ ចម្លាក់លៀននៅលើជញ្ជាំងប្រាសាទ (Bas-reliefs) ដ៏ធំធេងនៅ អង្គរវត្ត និង បាយ័ន បានបង្ហាញយ៉ាងក្បោះក្បាយនូវរឿងទេវកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងទិដ្ឋភាពជីវិតប្រចាំថ្ងៃ។ រូបចម្លាក់ដាច់ដែលជាព្រះពុទ្ធបដិមា ឬទេវរូប ក៏មានភាពរស់រវើក ស្រស់ស្អាត និងមានលក្ខណៈសម្គាល់តាមរចនាបថនីមួយៗ។
- • រចនាបថល្បីៗ: រួមមាន រចនាបថ គូលែន រចនាបថ កោះកេរ រចនាបថ បន្ទាយស្រី (ភាពលម្អិតល្អិតល្អន់) រចនាបថ អង្គរវត្ត (ភាពរឹងមាំ ថ្លៃថ្នូរ) និងរចនាបថ បាយ័ន (ស្នាមញញឹមអាថ៌កំបាំង ឬ ញញឹមបាយ័ន លើព្រហ្មមុខបួន)។
- * ចម្លាក់មិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ វាមានតួនាទីជាច្រើន៖
- 1. កត់ត្រាប្រវត្តិសាស្ត្រនិងវប្បធម៌: វាជាឯកសារយោងរូបវ័ន្តដែលបង្ហាញពីជំនឿ សម្លៀកបំពាក់ អាវុធ និងរបៀបរស់នៅរបស់មនុស្សជំនាន់មុន។
- 2. ការគោរពបូជា: រូបសំណាកព្រះពុទ្ធ ឬទេវតា គឺសម្រាប់ជាទីសក្ការៈបូជា។
- 3. ការបង្ហាញសោភ័ណភាព: ផ្ដល់នូវភាពស្រស់ស្អាតនិងទាក់ទាញដល់ស្ថាបត្យកម្មនិងទីធ្លាសាធារណៈ។
- 4. ការបញ្ចេញមតិ: ឆ្លុះបញ្ចាំងពីគំនិតទស្សនវិជ្ជា ឬអារម្មណ៍របស់សិល្បករ។
- សិល្បករចម្លាក់បានប្រើប្រាស់វត្ថុធាតុចម្រុះជាច្រើនរាប់ពាន់ឆ្នាំមកហើយ។ វត្ថុធាតុនីមួយៗបានផ្ដល់នូវលក្ខណៈពិសេសនិងអារម្មណ៍ផ្សេងគ្នា៖
- • ថ្ម : ដូចជាថ្មភក់ ថ្មម៉ាប ថ្មបាយក្រៀម។ ជាវត្ថុធាតុដ៏រឹងមាំនិងប្រើប្រាស់បានយូរអង្វែង ពិសេសសម្រាប់ប្រាង្គប្រាសាទ។
- • ឈើ : មានភាពទន់ងាយស្រួលឆ្លាក់ និងផ្ដល់នូវភាពកក់ក្ដៅ។
- • លោហៈ : ដូចជាសំរឹទ្ធិ ទង់ដែង ដែក។ ប្រើសម្រាប់ដេញរូបសំណាក (Casting) ដែលមានភាពរឹងមាំនិងអាចលម្អិតបានល្អ។
- • ដីឥដ្ឋ : ប្រើសម្រាប់ធ្វើម៉ូដែល ឬចម្លាក់ដុត (Terracotta)។
- • វត្ថុធាតុទំនើបៗផ្សេងទៀត: ដូចជាប្លាស្ទិក កញ្ចក់ ឬសម្ភារៈកែច្នៃឡើងវិញ។
- * សិល្បៈចម្លាក់អាចបែងចែកជាទម្រង់សំខាន់ៗមួយចំនួន៖
- 1. ចម្លាក់លៀន : ជាចម្លាក់ដែលត្រូវបានឆ្លាក់នៅលើផ្ទៃរាបស្មើ (ដូចជាជញ្ជាំង ឬផ្ទាំងថ្ម) ហើយរូបរាងហាក់ដូចជាលៀនចេញពីផ្ទៃខាងក្រោយ។
- • ចម្លាក់លៀនទាប : ហាក់ដូចជាលៀនចេញតិចតួច។ ឧទាហរណ៍៖ ចម្លាក់រឿងរ៉ាវនានានៅតាមប្រាសាទខ្មែរដូចជានៅ អង្គរវត្ត។
- • ចម្លាក់លៀនខ្ពស់ : ហាក់ដូចជាលៀនចេញពីផ្ទៃដល់ទៅជាងពាក់កណ្ដាលនៃកម្រាស់របស់វា។
- 2. ចម្លាក់ដាច់ : ជាចម្លាក់ដែលឈរដាច់តែឯង ហើយអាចមើលឃើញពីគ្រប់ទិសទី (ដូចជារូបសំណាកព្រះពុទ្ធ ឬរូបសំណាកមនុស្សឈរ)។
- 3. ចម្លាក់ទម្រង់ : ជាការយកវត្ថុផ្សេងៗដែលត្រៀមរួចជាស្រេចមកផ្គុំបញ្ចូលគ្នាដើម្បីបង្កើតស្នាដៃថ្មី។

- *នៅសម័យបុរេប្រវត្តិចម្លាក់ដំបូងបំផុតសិល្បៈចម្លាក់ត្រូវបានគេជឿថាបានចាប់ផ្តើមតាំងពី សម័យយុគថ្មចាស់មុនជាង ៣០,០០០ ឆ្នាំមុន។ ក្នុងសម័យនេះ មនុស្សមិនទាន់ចេះធ្វើស្រែចំការនៅឡើយទេ គឺរស់នៅដោយការបរបាញ់ និងប្រមូលផល។
- • រូបចម្លាក់តូចៗស្នាដៃចម្លាក់ដំបូងបង្អស់ដែលគេរកឃើញគឺជារូបសំណាកតូចៗធ្វើពី ថ្ម ភ្លុកសត្វ ឬឆ្អឹង។
- •ចម្លាក់ដំបូងទាំងនេះទំនងជាមិនមែនធ្វើឡើងដើម្បីតុបតែងសុទ្ធសាធនោះទេ តែជាផ្នែកមួយនៃ ជំនឿសាសនា ឬពិធីមន្តអាគម ដើម្បីធានាឱ្យមានការបរបាញ់បានជោគជ័យ ឬការបន្តពូជ។
- ២. សម័យយុគថ្មថ្មីពីមនុស្សទៅជាទេវតានៅពេលដែលមនុស្សចាប់ផ្តើមតាំងទីលំនៅ និងធ្វើកសិកម្ម (សម័យយុគថ្មថ្មី) សិល្បៈចម្លាក់ក៏ចាប់ផ្តើមមានភាពប្រសើរឡើង។
- • សម្ភារៈថ្មីៗ: ការប្រើប្រាស់ ដីឥដ្ឋ ដើម្បីធ្វើឆ្នាំង និងភាជន៍ក៏បាននាំឱ្យមានការអភិវឌ្ឍន៍ចម្លាក់ដីឥដ្ឋ (Terracotta) ដែលងាយស្រួលធ្វើជាងថ្ម។
- • ស្ថាបត្យកម្មរួមផ្សំ: ចម្លាក់ធំៗបានចាប់ផ្តើមប្រើប្រាស់ដើម្បីតុបតែងទីសក្ការៈបូជា ឬកន្លែងធ្វើពិធីនានា។ ចម្លាក់លែងផ្តោតតែលើទម្រង់មនុស្សសុទ្ធសាធទៀតហើយ តែចាប់ផ្តើមតំណាងឱ្យ វិញ្ញាណ ទេវតាឬសត្វតំណាង។


*សិល្បៈចម្លាក់បានផ្ទុះការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងអរិយធម៌ដំបូងៗ៖
- ក. មេសូប៉ូតាមៀ និងអេហ្ស៊ីប
- • មេសូប៉ូតាមៀ (ប្រហែល ៣៥០០ ឆ្នាំមុនគ.ស.): ចម្លាក់បានក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការ លើកតម្កើងអំណាចរាជវង្ស និងទេវតា។ គេចាប់ផ្តើមឆ្លាក់រូបសំណាកអ្នកគ្រប់គ្រងដើម្បីដាក់តាំងក្នុងប្រាសាទជាតំណាងរបស់អ្នកបម្រើទេវតា។
- • អេហ្ស៊ីបបុរាណ (ប្រហែល ៣១០០ ឆ្នាំមុនគ.ស.): ចម្លាក់មានលក្ខណៈ រឹងមាំ តឹងរ៉ឹង និងមិនប្រែប្រួល ដោយសារគោលបំណងសំខាន់គឺរក្សាភាពអស់កល្បជានិច្ចនៃព្រលឹង។
- ខ. ក្រិកបុរាណ
- • ក្រិក (ប្រហែល ៨០០ ឆ្នាំមុនគ.ស.): គឺជាចំណុចរបត់ដ៏សំខាន់។ ក្រិកបានប្តូរពីភាពតឹងរ៉ឹងរបស់អេហ្ស៊ីប មកជា ការតំណាងឱ្យភាពល្អឥតខ្ចោះរបស់មនុស្ស។
• ការផ្តោតលើកាយវិភាគសាស្ត្រ: សិល្បករក្រិកបានចាប់ផ្តើមឆ្លាក់រូបសំណាកដោយយកចិត្តទុកដាក់ខ្លាំងលើ កាយវិភាគសាស្ត្រ ភាពរស់រវើក និងចលនា។ គោលបំណងគឺដើម្បីបង្ហាញពីសម្រស់រាងកាយ ភាពក្លាហាន និងឧត្តមគតិទស្សនវិជ្ជារបស់មនុស្ស។
- អត្ថបទ៖ ជួន សុធា