[ប្រទេសនេប៉ាល់]៖ ក្រុមអ្នកជួយសង្គ្រោះបានបន្តចុះស្វែងរកអ្នកបាត់ខ្លួនតាមជ្រលងភ្នំ និងតំបន់ជួរភ្នំហិម៉ាឡៃ កាលពីថ្ងៃទី២៧ ខែសីហា បន្ទាប់ពីទឹកជំនន់ភ្លាមៗបានវាយប្រហារតំបន់ព្រំដែននេប៉ាល់–ចិន ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៥៩នាក់ស្លាប់ និងជិត ១,០០០នាក់ទៀតបាត់ខ្លួន។ ក្នុងចំណោមអ្នកបាត់ខ្លួន យ៉ាងហោចណាស់ ៥៤០នាក់ជាជនបរទេស។

គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីផ្ទាំងទឹកកកមួយបានបាក់រលំនៅព្រឹកថ្ងៃទី២៦ ខែសីហា បង្កឱ្យមានលំហូរដ៏សន្ធឹកសន្ធាប់នៃថ្ម ទឹកកក ភក់ និងកំទេចកំទី ហូរចុះតាមប្រព័ន្ធទន្លេនៅតំបន់ហិម៉ាឡៃ ហើយបោកបក់កាត់ភូមិ ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ តំបន់រងគ្រោះស្ថិតនៅតាមផ្លូវធ្វើដំណើរដ៏សំខាន់មួយ ដែលភ្ជាប់ទីក្រុង Kathmandu របស់នេប៉ាល់ទៅកាន់ទីក្រុង Lhasa ក្នុងតំបន់ទីបេ និងជាផ្លូវដែលមានអ្នកឡើងភ្នំ អ្នកធ្វើដំណើរ និងអ្នកធ្វើធម្មយាត្រាឆ្លងកាត់ជាច្រើន។ អាជ្ញាធរនេប៉ាល់បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់តំបន់ដែលត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ។ មនុស្សរាប់ពាន់នាក់នៅតាមទីប្រជុំជន និងជ្រលងភ្នំ កំពុងរង់ចាំជំនួយ ខណៈផ្លូវថ្នល់ និងស្ពានជាច្រើនត្រូវបានបំផ្លាញ។

ក្រុមសង្គ្រោះក៏បានរកឃើញសាកសពជាច្រើន ដែលត្រូវបានទឹកជំនន់អូសចុះតាមប្រព័ន្ធទន្លេទៅកាន់តំបន់វាលទំនាប។ លោក Ganesh Aryal អ្នកគ្រប់គ្រងស្រុក Chitwan បាននិយាយថា អាជ្ញាធរបានស្រង់សាកសពចំនួន ១០៣នាក់ចេញពីប្រព័ន្ធទន្លេនៅក្នុងស្រុករបស់លោក ដែលស្ថិតនៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីតំបន់ Trishuli ដែលរងគ្រោះធ្ងន់ធ្ងរ។ ដោយសារមន្ទីរពេទ្យក្នុងតំបន់មិនអាចផ្ទុកសាកសពទាំងអស់បាន អាជ្ញាធរបានរៀបចំតង់ និងទីតាំងសមស្រប ដើម្បីឱ្យក្រុមគ្រួសារអាចមកកំណត់អត្តសញ្ញាណ និងទទួលសាច់ញាតិរបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេប៉ាល់ លោក Sudhan Gurung បាននិយាយថា អាទិភាពចម្បងនៅពេលនេះ គឺការស្វែងរកអ្នកនៅរស់រានមានជីវិត។ ក្រុមសង្គ្រោះបានរកឃើញជនជាតិឥណ្ឌាចំនួន ១០០នាក់ដែលបានបាត់ខ្លួន ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រា និងកម្មករចិនចំនួន ២៥នាក់ នៅតំបន់ជុំវិញទីក្រុង Trishuli។ ក្រៅពីការស្វែងរកអ្នកបាត់ខ្លួន អាជ្ញាធរនេប៉ាល់ និងចិនក៏កំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ថ្មី។ កំទេចកំទីដ៏ច្រើនបានរារាំងលំហូរទឹក និងបង្កើតជាបឹងធម្មជាតិមួយនៅតាមទន្លេ Bhotekoshi។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់បានព្រមានថា បឹងដែលកើតឡើងដោយសារកំទេចកំទីរាំងទន្លេ កំពុងកើនកម្ពស់ ហើយអាចបាក់របាំង បង្កឱ្យមានទឹកជំនន់ថ្មីនៅតំបន់ខាងក្រោម។

នៅម្ខាងទៀតនៃព្រំដែន ចិនបានព្រមានថា ទឹកប្រមាណ ៣លានម៉ែត្រគូប អាចហូរចូលទៅក្នុងបឹងដែលត្រូវបានរាំងខ្ទប់ក្នុងរយៈពេលបីថ្ងៃបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់ក្រសួងធនធានទឹកថា មានហានិភ័យខ្ពស់ដែលបឹងនេះអាចបាក់របាំង ហើយលំហូរទឹកអាចឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី១ ខែកញ្ញា។ លោក Zhu Jinfeng អ្នកស្រាវជ្រាវនៅនាយកដ្ឋានជលសាស្ត្ររបស់ក្រសួងធនធានទឹកចិន បានប្រាប់ទូរទស្សន៍ CCTV ថា បរិមាណទឹកកំពុងបន្តកើនឡើង ហើយហានិភ័យក៏កំពុងកើនឡើងដូចគ្នា។ តំបន់ច្រកព្រំដែន Gyirong របស់ចិន ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មរវាងចិន និងអាស៊ីខាងត្បូង ក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបង្ហាញថា ក្រុមអ្នកជួយសង្គ្រោះមិនទាន់អាចទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅច្រក Gyirong បានទេ ខណៈក្រុមការងារកំពុងព្យាយាមបោសសម្អាតផ្លូវចូលសំខាន់។

វីដេអូដែលបានផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋចិន បានបង្ហាញពីលំហូរភក់ និងកំទេចកំទីដ៏ធំសម្បើម បោកបក់កាត់តំបន់ព្រំដែនក្នុងរយៈពេលដ៏ខ្លី។ អគារជាច្រើន រួមទាំងច្រកទ្វារព្រំដែន អគាររដ្ឋ និងទីតាំងគយ និងអន្តោប្រវេសន៍ ត្រូវបានបំផ្លាញ។ វីដេអូពីឧទ្ធម្ភាគចក្រយោធាចិនបានបង្ហាញថា តំបន់ព្រំដែនទាំងមូលត្រូវបានគ្របដណ្តប់ដោយភក់ និងកំទេចកំទី រហូតដល់ស្ទើរតែមិនអាចសម្គាល់សភាពដើមបាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅខោនធី Gyirong ក្នុងតំបន់ទីបេ មានចំនួន ៣នាក់។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Gyirong កាលពីរសៀលថ្ងៃទី២៧ ខែសីហា ដើម្បីពិនិត្យស្ថានភាព និងការងារសង្គ្រោះ ដែលបង្ហាញពីសារៈសំខាន់ដែលទីក្រុងប៉េកាំងផ្តល់ដល់គ្រោះមហន្តរាយនេះ។

កាកបាទក្រហមនេប៉ាល់បាននិយាយថា ភូមិមួយចំនួនត្រូវបានបំផ្លាញទាំងស្រុង ខណៈផ្លូវថ្នល់ និងស្ពានដែលមិនអាចប្រើប្រាស់បាន បានធ្វើឱ្យសហគមន៍ជាច្រើនត្រូវកាត់ផ្តាច់។ ទំហំពេញលេញនៃការខូចខាតនៅមិនទាន់អាចវាយតម្លៃបាននៅឡើយ។ លោក Janak Bahadur អ្នករស់រានមានជីវិតនៅទីក្រុង Devighat បាននិយាយថា ទឹកជំនន់បានមកដល់យ៉ាងឆាប់រហ័ស ដោយមិនទុកពេលឱ្យមនុស្សជាច្រើនត្រៀមខ្លួន។ ជនបរទេសដែលបាត់ខ្លួននៅនេប៉ាល់ មកពីប្រទេសជាងពីរដប់ ក្នុងនោះមានជនជាតិឥណ្ឌា ២៨៨នាក់ អាមេរិក ៦៣នាក់ ម៉ាឡេស៊ី ៥១នាក់ អូស្ត្រាលី ៣៤នាក់ អង់គ្លេស ៣៣នាក់ និងកាណាដា ២៥នាក់។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានធ្វើដំណើរទៅកាន់ស្រុក Nuwakot ដែលជាតំបន់មួយក្នុងចំណោមតំបន់រងគ្រោះធ្ងន់ធ្ងរ ដើម្បីវាយតម្លៃស្ថានភាព និងការឆ្លើយតបរបស់អាជ្ញាធរ។

គ្រោះមហន្តរាយនេះក៏ជាបញ្ហាប្រឈមធំមួយសម្រាប់រដ្ឋាភិបាលរបស់លោក Shah ដែលទើបកាន់អំណាចបានប្រមាណ ៥ខែ ប៉ុន្តែមន្ត្រីបាននិយាយថា ប្រទេសនេះមានប្រព័ន្ធ និងមន្ត្រីដែលមានបទពិសោធន៍ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធំៗ រួមទាំងការរញ្ជួយដីឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្សជិត ៩,០០០នាក់។ លោក Guo Zhaocheng ភូគព្ភវិទូរបស់រដ្ឋាភិបាលចិន បាននិយាយថា លំហូរកំទេចកំទីដែលបង្កឡើងដោយការបាក់រលំផ្ទាំងទឹកកក បានធ្វើដំណើរក្នុងល្បឿនប្រមាណ ៥០ម៉ែត្រក្នុងមួយវិនាទី និងលាតសន្ធឹងលើសពី ២០គីឡូម៉ែត្រ។ ល្បឿនដ៏លឿននេះបានធ្វើឱ្យមនុស្សនៅតំបន់រងគ្រោះមានពេលតិចតួចក្នុងការឆ្លើយតប។ លោក Guo បានពន្យល់ថា ការបាក់រលំផ្ទាំងទឹកកកនៅតំបន់ខ្ពស់ បានបង្កឱ្យមានលំហូរកំទេចកំទី ដែលបានបោសសម្អាតស្រទាប់កំទេចថ្ម និងទឹកកកតាមផ្លូវចុះមក មុនពេលប្រែក្លាយទៅជាល្បាប់ភក់ដ៏ធំ ដែលវាយប្រហារតំបន់ទាំងសងខាងនៃព្រំដែនចិន–នេប៉ាល់។

 

របាយការណ៍ដំបូងបានលើកឡើងថា ការរញ្ជួយដីអាចជាមូលហេតុដែលបណ្តាលឱ្យផ្ទាំងទឹកកកបាក់រលំ។ ប៉ុន្តែការស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដែលដំបូងត្រូវបានរាយការណ៍ថាមានកម្រិត ៤.៤ តាមពិតអាចជាសញ្ញារញ្ជួយដែលបង្កឡើងដោយការដួលរលំនៃថ្ម និងទឹកកក បន្ទាប់មកមានលំហូរកំទេចកំទី។ អ្នកវិទ្យាសាស្ត្របានព្រមានថា មិនគួរចាត់ទុកការប្រែប្រួលអាកាសធាតុជាមូលហេតុតែមួយ និងដោយផ្ទាល់នៃការបាក់រលំផ្ទាំងទឹកកកនោះទេ។ ទោះជាយ៉ាងណា សីតុណ្ហភាពកើនឡើង និងការរលាយទឹកកកអាចជាកត្តាដែលធ្វើឱ្យតំបន់ភ្នំខ្ពស់មួយចំនួនកាន់តែងាយរងអស្ថិរភាព។

លោក Simon Cox អ្នកវិទ្យាសាស្ត្រនៅកម្មវិធី Mountains to Sea នៃ Earth Sciences New Zealand បាននិយាយថា ការឡើងកំដៅអាចកាត់បន្ថយការគាំទ្រដែលផ្តល់ដោយទឹកកក បង្កើនទឹករលាយ និងផ្លាស់ប្តូរលំនាំនៃការកក ការរលាយ និងភ្លៀង ដែលអាចធ្វើឱ្យការបាក់រលំធំៗកើតមានកាន់តែងាយនៅតំបន់មួយចំនួន។ ក្នុងចំណោមអ្នករងគ្រោះ និងអ្នកបាត់ខ្លួនជាច្រើន គឺជាអ្នកធ្វើធម្មយាត្រាដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kailash Mansarovar ក្នុងទីបេ ដែលជាតំបន់មានរយៈកម្ពស់ខ្ពស់ និងជាទីសក្ការៈសម្រាប់អ្នកកាន់សាសនាហិណ្ឌូ និងពុទ្ធសាសនា។ ភ្នំ Kailash ត្រូវបានអ្នកកាន់សាសនាហិណ្ឌូចាត់ទុកថាជាទីសក្ការៈ និងជាទីស្នាក់នៅរបស់ព្រះសិវៈ ខណៈបឹង Mansarovar ក៏មានសារៈសំខាន់ខាងសាសនា និងវប្បធម៌សម្រាប់អ្នកធ្វើធម្មយាត្រាជាច្រើន។

លោក Sagar Pandey អ្នកប្រតិបត្តិការទេសចរណ៍នៅតំបន់ហិម៉ាឡៃ ដែលបានហោះឧទ្ធម្ភាគចក្រឆ្លងកាត់តំបន់រងគ្រោះ បាននិយាយថា ទិដ្ឋភាពពីលើអាកាសបង្ហាញពីទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ ដោយតំបន់មួយចំនួនស្ទើរតែមិននៅសល់សំណង់មនុស្ស។ ជុំវិញពិភពលោក សាច់ញាតិរបស់អ្នកបាត់ខ្លួនកំពុងរង់ចាំយ៉ាងអន្ទះសា ដើម្បីទទួលបានដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ Vasanthi Muniandy ដែលប្អូនស្រីរបស់នាងឈ្មោះ Vennila បានធ្វើដំណើរជាមួយក្រុមធម្មយាត្រាហិណ្ឌូមកពីប្រទេសម៉ាឡេស៊ី បាននិយាយថា នាងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានបាត់ដំណឹងពីប្អូនស្រី បន្ទាប់ពី Vennila បានឆ្លងចូលទៅក្នុងទីបេពីប្រទេសនេប៉ាល់។ នាងបាននិយាយថា អ្វីដែលនាងចង់បានបំផុត គឺឱ្យប្អូនស្រីត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ខណៈក្រុមគ្រួសារជាច្រើនផ្សេងទៀតក៏កំពុងរង់ចាំដំណឹងពីអ្នកជាទីស្រឡាញ់របស់ពួកគេដូចគ្នា។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ខណៈអាជ្ញាធរនេប៉ាល់ និងចិនកំពុងប្រឈមនឹងផ្លូវ និងស្ពានដែលខូចខាត តំបន់ដែលពិបាកចូលដល់ និងហានិភ័យនៃទឹកជំនន់ថ្មីពីបឹងដែលត្រូវបានកំទេចកំទីរាំងទុក។ ទំហំពេញលេញនៃគ្រោះមហន្តរាយនៅមិនទាន់ត្រូវបានវាយតម្លៃបានទាំងស្រុងនៅឡើយ ហើយចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចមានការប្រែប្រួលបន្ថែមទៀត។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters