កឋិនទាន គឺជាបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលជាទានមានតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ ។ សម្រាប់រយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។
ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។

អត្ថន័យនៃបុណ្យកឋិន ត្រូវបានអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ៖ រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“ និងពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។

កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺទាយក ឬទាយិកា គឺជាអ្នកឱ្យ និងបដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង ហើយអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។ អ្នកធ្វើកឋិនរមែងបានអានិសង្ស៥យ៉ាងគឺ៖ ភិក្ខបញ្ញា វិសារទោ មានប្រជ្ញាភ្លៀវក្លាមុះមុត សុវណ្ណតា មានពណ៌សម្បុរល្អ សុរូបតា មានរូបល្អ សុសណ្ឋានា មានទ្រង់ទ្រាយល្អ និងចក្កវត្តិ រាជា ហោតិ នឹងបានទៅជាស្ដេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

អត្ថបទដោយ៖ កណ្ណិការ