សត្វខ្ទីងគឺជាថនិកសត្វនៃពពួកគោសាទិសស៊ីស្មៅនិងរុក្ខជាតិជាអាហារដែលមានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិសនៅលើពិភពលោក ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ ខ្ទីងមានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍ក៏ប៉ុន្តែចំនួន របស់វាបានថយចុះជាង ៨០ភាគរយក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។ ចំនួនសត្វខ្ទីងនៅលើពិភព លោកបានថយចុះ ៩០ភាគរយចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។
* លក្ខណៈទូទៅ និងដើមកំណើត

• ខ្ទីងមានមាឌធំសម្បើមខ្ទីងឈ្មោលពេញវ័យអាចមានទម្ងន់រហូតដល់១,៥ តោនហើយមានកម្ពស់ស្មាខ្ពស់ហើយលក្ខណៈពិសេសរបស់វាគឺមានស្នែងកោងឡើងលើដែលមានពណ៌លឿងនៅគល់និងប្រែជាខ្មៅនៅចុង ស្បែករបស់វាមានពណ៌ត្នោតខ្មៅឬខ្មៅរលោងហើយជើងផ្នែកខាងក្រោមមានពណ៌សប្រផេះ (មើលទៅដូចពាក់ស្រោមជើង)។

• សត្វខ្ទីងមានវត្តមាននៅទូទាំងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ចំពោះនៅកម្ពុជាវាចូលចិត្តរស់នៅក្នុង ព្រៃស្រោង ព្រៃល្បោះនិងវាលស្មៅដោយអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់ (ជាង ២០០០ ម៉ែត្រ) ដូចជានៅ ជួរភ្នំក្រវាញ (ខេត្តកោះកុង ពោធិ៍សាត់) ភូមិភាគឦសាន (មណ្ឌលគិរី រតនគិរី) និង តំបន់វាលទំនាបខាងជើង (ព្រះវិហារ)។

• ខ្ទីងចូលចិត្តរស់នៅជាហ្វូងដែលដឹកនាំដោយខ្ទីងញីពេញវ័យ ពួកវាចេញរកស៊ីនៅពេលព្រឹកនិងពេលល្ងាចដោយចូលចិត្តស៊ីល្បះខ្ចីទំពាំងស្មៅនិងវល្លិ៍ជាអាហារ។

*ខ្ទីងត្រូវបានគេចាត់ទុកថាជាតួនាទីជា "វិស្វករ" នៃធម្មជាតិ ជាសត្វស៊ីស្មៅធំដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែនិងរក្សាលំនឹងរចនាសម្ព័ន្ធព្រៃឈើ។

• តាមរយៈការស៊ីស្មៅ វល្លិ៍ និងមែកឈើខ្ទីងបានជួយទប់ស្កាត់ការលូតលាស់ហួសហេតុរបស់រុក្ខជាតិប្រភេទណាមួយជាពិសេសស្មៅខ្ពស់ៗ។ ការស៊ីរបស់វាជួយបើកផ្ទៃដីនិងបង្កើតជាវាលស្មៅធម្មជាតិនៅក្នុងព្រៃ ដែលជាជម្រកនិងប្រភពអាហារដ៏សំខាន់សម្រាប់សត្វតូចៗនិងសត្វស៊ីស្មៅដទៃទៀតដូចជា ឈ្លូស ប្រើស និងទន្សោង។

• ការបែកខ្ញែកគ្រាប់ពូជ ដូចគ្នានឹងសត្វធំៗដទៃទៀតដែរ ខ្ទីងបានលេបចូលគ្រាប់ពូជរុក្ខជាតិជាច្រើនប្រភេទជាមួយនឹងចំណីរបស់វា គ្រាប់ពូជទាំងនោះត្រូវបានបញ្ចេញមកវិញតាមរយៈ លាមក របស់វា ដែលមានជីវជាតិល្អ និងជួយពន្លឿនការលូតលាស់នៃកូនឈើនៅទីតាំងថ្មីៗឆ្ងាយពីដើមមេនេះជួយជំរុញដល់ការ បង្កើតព្រៃឡើងវិញនិងបង្កើនភាពចម្រុះនៃរុក្ខជាតិ។

• ដោយសារមាឌធំសម្បើមពេលធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ៗខ្ទីងបានត្រួសត្រាយផ្លូវនិងបំបែកមែកឈើដែលបង្កើតជាច្រកសម្រាប់សត្វតូចៗ និងសូម្បីតែមនុស្សក្នុងការធ្វើចលនាឆ្លងកាត់ព្រៃ។

*វត្តមាន ឬអវត្តមាននៃសត្វខ្ទីងអាចឆ្លុះបញ្ចាំងពីស្ថានភាពរួមនៃដែនជម្រកធម្មជាតិ។

•  ខ្ទីងទាមទារនូវទំហំទីជម្រកដ៏ធំនិងព្រៃឈើដែលមិនមានការរំខានខ្លាំងដើម្បីរស់រានហេតុនេះការរកឃើញហ្វូងខ្ទីងដែលមានសុខភាពល្អនិងមានកូនតូចៗ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាប្រព័ន្ធអេកូឡូស៊ីនៅតំបន់នោះមានភាពរឹងមាំទឹកល្អ អាហារសម្បូរនិងសម្ពាធពីការបរបាញ់ទាប។

• ខ្ទីងពិសេសកូនខ្ទីងឬខ្ទីងចាស់ៗដើរតួនាទីជាចំណីដ៏សំខាន់សម្រាប់សត្វមំសាសីកំពូលៗនៅក្នុងព្រៃ ដូចជា ខ្លាធំ និង ខ្លារខិន ការធានាថាមានសត្វខ្ទីងរស់នៅបានល្អ គឺស្មើនឹងការធានាថាខ្សែសង្វាក់ចំណីអាហារនៅក្នុងព្រៃនៅតែកំពុងដំណើរការដោយលំនឹង។

និយាយជារួមសត្វខ្ទីងគឺជាសម្បត្តិធម្មជាតិនិងជាផ្នែកមួយដ៏មានតម្លៃនៃជីវៈចម្រុះរបស់កម្ពុជាទោះបីជាមានការគំរាមកំហែងក៏ដោយក្រសួងបរិស្ថាននិងអង្គការអភិរក្សនានានៅតែបន្តរកឃើញវត្តមានខ្ទីងនិងកូនខ្ទីងនៅក្នុងតំបន់ការពារធម្មជាតិសំខាន់ៗដូចជាដែនជម្រកសត្វព្រៃកែវសីម៉ា ភ្នំសំកុស និងលំផាត់។ ការខិតខំប្រឹងប្រែងដោះអន្ទាក់ជាបន្តបន្ទាប់ការពង្រឹងការអនុវត្តច្បាប់និងការផ្សព្វផ្សាយអប់រំដល់សហគមន៍គឺជាគន្លឹះដ៏សំខាន់ដើម្បីធានាថាគោព្រៃយក្សរបស់អាស៊ីមួយនេះនឹងនៅតែបន្តរស់រានមានជីវិតជារៀងរហូតនៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជា។

 

 

អត្ថបទ៖ ជួន សុធា