
ពលរដ្ឋខ្មែរជាច្រើនស្គាល់ក្បាច់គុនល្បុក្កតោ តែពួកគេមិនបានដឹងប្រវត្តិនៃការកកើតក្បាច់គុនបុរាណមួយនេះទេ។ តាមការសិក្សាស្រាវជ្រាវ បានឲដឹងថាក្បាច់គុនល្បុក្កតោត្រូវបានគេជឿថាមានអាយុកាលជាង ២០០០ ឆ្នាំមកហើយ ពោលគឺតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌានៅលើទឹកដីខ្មែរ។ ក្បាច់គុននេះទំនងជាកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរតែម្តង ហើយត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ការការពារខ្លួន ការពារភូមិឋាន និងទ្រព្យសម្បត្តិពីសត្វសាហាវ ឬសត្រូវឈ្លានពាន។ ពាក្យ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ «ល្បុក្ក» បូកនឹង «តោ» ដែលមានន័យថា «សត្វតោមហាកម្លាំង» ឬ «មហាថាមពល»។ បើយោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោគឺជាប្រភេទអាវុធដំបងខ្លីមួយប្រភេទដែលប្រើសម្រាប់ការពារខ្លួនពីដំបងវែង។
_1758164980.jpg)
តាមភស្តុតាងប្រវត្តិសាស្ត្រនិងរឿងព្រេងខ្មែរ៖
តាមការដំណាលតៗគ្នារបស់ដូនតាខ្មែរ ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ កើតចេញពីពលទាហានម្នាក់ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃ និងជង្គង់ ដើម្បីវាយសត្វតោមួយក្បាលដែលតែងតែមកវាយប្រហារ យាយី សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។

លក្ខណៈពិសេសនៃក្បាច់គុនល្បុក្កតោ៖
ល្បុក្កតោប្រមូលផ្ដុំក្បាច់ និងស្នៀតជាច្រើនដែលយកគំរូតាមកាយវិការសត្វដូចជា បក្សី សេះ ខ្លា ដំរី ពស់ និងនាគជាដើម។ ក្បាច់គុននេះទាមទារឱ្យអ្នកហ្វឹកហាត់ប្រើក្បាច់ប្រយុទ្ធក្នុងចម្ងាយជិត ដោយប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន។ លើសពីនេះ ល្បុក្កតោត្រូវបានបញ្ចូលទៅក្នុងសិល្បៈបុរាណខ្មែរផ្សេងទៀត ដូចជា របាំ និងល្បែងប្រជាប្រិយ។

ការស្ដារឡើងវិញ និងការទទួលស្គាល់ជាអន្តរជាតិ៖
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ក្បាច់គុនល្បុក្កតោស្ទើរតែបាត់បង់ទាំងស្រុង ដោយសារគ្រូគុនមួយចំនួនបានភៀសខ្លួនទៅក្រៅប្រទេស ហើយអ្នកដែលនៅសេសសល់មិនអាចបន្តសកម្មភាពនេះបានឡើយ។ យ៉ាងណាមិញ ក្បាច់គុនដ៏មានតម្លៃមួយនេះត្រូវបានស្ដារឡើងវិញដោយគ្រូគុនចាស់ៗជាង ១០ នាក់ ដែលនៅរស់រានមានជីវិត រួមជាមួយការគាំទ្រពីរាជរដ្ឋាភិបាល។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាត្រូវបានបង្កើតឡើងដោយជោគជ័យដើម្បីអភិរក្សកេរ្តិ៍មរតកនេះ។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យក្បាច់គុនល្បុក្កតោទទួលបានការគាំទ្រពីសាធារណជនកាន់តែច្រើនតាមរយៈការថតខ្សែភាពយន្ត និងការចូលរួមក្នុងកម្មវិធីសំខាន់ៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។នៅឆ្នាំ២០១១ ក្បាច់គុននេះត្រូវបានបញ្ចូលក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
កាន់តែពិសេសនោះ នៅចុងឆ្នាំ២០២០ក្បាច់គុនល្បុក្កតោត្រូវបានចុះបញ្ជីជាផ្លូវការនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក ព្រះរាជាណាចក្រ Morocco។ ជោគជ័យនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិរក្ស និងលើកតម្កើងវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិ។
អត្តបទ៖ តុប ឡៃហៀង