បឹងយក្សឡោម កើតឡើងដោយសារបន្ទុះភ្នំភ្លើង អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ផ្ទៃបឹងដ៏ធំល្វឹងល្វើយ មានទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់។ មានរាងស្ទើរជារង្វង់ បឹងយក្សឡោម មានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។ បឹងយក្យឡោម ជាសហគមន៍អេកូទេសចរណ៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៩ គឺជាសហគមន៍អេកូទេសចរណ៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។ ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនគិរី។
"យក្ខឡោម" ជារឿងព្រេងដែលនិទានដែលអ្នកនៅក្នុងស្រុកចូលចិត្តនិទានដូចមានដំណាលថា៖
កាលពីព្រេងនាយ មានស្ដេចយក្សដ៏មានអំណាចមួយ មានបុត្រីដ៏ស្រស់ស្អាតមួយអង្គ ។ ទាំងសក់ និងរូបកាយរបស់នាងបញ្ចេញក្លិនក្រអូប ដូច្នេះស្ដេចយក្សបានប្រទានឈ្មោះដល់នាងថា "នាងសក់ក្រអូប" ។ នៅពេលនាងធំឡើង មានបុរសសង្ហាម្នាក់ស្រលាញ់នាង ។ ស្នេហារបស់ពួកគេ បានរីកចម្រើនឡើងយ៉ាងឆាប់រហ័សកាន់តែខ្លាំងឡើងៗ ប៉ុន្តែគូស្នេហ៍មួយគូនេះខ្លាចស្ដេចយក្សអាចនឹងដឹងស្នេហាអាថ៌កំបាំងរបស់ពួកគេជាយថាហេតុ ដូច្នេះពួកគេបានសម្រេចចិត្តរត់គេចចូលទៅក្នុងព្រៃជ្រៅ។ មិនយូរប៉ុន្មាន ស្ដេចយក្សបានដឹងអំពីរឿងរ៉ាវរបស់បុត្រី ក៏មានការភ្ញាក់ផ្អើល និងទុក្ខព្រួយយ៉ាងខ្លាំង ។ ដំបូងឡើយយក្សបង្ហាញពីការអាណិតអាសូរដល់បុត្រី ។ បន្ទាប់មកស្ដេចយក្សប្រជុំកងសេនាតូចធំ ដើម្បីស្វែងរកបុត្រីជាទីស្រលាញ់របស់ខ្លួន ។ អាណាចក្រទាំងមូលរបស់ស្ដេចយក្ស និងក្នុងព្រៃ ត្រូវបានស្វែងរកដោយកងទាហានរបស់យក្ស ប៉ុន្តែពួកគេមិនអាចស្វែងរកឃើញសញ្ញាណាមួយរបស់នាងឡើយ ទោះបីជាចុងក្រោយពួកគេបានចូលទៅក្នុងព្រៃក្រាស់ដែលជាបឹងនេះមានទីតាំងនៅពេលសព្វថ្ងៃនេះ ។

ស្ដេចយក្សសង្ស័យថាបុត្រីរបស់ខ្លួនប្រហែលជាស្ថិតនៅក្នុងព្រៃ ដូច្នេះស្ដេចយក្សក៏ប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនដើម្បីធ្វើឲ្យប្រាកដនៅជុំវិញព្រៃ ។ ភ្លាមនោះ ស្ដេចយក្សបានបញ្ជាកងទាហានទាំងអស់ ឲ្យដកដើមឈើចេញទាំងអស់និងជីកដីជុំវិញនោះឲ្យបានជ្រៅដើម្បីស្វែងរកបុត្រីដ៏មានតម្លៃរបស់ខ្លួន ។ ពួកទាហានយក្សបានជីកដោយប្រើកម្លាំង ប៉ុន្តែទាហានទាំងនោះអស់កម្លាំង និងមិនអាចធ្វើការទៀតបាន ។ ចុងក្រោយ ស្ដេចយក្សបញ្ជាដោយស្ទាក់ស្ទើរទៅទាហានទាំងអស់ ឲ្យវិលត្រឡប់ទៅនគរវិញ ។
ការជីកដោយកងទ័ពរបស់ស្ដេចយក្ស បូករួមទាំងការដកឫសដើមឈើ ដោយសារតែមិនអាចប្រឹងប្រែងស្វែងរកបុត្រីខ្លួនយក្ស ក៏បន្សល់ទុកនូវបឹងយ៉ាងជ្រៅនៅតំបន់រតនគិរី។ ហេតុនេះហើយបានជាប្រជាជនក្នុងតំបន់ហៅកន្លែងនេះថា "បឹងយក្ខឡោម" ។ ប៉ុន្តែមានភាពខុសគ្នាតិចតួចពីអ្វីដែលបាននិទានកន្លងទៅ ។ រឿងនេះអះអាងថា មានមេទ័ពយក្សមួយរូបដែលព្យាយាមចាប់បុត្រីស្ដេចយក្ស និងបំបែកនាងពីសង្សាររបស់នាង ។ នៅពេលកងទាហានរបស់មេទ័ពនោះឡោមព័ទ្ធជុំវិញភ្នំដែលពួកគេកំពុងលាក់ខ្លួន គូស្នេហ៍មួយគូនេះគិតថាមិនមានផ្លូវគេចខ្លួនឡើយ ។ ខ ដោយសារតែស្នេហ៍ពិតរបស់ពួកគេ ពួកគេទាំងពីនាក់ ក៏សូមបួងសួងឲ្យលិចបាត់ចូលទៅក្នុងដី ។ ពួកគេទាំងពីរនាក់ ចាប់ផ្ដើមបួងសួងដល់ថាមពលព្រលឹង ព្រះឥសី និងគ្រប់ព្រះទាំងអស់ "ជាមួយថាមពលទិព្វដ៏គួរឲ្យគោរពការពារតំបន់នេះជានិច្ចកាលនោះ យើងសូមបូជាជីវិតរបស់យើង សូមឲ្យលិចចុះទៅក្រោមដី" ។ ភ្លាមនោះ តំបន់ភ្នំក៏លិចចូលទៅក្នុងដីបូករួមទាំងបុត្រីរបស់ស្ដេចយក្ស និងសង្សារ ។ ហេតុនេះហើយបានជាកំពូលភ្នំក្លាយជាបឹងដ៏ជ្រៅ និងជាហេតុផលដែលប្រជាជនក្នុងតំបន់ហៅបឹងនេះថា "យក្សឡោម" ។

មានរឿងនិទានប្រជាប្រិយមួយទៀតបានអះអាងថា ប្រភពដើមនៃពាក្យ "យក្សឡោម" គឺពិតជាខុសគ្នាទាំងស្រុង ហើយប្រហែលជាអាចជឿជាក់បានជាង ។ ពាក្សដែលហៅថា "យក្ស" ក្នុងភាសារបស់ជនជាតិភាគតិចបុរាណដែលរស់នៅទីនោះមានន័យថាជា "ម្ចាស់ ឬមេភូមិ" ។ ពាក្យ "ឡោម" ជាឈ្មោះរបស់អ្នកដែលជាអតីតមេភូមិនៅតំបន់នោះ ។ ដូច្នេះហើយក៏មានពាក្យ "យក្សឡោម" ជាការគោរព និងការចងចាំនៃធម្មជាតិដែលជាទីសក្ការៈនិងព្រលឹង នៃអ្នកដឹងនាំសម័យបុរាណដែលត្រូវបានប្រើដើម្បីគ្រប់គ្រងប្រជាជនជនជាតិដើមភាគតិចក្នុងតំបន់ ក្នុងសុភមង្គល និងភាពសុខុដុមរមនាកាលពីអតីតកាលដ៏យូរ ៕
អត្ថបទ៖ កណ្ណិការ