រឿងកូរសមុទ្រទឹកដោះជាប្រភេទទេវកថា ដែលលិចឡើងនៅក្នុងសង្គមខ្មែរ អស់រយៈកាលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ ការណ៏នេះបណ្តាលមកពី ការវិវត្តន៏ឡើងចុះនៃសង្គម ដូចជាមានការផ្លាស់ប្តូរនយោបាយដឹកនាំក្នុងប្រទេស ការផ្លាស់ប្តូរសាសនា អស្ថេរភាពនៅក្នុងសង្គម ការបាត់បង់អ្នកចេះដឹង និងភាពថយចុះនៃការប្រតិបត្តិតាមប្រពៃណីពីដូនតា។

ចម្លាក់តូចៗល្អវិចិត្របង្ហាញអំពីទេពកថា «រឿងកូរសមុទ្រទឹកដោះ» និងរូបទេពផ្សេងៗ  នៅផ្នែកខាងលើផ្ដែរប្រាសាទព្រះឥន្រ្ទកោសីយ៍ - APSARA National Authority

រឿងព្រេងដែលនិទានអំពីទេពនិងអសោរព្រមព្រៀងគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រឹត មកផឹកដើម្បីឱ្យជីវិតរស់នៅរហូត លែងស្លាប់នេះ មានប្រភពដើមនៅឥណ្ឌា។ រឿងនេះជ្រួតជ្រាបមកដល់ខ្មែរតាំងពីបុរាណកាល ហើយសព្វថ្ងៃអ្នកស្រុកទម្លាប់ហៅថា “ទាញព្រ័ត”។ រឿងនេះមានប្រជាប្រិយភាពពន់ពេកណាស់នៅស្រុកខ្មែរនាសម័យបុរាណ ដូចមានសម្រង់ខ្លីៗក្នុង សិលាចារឹករួមទាំងចម្លាក់យ៉ាងច្រើនសន្ធឹកសន្ធាប់, ជាពិសេសខ្មែរបុរាណយករឿងកូរសមុទ្រទឹកដោះទាំងមូលមកលាតត្រដាងជាសំណង់នៅលើលំហដីថែមទៀតផង។ 

រឿងនេះ គេបានដាប់ឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន៨៨អង្គ។ រឿងកូរសមុទ្រទឹកដោះមានកំណើតនៅរវាង សតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថ បាពួន។ រឿង “កូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹត ជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរ សប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ។ 
រឿងនេះជានិទានបុរាណមួយ បង្ហាញពីជម្លោះ និងការរួមសហការរវាងពួក ទេវៈនិងអសុរៈដែលតែងតែប្រយុទ្ធគ្នា ដើម្បីដណ្ដើមអំណាចគ្រប់គ្រងលើភពទាំងឡាយ។ ទាំងពីរភាគីមានអំណាចអស្ចារ្យស្មើគ្នា ធ្វើឲ្យសង្រ្គាមរវាងពួកគេមិនដែលមានទីបញ្ចប់។

ក្នុងសង្រ្គាមដ៏ធំមួយ កងទ័ពទេវៈបានសម្លាប់អសុរៈជាច្រើន ប៉ុន្តែអសុរៈទាំងនោះអាចរស់ឡើងវិញបានភ្លាមៗ។ ពួកទេវៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុ។ ពិតៗទៅ អសុរៈអាចរស់ឡើងវិញដោយសារមាន សុក្រាចារ្យ គ្រូនៃពួកអសុរៈ ដែលមានអំណាចអាគមអស្ចារ្យអាចប្រោះអ្នកស្លាប់ឲ្យរស់ឡើងវិញបាន។ វិជ្ជានេះគេហៅថា មន្ដអាគមស័ក្កិសិទ្ធិ ដែលសូម្បីតែទេវៈក៏មិនអាចធ្វើបាន។

ដោយសារអសុរៈមានអត្ថប្រយោជន៍ពីសុក្រាចារ្យ កងទ័ពទេវៈបានខាតបង់យ៉ាងធំធេង។ ដូច្នេះ ពួកទេវៈបានសុំឲ្យសង្រ្គាមផ្អាកមួយរយៈ ដើម្បីស្វែងរកមធ្យោបាយល្អបំផុតក្នុងការយកឈ្នះលើអសុរៈ។ ក្នុងការពិភាក្សា ពួកទេវៈបានគិតថា មានតែ ទឹកអម្រឹត ប៉ុណ្ណោះ ដែលអាចធ្វើឲ្យពួកគេមានជីវិតអមតៈ និងអាចយកឈ្នះលើសត្រូវបាន។ ប៉ុន្តែការទទួលបានទឹកអម្រឹតមិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវការកម្លាំង និងសហការរបស់អសុរៈផងដែរ។ ដូច្នេះ ទេវៈបានទៅបញ្ចុះបញ្ចូលអសុរៈឲ្យរួមចំណែក កូរសមុទ្រទឹកដោះ ដើម្បីរកទឹកអម្រឹត ហើយសន្យាថានឹងចែកគ្នាទាំងអស់។

ដោយសារភាពលោភលន់ និងបំណងចង់បានជីវិតអមតៈ អសុរៈក៏យល់ព្រមជាមួយទេវៈ។ ពួកគេបានយក ភ្នំមន្ទរៈ មកធ្វើជាខ្នូរ និងយក ពស់វាសុកី ជាខ្សែព្រ័ត ដើម្បីទាញបង្វិលភ្នំ។ ក្រុមទេវៈកាន់ខាងក្បាលពស់ និងអសុរៈកាន់ខាងកន្ទុយ។ ការកូរនេះធ្វើឲ្យសមុទ្រវឹកវរ និងកើតកម្លាំងធំទូលាយ ប៉ុន្តែភ្នំមន្ទរៈបានលំទ្រាប់ទៅសមុទ្រ ធ្វើឲ្យការងារត្រូវផ្អាក។

ពួកទាំងពីរសុំជំនួយពី ព្រះវិស្ណុ ទ្រង់បានប្រែព្រះកាយជាសត្វអណ្ដើកធំឈ្មោះ កូម៌អវតារ ដើម្បីទ្រភ្នំមន្ទរៈឲ្យឈរត្រង់វិញ។ ការកូរសមុទ្រទឹកដោះបន្តទៅជាលើកទី២ ដោយសកម្មភាពកាន់តែខ្លាំង។ ប៉ុន្តែពស់វាសុកីត្រូវទាញរឹតរួតយ៉ាងខ្លាំង បណ្ដាលឲ្យវាបង្ហូរពិសឈ្មោះ ហាឡាហាឡា ចេញមក ដែលមានគ្រោះថ្នាក់ធំបំផុត។ ពិសនេះអាចបំផ្លាញពិភពលោកទាំងមូល។

ទាំងទេវៈ និងអសុរៈភ័យខ្លាចណាស់ ទាំងអស់បានទៅអង្វរព្រះសិវៈឲ្យជួយ។ ព្រះសិវៈព្រមលេបពិសនោះ ដើម្បីសង្គ្រោះពិភពលោក។ ព្រះនាង ឧមា ដែលជាព្រះមហេសីព្រះសិវៈ បានស្ទុះទៅចុចបំពង់កទ្រង់ទាន់ពេល ធ្វើឲ្យពិសមិនចូលទៅក្នុងព្រះកាយទាំងស្រុង ទើបបំពង់កព្រះសិវៈមានពណ៌ខៀវក្រម៉ៅ ហៅថា និលកន្ធ។ ព្រះសិវៈមានក្ដៅណាស់ ដូច្នេះទ្រង់បានយក ព្រះច័ន្ទ មកដាក់លើក្បាលដើម្បីបន្ថយកំដៅ។ ក្រោយពេលនោះ ការកូរបន្ត ហើយមានអាទិទេពនិងសត្វអស្ចារ្យលេចចេញពីសមុទ្រទឹកដោះជាច្រើនដូចជា៖ សេះឧច្ចៃស្រវាស ដែលព្រះអាទិត្យយកជាយាន្ដជំនិះ, ដំរីឰរ៉ាវត៍ ដែលព្រះឥន្រ្ទយកជាយាន្ដ, និងព្រះនាង លក្ស្មី អាទិទេពសម្ផស្សល្អ ដែលក្លាយជាព្រះមហេសីរបស់ព្រះវិស្ណុ។ ក្រៅពីនេះ ក៏មានអប្សរច្រើនសន្ធឹកសន្ធាប់ហោះរាំអបអរសាទរ។

ចុងក្រោយ ពួកទេវៈនិងអសុរៈទទួលបាន ទឹកអម្រឹត តាមបំណង។ ព្រះវិស្ណុជាអាជ្ញាកណ្ដាលបែងចែកទឹកអម្រឹត ប៉ុន្តែទ្រង់បានប្រែព្រះកាយជាស្រីស្រស់ឈ្មោះ មោហិនិ ដើម្បីបន្លំអសុរៈ។ ទ្រង់រាំយ៉ាងស្រស់ស្អាតបណ្តាលឲ្យអសុរៈភ្លេចគិត ហើយព្រះវិស្ណុលួចចែកទឹកអម្រឹតឲ្យតែទេវៈប៉ុណ្ណោះ។

សុក្រាចារ្យ បន្លំខ្លួនជាទេវៈដើម្បីផឹកទឹកអម្រឹត តែត្រូវព្រះវិស្ណុប្រើចក្រកាត់ដាច់ជាពីរ ធ្វើឲ្យក្លាយជាអាទិទេពពីរឈ្មោះ រាហុ និង កេតុ។ រាហុគេជឿថាតំណាងសំណាងល្អ និងកេតុតំណាងសំណាងអាក្រក់។ ពួកទាំងពីរនេះតែងតែសងសឹកព្រះច័ន្ទ និងព្រះអាទិត្យ ដោយជឿថា ការរលោងព្រះច័ន្ទ និងព្រះអាទិត្យ គឺជាសញ្ញានៃការលេបបន្លិចរបស់រាហុ។

រឿងនេះបង្ហាញពីការប្រកួតប្រជែងរវាងសេចក្តីល្អនិងអាក្រក់ ប៉ុន្តែសេចក្តីល្អ (ទេវៈ) តែងឈ្នះជានិច្ច។ វាក៏បង្រៀនអំពីសារៈសំខាន់នៃសមគ្គីភាព ការប្រើប្រាស់យុត្តិធម៌ និងការយកចិត្តទុកដាក់ក្នុងការសម្រេចគោលដៅ។ ទោះជាមនុស្សមានភាពខុសគ្នា តែបើសហការគ្នាយ៉ាងស្មោះត្រង់ នឹងអាចសម្រេចជោគជ័យដូចពួកទេវៈដែលទទួលបានទឹកអម្រឹត។

អត្ថបទ៖ កណ្ណិការ