
នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ យើងតែងតែប្រាថ្នាចង់បានភាពត្រឹមត្រូវ ការទទួលស្គាល់ និងភាពជោគជ័យ។ ប៉ុន្តែមានឧបសគ្គមើលមិនឃើញមួយ ដែលតែងតែរារាំងយើងមិនឱ្យឈានទៅដល់សក្តានុពលពេញលេញរបស់ខ្លួនឯង នោះគឺ «ការបិទចិត្ត» ឬការប្រកាន់ខ្ជាប់នូវគំនិតខ្លួនឯងខ្លាំងពេក។
តើអ្នកធ្លាប់មានអារម្មណ៍មួម៉ៅ នៅពេលនរណាម្នាក់មានយោបល់ផ្ទុយពីអ្នកដែរឬទេ? តើអ្នកធ្លាប់បដិសេធឱកាសថ្មី ព្រោះតែអ្នកគិតថាវិធីចាស់របស់អ្នកល្អបំផុតហើយឬនៅ? បើចម្លើយគឺ «ធ្លាប់» នោះវាដល់ពេលហើយដែលយើងត្រូវកែប្រែខ្លួនត្រឡប់មករៀនពីសិល្បៈនៃការ «បើកចិត្តឱ្យទូលាយ»។
ជាធម្មជាតិ មនុស្សយើងតែងតែមានទំនោរការពារទៅលើជំនឿ និងគំនិតរបស់ខ្លួនឯងខ្លាំងជាជាងស្តាប់យោបល់អ្នកដទៃ។ យើងតែងបង្កើត «តំបន់សុវត្ថិភាព» មួយដែលយើងគិតថាអ្វីៗដែលយើងដឹងគឺត្រឹមត្រូវបំផុត។ ប៉ុន្តែ អ្នកប្រាជ្ញបុរាណបានពោលថា «ពែងដែលមានទឹកពេញ មិនអាចចាក់ទឹកថែមបានឡើយ»។ ចិត្តរបស់យើងក៏ដូចគ្នា បើយើងពោរពេញទៅដោយការប្រកាន់ខ្ជាប់ថាខ្លួនឯងចេះអស់ហើយ នោះចំណេះដឹងថ្មីៗ និងទស្សនៈប្លែកៗនឹងមិនអាចហូរចូលមកក្នុងខួរក្បាលរបស់អ្នកបានទេ។
វីធីដែលល្អបំផុតដែលអាចជួយអ្នកទាំងចំណេះដឹង និងផ្លូវចិត្ត ឲ្យកាន់តែល្អប្រសើរឡើងនោះគឺ ការរៀនបើកចិត្ត មិនមែនមានន័យថាអ្នកត្រូវតែបោះបង់គោលជំហររបស់ខ្លួនឯងចោលទាំងស្រុងនោះទេ តែវាមានន័យថា អ្នកព្រមទុកចន្លោះមួយដើម្បីពិចារណាថា៖ "តើវាអាចទៅរួចទេ ដែលជ្រុងម្ខាងទៀតនៃបញ្ហានេះ ខ្ញុំមិនទាន់បានមើលឃើញ?"
យ៉ាងណាមិញ សត្រូវដ៏ធំបំផុតនៃការបើកចិត្តគឺ «អត្តា» ។ អត្តា តែងតែខ្សឹបប្រាប់យើងថា ការទទួលស្គាល់កំហុសគឺជាភាពបរាជ័យ។ ប៉ុន្តែនៅក្នុងពិភពពិតនៃភាពជាក់ស្តែង មនុស្សដែលបើកចិត្តទូលាយ គឺជាមនុស្សដែលរឹងមាំបំផុត។ ពួកគេហ៊ាននិយាយថា "ខ្ញុំមិនដឹង" ឬ "សូមជួយពន្យល់ខ្ញុំបន្ថែមផង"។
នៅពេលដែលយើងបន្ទាបចុះអត្តា ហើយចាប់ផ្តើមស្តាប់ដោយមិនវិនិច្ឆ័យ យើងនឹងរកឃើញថា ពិភពលោកនេះធំទូលាយជាងអ្វីដែលយើងធ្លាប់គិតពីមុនមក។ យើងនឹងចាប់ផ្តើមយល់ពីអារម្មណ៍របស់អ្នកដទៃ ដែលគេហៅថាEmpathy ដែលធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងមនុស្សក្នុងសង្គម កាន់តែមានភាពចុះសម្រុងគ្នា ស្អិតរមួត និងកក់ក្តៅ។
ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរពីចិត្តចង្អៀត មកជាចិត្តទូលាយ មិនអាចធ្វើបានត្រឹមមួយយប់នោះទេ វាទាមទារការអនុវត្តជាប្រចាំ៖
ទីមួយ គឺការ «ស្តាប់ដើម្បីយល់ មិនមែនស្តាប់ដើម្បីតបត»។ ជំនួសឱ្យការត្រៀមពាក្យសម្តីដើម្បីឈ្នះនៅក្នុងការសន្ទនា ចូរព្យាយាមស្តាប់ដោយយកចិត្តទុកដាក់។ ទីពីរ គឺការ «ប្តូរការវិនិច្ឆ័យ ទៅជាការចង់ចេះចង់ដឹង»។ នៅពេលឃើញអ្វីដែលខុសពីទម្លាប់របស់អ្នក កុំប្រញាប់រិះគន់។ ចូរសួរខ្លួនឯងថា ហេតុអ្វីបានជាគេធ្វើបែបនោះ? តើមានហេតុផលអ្វីនៅពីក្រោយ?
ដូច្នេះ ជីវិត គឺជាការរៀនសូត្រដែលគ្មានទីបញ្ចប់។ ការបើកចិត្តឱ្យទូលាយ ប្រៀបបាននឹងការបើកបង្អួចនៃជីវិត ដើម្បីឱ្យខ្យល់បរិសុទ្ធ និងពន្លឺនៃបញ្ញាចូលមក។ នៅពេលដែលចិត្តរបស់អ្នកទូលាយ បញ្ហារបស់អ្នកនឹងមើលទៅតូចជាងមុន ហើយសេចក្តីសុខនឹងកើតមានងាយជាងមុន៕
អត្ថបទ៖ កណ្ណិការ